Close

ពិពិព័រណ៍ម្ហូបអាហារអន្តរជាតិនៅប្រទេសអាល្លឺម៉ង់ ជាភាពជោគជ័យមួយកម្រិតទៀតរបស់វិស័យ ស្រូវអង្ករ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ពិពិព័រណ៍ម្ហូបអាហារអន្តរជាតិនៅប្រទេសអាល្លឺម៉ង់ ជាភាពជោគជ័យមួយកម្រិតទៀតរបស់វិស័យ ស្រូវអង្ករ ពិពិព័រណ៍ម្ហូបអាហារអន្តរជាតិនៅប្រទេសអាល្លឺម៉ង់ ជាភាពជោគជ័យមួយកម្រិតទៀតរបស់វិស័យ ស្រូវអង្ករ

ពិព័រណ៍អន្តរជាតិផ្នែកម្ហូបអាហារ និងភេសជ្ជៈ (Anuga Food Fair 2023) នៅទីក្រុងកូឡូញ ប្រទេសអាឡឺម៉ង់ កាលពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នាមជ្ឈមណ្ឌល ANUGA HORIZON ទីក្រុងកូឡូញ ប្រទេសអាឡឺម៉ង ទទួលបានភាពជោគជ័យគួរឱ្យកត់សម្គាល់។

យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា ព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារអន្តរជាតិ នៅទីក្រុងកូឡូញ ប្រទេសអាឡឺម៉ង់ទទួលបានការចាប់អារម្មណ៍ពីអ្នកនាំចូលអង្ករនៅលើពិភពលោក។

ក្រោមកិច្ចដឹកនាំរបស់ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ចាន់ សុឃាំង បានដឹកនាំ​សមាជិកចំនួន ៨ ក្រុមហ៊ុនពីកម្ពុជាបានទៅចូលរួមដាក់តាំងផលិតផលក្នុងពិព័រណ៍នោះ រួមមាន
ក្រុមហ៊ុន GOLDEN RICE (CAMBDODIA) CO.,LTD, ក្រុមហ៊ុន KAMPONG THOM RICE MILL LIMITED ក្រុមហ៊ុន SINGATURE OF ASIA CO., LTD ក្រុមហ៊ុន PRIMALIS CORPERATION, LTD., ក្រុមហ៊ុន CITY RICE IMPORT EXPORT CO., LTD ក្រុមហ៊ុន AMRU RICE (CAMBODIA) CO.LTD, ក្រុមហ៊ុន LOR EAK HENG SEK MEAS RICE CO, LTD និងក្រុមហ៊ុន EANG HEANG IMPORT EXPORT CO., LTD។

នៅក្នុងដំណើរនៃការចូលរួមរបស់កម្ពុជាមានប្រតិភូចំនួន ២៧រូប មកពីក្រសួងពាណិជ្ជកម្ម សហគ្រិនខ្មែរ សហព័ន្ធស្រូវអង្ករកម្ពុជា និងសមាជិកដែលជាអ្នកតាំងពិព័រណ៍។

ក្នុងនោះផងដែរ សហព័ន្ធស្រូវអង្ករកម្ពុជាទទួលបានការឧបត្ថម្ភថវិកាពីក្រសួងពាណិជ្ជកម្ម និងសហគ្រិនខ្មែរ (Khmer Enterprise) ។ ដែលការឧបត្ថម្ភនេះនឹងជំរុញឱ្យ​មានការរៀបចំរចនាលម្អ​ពន្លាស្រូវអង្ករបានមួយកម្រិតទៀតដើម្បី​ទទួលបានការចាប់អារម្មណ៍ចូល​ទស្សនា និងពិភាក្សាការងារ​ដោយផ្ទាល់ជាមួយអ្នកអាជីពផ្នែកនាំ​ចូលអង្ករចំនួន ៨៥០ ក្រុមហ៊ុន ក៏ដូចជាសមាជិកទាំង ៨ក្រុមហ៊ុនរបស់សហព័ន្ធស្រូវអង្ករ។

ដំណើរការនៃការរៀបចំពន្លានេះ គឺជាការងារដ៏ជោគជ័យមួយក្រោមកិច្ចសហប្រតិបត្តិការ ភាពជាដៃគូរ រវាងរដ្ឋ និងឯកជន (Public and Private Partnership) លើដំណើរការ​ផ្សព្វផ្សាយអង្ករកម្ពុជា។

គួររំលឹកថា ព្រឹត្តិការណ៍ Anuga Food Fair មានអាយុកាល ១១៣ឆ្នាំហើយ និងជាព្រឹត្តិការណ៍តាំង​បង្ហាញម្ហូបអាហារដ៏​ធំបំផុតរបស់ពិភពលោក ដែលប្រព្រឹត្តិឡើងនៅរៀងរាល់ ២ឆ្នាំម្តងលើផ្ទៃដីចំនួន ២៨៤ ០០០ ម៉ែត្រការ៉េនៅក្នុងសហសាលចំនួន ១១។

សំរាប់ឆ្នាំ២០២៣មានក្រុមហ៊ុនផ្នែកម្ហូបអាហារចំនួន ៧ ៩០០ ក្រុមហ៊ុនមកពី ១១៨ ប្រទេស​នៅជុំវិញ ពិភពលោក ដែលមានភ្ញៀវអាជីពចំនួន ១៤០ ០០០ នាក់ មកពីជាង ២០០ប្រទេស មកទស្សនា និងពិភាក្សាការងារពាណិជ្ជកម្មអង្ករ៕

អត្ថបទទាក់ទង