Close

រដ្ឋមន្ត្រីក្រសួងកសិកម្មជួបពិភាក្សាការងារជាមួយ KOICA ដើម្បីបន្តជំរុញវិស័យកសិកម្មឱ្យកាន់តែប្រសើរ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងកសិកម្មជួបពិភាក្សាការងារជាមួយ KOICA ដើម្បីបន្តជំរុញវិស័យកសិកម្មឱ្យកាន់តែប្រសើរ រដ្ឋមន្ត្រីក្រសួងកសិកម្មជួបពិភាក្សាការងារជាមួយ KOICA ដើម្បីបន្តជំរុញវិស័យកសិកម្មឱ្យកាន់តែប្រសើរ

នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមជាមួយកញ្ញា Moonjung CHOI នាយកទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការ និងបន្តធ្វើការសហការ ជិតស្និទ្ធជាមួយគ្នា ដើម្បីចូលរួមជួយវិស័យកសិកម្មកម្ពុជាស្របតាមគោលនយោបាយ នៃរាជ រដ្ឋាភិបាលកម្ពុជា​ នីតិកាលទី៧ ឱ្យមានសន្តិសុខស្បៀង និងប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ ជាពិសេសចូលរួមជំរុញសហគមន៍កសិកម្មតាមគំរូថ្មី។

ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គោលនយោបាយវិស័យកសិកម្មថ្មី ផ្តោតអាទិភាពលើការដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ ដើម្បីជួយគាំទ្រដល់កសិករក្នុងខ្សែ ច្រវាក់ផលិតកម្ម និងអន្តរាគមន៍ផ្សេងៗបានទាន់ពេលវេលា។

ម្យាងទៀត ការជំរុញសហគមន៍កសិកម្មគំរូថ្មី ដែលមានទុននិងធនធានគ្រប់គ្រាន់ ក្នុងការ​ធ្វើផលិតកម្មកសិកម្មក្នុងទ្រង់ទ្រាយធំ និងអាចធ្វើកិច្ចសន្យាជាមួយអ្នកវិនិយោគ បានប្រកប​ដោយទំនុកចិត្ត។ លើសពីនេះទៀត កម្ពុជាមានមន្ទីរពិសោធន៍ជាតិ ដែលមាន សមត្ថភាពត្រួត​ពិនិត្យគុណភាពផលិតកសិកម្ម ដើម្បីធានាសុវត្ថិភាពផលិតផលសម្រាប់អ្នក ប្រើប្រាស់។

បើតាមឯកឧត្តមរដ្ឋមន្ត្រី ជាគោលនយោបាយគឺត្រូវធ្វើយ៉ាងណាត្រូវកាត់បន្ថយថ្លៃដើមផលិត ដើម្បីឱ្យកសិករទទួលបានផលចំណេញច្រើន ដោយក្នុងនោះមានកិច្ចការមួយចំនួនដែលត្រូវការ សហការចូលរួមដោះស្រាយដោយយកចិត្តទុកដាក់ ដូចជា ផ្នែកថាមពលនិងប្រព័ន្ធស្រោចស្រព តាមរបៀបឆ្លាតវៃ ព្រមទាំងការគ្រប់គ្រងគុណភាពដីកសិកម្ម។

ទាក់ទងនឹងកសិកម្មឆ្លាតវៃទំនើបនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យភាគីកូរ៉េ ពិនិត្យលទ្ធភាព សហការជាមួយសាកលវិទ្យាល័យកសិកម្មលើការសិក្សាស្រាវជ្រាវបន្ត។

ភាគីទាំងពីរបានលើកឡើងអំពីការបន្តកិច្ចសហការបន្ថែមទៀត ធ្វើការពិនិត្យតាមដានជាមួយគ្នាក្នុង ការអនុវត្តគម្រោងឱ្យមានប្រសិទ្ធភាព និងមាននិរន្តរភាពពិតប្រាកដ ដែលនឹងជួយនិងផ្តល់ប្រយោជន៍ ដល់កសិករ៕

អត្ថបទទាក់ទង