Close

ADB សម្រេចគាំទ្រលើយុទ្ធសាស្រ្តចក្រារបស់ក្រសួងបរិស្ថាន

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ADB សម្រេចគាំទ្រលើយុទ្ធសាស្រ្តចក្រារបស់ក្រសួងបរិស្ថាន ADB សម្រេចគាំទ្រលើយុទ្ធសាស្រ្តចក្រារបស់ក្រសួងបរិស្ថាន

ភ្នំពេញ៖ លោកស្រី ជូសាណា វាម៉ា(Jyotsana Varma) បានលើកឡើងពីការប្តេជ្ញាចិត្តចូលរួមសហការ​ជាមួយក្រសួងបរិស្ថាន ជាពិសេសគាំទ្រដល់គំនិតផ្តួចផ្តើមនៃអាទិភាព គឺភាពស្អាត ភាពបៃតង និង ចីរភាព។

ការលើកឡើងបែបនេះរបស់លោកស្រីនាយកប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី ADB ធ្វើឡើង ក្នុងពេលទទួលបានការអនុញ្ញាតជួបសំដែងការគួសម និងពិភាក្សាការងារ ជាមួយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី ០១ វិច្ឆិកា ឆ្នាំ២០២៣។

ក្នុងនោះ លោកស្រី ជូសាណា វាម៉ា(Jyotsana Varma) បានអះអាងថា ADB នឹងបន្តកិច្ចសហការ​ និងគាំទ្រដល់សកម្មភាពរបស់ក្រសួងបរិស្ថាន ស្របតាមទស្សនវិស័យស្អាត បៃតង និងចីរភាព។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណ ចំពោះធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលតែងតែមានការគាំទ្រមកដល់ប្រទេសកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កន្លងមក ហើយឆ្លើយតបនឹងការងារអាទិភាពរបស់ក្រសួងដែលបានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន​ ឆ្នាំ​២០២៣-២០២៨។

យុទ្ធសាស្ត្ររបស់ក្រសួងនេះដែរ ត្រូវបានបង្កើតឡើង ដោយអនុលោមតាម «យុទ្ធសាស្រ្តបញ្ច​កោណ» ដំណាក់​កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧រដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ផ្អែកលើមូលដ្ឋាននៃគោលនយោបាយ និងយុទ្ធ​សាស្រ្ត​ជាតិ​ដែល​មានជាធរមាន ព្រមទាំងក្របខណ្ឌអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ ដើម្បីតម្រង់ទិស ចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន សុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅធានាសម្រេច​គោលដៅ​នៃយុទ្ធសាស្រ្តបញ្ចកោណ គឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ ៦០ភាគរយ នៅឆ្នាំ២០៥០»៕

អត្ថបទទាក់ទង