Close

សម្ដេចធិបតីលើកទឹកចិត្តឱ្យពលរដ្ឋដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ
សម្ដេចធិបតីលើកទឹកចិត្តឱ្យពលរដ្ឋដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សម្ដេចធិបតីលើកទឹកចិត្តឱ្យពលរដ្ឋដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

កំពង់ស្ពឺ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តប្រជាពលរដ្ឋ ស្ម័គ្រចិត្តដោះស្រាយវិវាទតាមយន្តការក្រៅប្រព័ន្ធតុលាការ ខណៈរាជរដ្ឋាភិបាលទើបតែអនុម័តសេចក្ដីព្រាងព្រះរាជក្រឹត្យ ស្តីពី ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលសាលាខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ទោះបីយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មិនមានចរិតចាប់បង្ខំ ដូចយន្តការតុលាការ ក៏ប៉ុន្តែជាប្រពៃណីទៅហើយដែលយន្តការនេះ បានរួមចំណែកបញ្ចប់ទំនាស់ផ្សេងៗយ៉ាងច្រើននៅតាមមូលដ្ឋានភូមិ ឃុំ សង្កាត់ តាមរយៈការចេញមុខសម្របសម្រួលពីអាជ្ញាធរមូលដ្ឋាន ឬចាស់ទុំជាដើម។

សម្ដេចធិបតី បានបញ្ជាក់ឡើងវិញថា ផលប្រយោជន៍នៃការបង្កើតយន្តការនេះ គឺដើម្បីបង្ខិតសេវាយុត្តិធម៌ប្រកបដោយប្រសិទ្ធភាព គុណភាព និងឆាប់រហ័សឱ្យបានកាន់តែជិតប្រជាពលរដ្ឋនៅមូលដ្ឋាន ផ្ដល់ជូនប្រជាពលរដ្ឋនូវយន្តការដោះស្រាយវិវាទមួយដែលអាចធានាបាននូវបរិយាកាសសន្តិភាព និងភាពសុខដុមរមនាក្នុងសង្គម តាមគោលការណ៍ឈ្នះៗ និងជាពិសេសគឺជួយដោះស្រាយការកកស្ទះសំណុំរឿងនៅតាមតុលាការ។

ផលនៃការជួយដោះស្រាយការកកស្ទះសំណុំរឿងនៅតុលាការ ត្រូវបាន សម្ដេចធិបតី ពន្យល់ក្នុងន័យដើមថា«ទំនាស់ដែលបានដោះស្រាយហើយ(និងមានការព្រមព្រៀងទទួលយកលទ្ធផល) តាមយន្តការក្រៅប្រព័ន្ធតុលាការនេះ ត្រូវចាត់ទុកថាបានដោះស្រាយរួចរាល់ជាស្ថាពរដោយមិនចាំបាច់ប្ដឹងបន្តទៅតុលាការ ព្រោះកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដោយ(មានការចូលរួម)ពីអាជ្ញាធរនេះ មានអនុភាពអនុវត្តដូចសាលក្រមស្ថាពរតុលាការ»។

ដើម្បីបន្ថែមការជំរុញនិងលើកទឹកចិត្តឱ្យពលរដ្ឋដោះស្រាយវិវាទតាមយន្តការក្រៅប្រព័ន្ធតុលាការ សម្ដេចធិបតី បានណែនាំជាថ្មីទៀត ឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ត្រៀមលក្ខណៈធ្វើយុទ្ធនាការផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យពួកគាត់បានដឹង និងចូលរួម ដោយបញ្ជាក់ជាថ្មីទៀតថា«ការដោះស្រាយរកយុត្តិធម៌ មិនចាំបាច់ទាល់តែតុលាការទេ គឺដោះស្រាយរកការសម្រុះសម្រួល ហើយភាគីទាំងសងខាងយល់គ្នា ឯកភាពគ្នា ដើម្បីបញ្ចប់រឿង ដើម្បីឈ្នះៗទាំងអស់គ្នា»។

សូមបញ្ជាក់ថារាជរដ្ឋាភិបាល ទើបតែអនុម័តសេចក្ដីព្រាងព្រះរាជក្រឹត្យ ស្តីពី ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣។ សេចក្ដីព្រាងព្រះរាជក្រឹត្យនេះ មាន៦ជំពូក និង២២មាត្រា និងបានកំណត់អំពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទនៅព្រះរាជាណាចក្រកម្ពុជា។

គួរកត់សម្គាល់ថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សរសេរកាត់ថា អ.ដ.ក. នឹងត្រូវបង្កើតឡើងដើម្បីដោះស្រាយក្រៅប្រព័ន្ធតុលាការ នូវវិវាទរដ្ឋប្បវេណី វិវាទពាណិជ្ជកម្ម និងវិវាទដទៃទៀត តាមរយៈការសម្រុះសម្រួលផ្សះផ្សាដោយផ្អែកតាមកិច្ចព្រមព្រៀងរបស់ភាគីវិវាទ ឬតាមការស្នើសុំរបស់ភាគីវិវាទ ឬដែលភាគីវិវាទយល់ព្រមទទួលយកយន្តការសម្រុះសម្រួលផ្សះផ្សានេះ លើកលែងតែវិវាទដែលមិនអាចជាកម្មវត្ថុ នៃការសម្រុះសម្រួលផ្សះផ្សា តាមកំណត់របស់ច្បាប់។ នេះបើតាមសេចក្ដីព្រាងព្រះរាជក្រឹត្យ៕

អត្ថបទទាក់ទង