កម្ពុជាចូលរួមកិច្ចប្រជុំឧត្តមមន្ដ្រីពាណិជ្ជកម្ម ដើម្បីពិភាក្សាបញ្ហាប្រឈមរបស់ពិភពលោក
(ទីក្រុងហ្សឺណែវ ប្រទេសស្វីស)៖ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំមន្ដ្រីក្រសួងពាណិជ្ជកម្ម និងស្ថានបេសកកម្ម អចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្ដរជាតិពាក់ព័ន្ធ សេដ្ឋកិច្ច ពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំឧត្តមមន្ដ្រីពាណិជ្ជកម្ម (ថ្នាក់អនុរដ្ឋមន្ដ្រី) របស់អង្គការ WTO។
កិច្ចប្រជុំនេះធ្វើឡើងកាលពីថ្ងៃទី ២៣ និងថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៣កន្លងទៅ ដែលមានការចូលរួមពីប្រទេសជាសមាជិក ១៦៤ និងប្រទេសសង្កេតការណ៍មួយចំនួន ដែលមានសមាជិក ចូលរួមប្រហែល១០០០ នាក់ នៅទីក្រុងហ្សឺណែវ នៃប្រទេសស្វីស។
យ៉ាងណាមិញ កិច្ចប្រជុំបានពិភាក្សាយ៉ាងយកចិត្តទុកដាក់លើប្រធានបទសំខាន់ៗដែលកំពុងកើត មានលើពិភពលោកដូចជា កសិកម្មនិងសន្តិសុខ ស្បៀង ពាណិជ្ជកម្មនិងការអភិវឌ្ឍ កំណែទម្រង់ប្រព័ន្ធដោះស្រាយវិវាទពាណិជ្ជកម្ម ការចរចាកិច្ច ព្រមព្រៀងស្ដីពីឧបត្ថម្ភធនលើកទី២ ពាណិជ្ជកម្មនិរន្តរភាពបរិស្ថាន ពាណិជ្ជកម្ម គោលនយោបាយឧស្សាហកម្ម និងពាណិជ្ជកម្មផងដែរ។
ដោយឡែក កិច្ចប្រជុំនេះមានគោលបំណងធ្វើការពិនិត្យ និងជំរុញការអនុវត្ត ឬចរចាបញ្ហា ដែលនៅសេសសល់ពី សន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១២ ព្រមទាំងផ្ដល់ការណែនាំផ្នែកនយោបាយ សម្រាប់ត្រៀមរៀបចំ របៀបវារៈនៃកិច្ចប្រជុំសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៣ ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ នាទីក្រុងអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម នាពេលខាងមុខ៕