ដោយអង្គការ WWF រៀបចំពិព័រណ៍រូបថត «សត្វផ្សោតទន្លេមេគង្គកម្ពុជា» សំដៅទាញការចូលរួម អភិរក្សសត្វផ្សោត
អង្គការ WWF កាលពីថ្ងៃទី១៨កន្លងទៅថ្មីៗនេះ បានរៀបចំកម្មវីធីសម្ពោធពិព័ររូបថតអំពី «សត្វផ្សោតទន្លេមេគង្គកម្ពុជា» នៅវិទ្យាស្ថានភាសាបារាំង។ កម្មវិធីនេះផងដែរ មានការចូលរួម ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម។
ក្នុងនាមជាអង្គការដែលតែងយកចិត្តទុកដាក់លើការអភិរក្សសត្វជិតផុតពូជ ក៏ដូចជាការពារបរិស្ថាន WWF បានដាក់ក្ដីរំពឹងថា ពិព័រណ៍រូបថតដែលនឹងធ្វើឡើងក្នុងរយៈពេលពេញមួយខែនេះ នឹងទទួលបានការចូលរួមពីប្រជាជន ជាពិសេសយុវជន សិស្សានុសិស្ស ដែលជាធនធានមនុស្សដ៏ មានសក្កានុពលទៅថ្ងៃខាងមុខ។
ជាមួយនឹងគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងថា សត្វផ្សោតសព្វថ្ងៃនេះ ត្រូវការ និងទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដើម្បីរួមចំណែកការពារ និងអភិរក្សសត្វផ្សោត ឱ្យបានគង់វង្ស និងធ្វើយ៉ាងណាជំរុញឱ្យមានចំនួនកើនឡើង ដើម្បីទុកជារតនសម្បត្តិធម្មជាតិ។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរជុំវិញទន្លេ មិនត្រូវនេសាទខុសច្បាប់ តាមរយៈការប្រើសន្ទូចរនង ដែលនាំឱ្យប៉ះពាល់ដល់អាយុជីវិតផ្សោត ពីព្រោះសត្វផ្សោត នាំមកនូវអត្ថប្រយោជន៍ជាច្រើន ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍មូលដ្ឋានជាដើម។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តសាធារណជនចូលរួមទប់ស្កាត់ និងរាយការណ៍ព័ត៌មាន នៅពេលបានជួប និងឃើញបទល្មើសនេសាទខុសច្បាប់កើតឡើងមានឡើងនៅតំបន់អភិរក្សសត្វផ្សោត ខណៈបញ្ហាសត្វផ្សោត កាន់តែត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងដៃគូពាក់ព័ន្ធ ដើម្បីរួមគ្នាថែរក្សាទុកជារតនសម្បត្តិធម្មជាតិ ដល់កូនចៅគ្រប់ជំនាន់ឱ្យបានស្គាល់៕