Close

ក្រសួងទេសចរណ៍ ពង្រឹង និងបង្កើតឱកាសការងារដល់យុវជន ដើម្បីទទួលបានប្រាក់ចំណូលសមរម្យក្នុងវិស័យទេសចរណ៍

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ក្រសួងទេសចរណ៍ ពង្រឹង និងបង្កើតឱកាសការងារដល់យុវជន ដើម្បីទទួលបានប្រាក់ចំណូលសមរម្យក្នុងវិស័យទេសចរណ៍ ក្រសួងទេសចរណ៍ ពង្រឹង និងបង្កើតឱកាសការងារដល់យុវជន ដើម្បីទទួលបានប្រាក់ចំណូលសមរម្យក្នុងវិស័យទេសចរណ៍

សៀមរាប ៖  មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានអះអាងថា ការបង្កើតឱកាសការងារដល់យុវជន គឺដើម្បីផ្តល់ឪកាសឲ្យទទួលបានប្រាក់ចំណូលសមរម្យ និងមានវិថីអភិវឌ្ឍន៍ជំនាញច្បាស់លាស់គឺជាតួនាទីរបស់ស្ថាប័ន និងភាគីពាក់ព័ន្ធ។

ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍បានថា ការអភិវឌ្ឍធនធានមនុស្ស ក្រសួងទេសចរណ៍បានដាក់ចុះនូវយុទ្ធនាការ “បុគ្គលិកម្នាក់ ជំនាញមួយ (One Employee, One Skill)” ដែលមានបញ្ជូលក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ដោយផ្តោតលើបរិមាណ និងគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍន៍វិស័យទេសចរណ៍ ដែលមានតម្រូវការអ្នកជំនាញប្រមាណ ១,១លាននាក់ នៅឆ្នាំ២០៣០ និងប្រមាណ ១,៤លាននាក់ នៅឆ្នាំ២០៣៥ ដើម្បីឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ SDG 4 និង SDG 8។

លោកស្រី ម៉ៅ សុផានី នាយិកា នៃអង្គការស្លាបព្រាកម្ពុជា ដែលជាដៃគូជួយបណ្តុះបណ្តាលចំណេះ និងជំនាញផ្នែកទេសចរណ៍ បានបញ្ជាក់ថា អង្គការបានខិតខំយ៉ាងសកម្មក្នុងការផ្តល់ឲ្យយុវជនដែលខ្វះលទ្ធភាពនៅក្នុងប្រទេសកម្ពុជា ដើម្បីឲ្យពួកគាត់អាចពឹងពាក់ខ្លួនឯងបាន តាមរយ:ការផ្តល់នូវការអប់រំ បណ្តុះបណ្តាល និងឱកាសការងារ នៅក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ច និងប្រើប្រាស់វិធីសាស្រ្តដែលមានសារ:សំខាន់ផ្តោតទៅលើការអភិវឌ្ឍបំណិនជីវិត ដើម្បីឲ្យសហគមន៍កម្ពុជា ជាកន្លែងដែលមនុស្សគ្រប់រូបមានឱកាសស្មើគ្នា និងមានឯករាជ្យភាព និងសមត្ថភាព បង្កើតជីវិតផ្ទាល់ខ្លួនឲ្យកាន់តែប្រសើរ។

លោកស្រីបានបន្តថា នៅក្នុងឆ្នាំសិក្សា២០២២-២០២៣នេះ អង្គការស្លាបព្រាកម្ពុជា បានបណ្ដុះបណ្ដាលសិក្ខាកាមចំនួន៥៩នាក់ លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងគេហៈកិច្ច ជំនាញធ្វើម្ហូប ជំនាញបារីស្តា/ឆុងកាហ្វេ និងការបំប៉នសមត្ថភាពអតីតសិស្ស ចំនួន២៥នាក់ទៀតផង។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា គិតត្រឹម៩ខែ ឆ្នាំ២០២៣នេះ មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងខេត្តសៀមរាប ទើបតែបើកដំណើរការឡើងវិញបានចំនួន៧១% នៃចំនួនអាជីវកម្មសរុប ១,១៦៥ទីតាំង ក្នុងនោះសណ្ឋាគារបានបើកឡើងវិញប្រមាណ១៤៨ទីតាំង ស្មើនឹង៧៩២៦បន្ទប់ ស្មើនឹង ៦៥% ផ្ទះសំណាក់ ២១៣ទីតាំងស្មើនឹង៣,៧៣៥បន្ទប់ និងភោជនីយដ្ឋាន ១២០ទីតាំង ស្មើនឹង ៦១% ខណៈដែលចំនួនទេសចរដែលមកដល់ខេត្តសៀមរាបវិញ មានជើងហោះហើរចូលចំនួនជាង២០ជើងក្នុងមួយថ្ងៃ ហើយមានអ្នកដំណើរចំនួនចន្លោះពី ២,០០០ ទៅ ២,៦០០នាក់ ហើយភ្ញៀវទេសចរអន្តរជាតិដែលទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរមានចំនួនសរុបប្រមាណ ៥៤ម៉ឺននាក់ ក្នុងរយៈពេល៩ខែឆ្នាំ២០២៣៕



អត្ថបទទាក់ទង