កម្ពុជា-ហុងគ្រី បន្តកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅ
(ភ្នំពេញ)៖ នាថ្ងៃចុងសប្តាហ៍កន្លងទៅនេះ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម លោក ជំទាវ តឹក រ៉េតកំរង បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្ដម Tibor BALOGHDI ឯកអគ្គរដ្ឋទូតប្រទេសហុងគ្រីប្រចាំកម្ពុជា។
ជំនួបនេះដែរធ្វើឡើងដើម្បីពិភាក្សាពីវឌ្ឍនភាព និងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យឱ្យកាន់តែល្អប្រសើរថែមទៀត ជាពិសេសលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។
ក្នុងឱកាសនោះ លោកជំទាវ តឹករ៉េតកំរង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានលើកឡើងអំពីការត្រៀមលក្ខណៈរបស់ភាគីកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំលើកទី២ នៃគណៈកម្មការចម្រុះ ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា-ហុងគ្រី (JCEC) នាពេលខាងមុខ ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងារ និងកំណត់វិស័យអាទិភាពនិងផែនការសកម្មភាពសម្រាប់អនុវត្តបន្ត ដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។
ជាកិច្ចឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណនូវការផ្តល់កិច្ចសហប្រតិបត្តិការបានយ៉ាងល្អរបស់ក្រសួងពាណិជ្ជកម្មដល់ភាគីហុងគ្រីនាពេលកន្លងមក និងបានបង្ហាញឆន្ទៈមោះមុត ក្នុងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ជាពិសេសវិស័យអាទិភាពរួមមាន៖ ពាណិជ្ជកម្ម កសិកម្ម និងធនធានទឹក។
ក្នុងកិច្ចជំនួបនេះដែរ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការត្រៀមរៀបចំកិច្ចប្រជុំលើកទី២ នៃ JCEC តាមប្រព័ន្ធ Hybrid នាពេលឆាប់ៗខាងមុខ ដែលក្នុងនោះក៏មានការរៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេសរវាងភាគីទាំងពីរតាមប្រព័ន្ធវីដេអូ ដើម្បីត្រួតពិនិត្យនូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងស្វែងរកធាតុចូលថ្មីៗបន្ថែមទៀត ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពការងារ និងសមិទ្ធផលតាមគោលដៅកំណត់។
បន្ថែមពីនេះ ភាគីទាំងពីរបានបង្ហាញចំណាប់អារម្មណ៍ក្នុងការផ្លាស់ប្ដូរទស្សនៈកិច្ចសិក្សាស្វែងយល់អំពីសក្ដានុពលពាណិជ្ជកម្ម និងវិនិយោគរវាងសភាពាណិជ្ជកម្មទាំងពីរ។
មិនត្រឹមតែប៉ុណ្ណោះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការផ្ដល់អាហារូបករណ៍ដល់និស្សិត និងមន្ត្រីរាជការកម្ពុជា និងផ្លាស់ប្ដូរយោបល់ទៅលើ ការទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP+ របស់សហភាពអឺរ៉ុប បន្ទាប់ពីកម្ពុជាចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួចនាពេលខាងមុខ។
គួរបញ្ជាក់ថា ពាណិជ្ជកម្មរវាងកម្ពុជា-ហុងគ្រីសម្រេចបានក្នុងទំហំប្រមាណ ៧,៤៤ លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២២ កើនឡើង ៨៩% ធៀបនឹងឆ្នាំ២០២១។ រីឯទំនិញនាំចេញសក្តានុពលពីកម្ពុជាទៅហុងគ្រីរួមមាន៖ គ្រាប់ធញ្ញជាតិ សម្លៀកបំពាក់ ស្បែកជើង ថ្នាំជក់ និងឧបករណ៍អគ្គិសនីឬបរិធានមេកានិកជាដើម។ សម្រាប់ទំនិញនាំចូលសក្តានុពលពីហុងគ្រីមកកម្ពុជាវិញ រួមមាន៖ ផលិតផលឱសថ ម៉ាស៊ីននិងបរិធានមេកានិក ប្រដាប់ប្រដារក្មេងលេង ផលិតផលធ្វើពីទឹកដោះ និងគីមីសរីរាង្គជាដើម៕