ណាតូ បង្កើនការហោះហើរ ដើម្បីស៊ើបការណ៍ក្បែរតំបន់ Crimea ដែលកំពុងកាន់កាប់ដោយរុស្ស៊ី
បរទេស ៖ កាសែតរុស្ស៊ី RIA Novosti កាលពីថ្ងៃពុធម្សិលមិញនេះបានធ្វើសេចក្តីរាយការណ៍ថា បណ្តាសមាជិករបស់អង្គការណាតូជាច្រើនប្រទេសបាននាំគ្នាបង្កើនការហោះហើរបែបស៊ើបការណ៍យ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះលើតំបន់ Crimea ជាពិសេសតំបន់ឆ្នេរសមុទ្ររបស់ឧបទ្វីបនេះ។
ភ្នាក់ងារសារព័ត៌មានរុស្ស៊ីមួយនេះបានអះអាងថា ទិន្នន័យដែលត្រូវបានដកស្រង់ចេញពីការហោះហើររបស់ Flightradar24 ដោយក្នុងនោះពិនិត្យឃើញថា ចាប់តាំងតែពីខែមីនាមក ចំនួននៃការហោះហើររបស់យន្តហោះក្រុមសមាជិកណាតូបានកើនឡើងពី៧ដងទៅ២១ដងក្នុងមួយសប្តាហ៍។
ទីភ្នាក់ងារដដែលនេះបាននិយាយទៀតថាខណៈពេលដែលសមាជិកអឺរ៉ុបដែលដឹកនាំដោយសហរដ្ឋអាមេរិកបានរាប់បញ្ចូលការហោះហើរមួយចំនួននោះផងដែរ ចំណែកឯទីក្រុងវ៉ាស៊ីនតោនក៏ត្រូវបានគេដឹងថាគឺជាប្រតិបត្តិករដឹកនាំគេ និងសំខាន់ជាងគេនៃប្រតិបត្តិការយន្តហោះចារកម្មរបស់អង្គការណាតូនៅក្នុងតំបន់សមុទ្រខ្មៅ។
ជាក់ស្តែង កាលពីសប្តាហ៍មុនទិន្នន័យបានបញ្ជាក់ថា យន្តហោះ និងយន្តហោះគ្មានមនុស្សបើករបស់អាមេរិក ដូចជា RQ-4B Global Hawk បានធ្វើការហោះហើរចំនួន១៦ដងនៃជើងហោះហើរសរុបចំនួន២១ដង។
គួរឲ្យដឹងដែរថា អាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនមកដល់ពេលនេះនៅតែបន្តផ្ផ្តល់ព័ត៌មានស៊ើបការណ៍សម្ងាត់ដល់រដ្ឋាភិបាលក្រុងគៀវនៅឡើយ ដើម្បីងាយស្រួលធ្វើប្រតិបត្តិការវាយប្រហារលើគោលដៅនានាក្នុងទឹកដីរុស្ស៊ី។
ទោះបីជាយ៉ាងណាក្តី កន្លងមកភាគីខាងសហរដ្ឋអាមេរិកក៏ធ្លាប់បានចោទប្រកាន់រុស្ស៊ីថាតែងតែបានបង្កការរំខានដល់យន្តហោះគ្មានមនុស្សបើកដែលហោះហើរក្នុងដែនអាកាសអន្តរជាតិនៅលើតំបន់សមុទ្រខ្មៅផងដែរ ដោយក្នុងនោះ ហេតុការណ៍គួរឱ្យកត់សម្គាល់មួយបានកើតឡើងនៅក្នុងខែមីនា និងបានបណ្តាលឱ្យធ្លាក់យន្តហោះ MQ-9 Reaper មួយគ្រឿងរបស់កងទ័ពអាកាសសហរដ្ឋអាមេរិកជាដើម៕