ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្មស្នើធនាគារ J Trust Royal គាំទ្រ និងផ្តល់កម្ចីកសិកម្មក្នុងអត្រាការប្រាក់ទាប
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើសុំឱ្យធនាគារ J Trust Royal គាំទ្រវិស័យកសិកម្មក្នុងការផ្តល់កម្ចីឱ្យបានទូលំទូលាយដល់វិស័យរោងម៉ាស៊ីនស្រូវ រោងចក្រឬសហគ្រាសកែច្នៃផលិតផលកសិកម្មផ្សេងៗ ក្នុងអត្រាការប្រាក់ទាបសមរម្យ។
បន្ថែមពីនេះ ឯកឧត្តម ក៏បានស្នើឱ្យខាងធនាគារពិចារណាក្នុងការផ្តល់ប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាបដល់កសិករក្នុងការពង្រីកអាជីវកម្មរបស់គាត់ ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់មានភាពរឹងមាំ និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសងត្រលប់ទៅកាន់ខាងធនាគារវិញ។
ការស្នើរបស់ឯកឧត្តមរដ្ឋមន្ត្រីដូចដែលបានបង្ហាញខាងលើនេះត្រូវបានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តមទទួលជួបសម្តែងការគួរសមរបស់បុគ្គលិកជាន់ខ្ពស់ដែលជាក្រុមការងារធនាគារ J Trust Royall រួមជាមួយនឹងការបង្ហាញអំពីសេវាកម្ម និងផលិតផលនានារបស់ធនាគារផងដែរ។
ជាកិច្ចឆ្លើយតប តំណាងធនាគារ J Trust Royal បានទទួលយកសំណើដើម្បីសិក្សា និងពិភាក្សាលម្អិតជាមួយថ្នាក់ដឹកនាំរបស់ធនាគារ ហើយនឹងឆ្លើយតបនៅពេលខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា កសិកម្ម គឺជាវិស័យអាទិភាពមួយបន្ទាប់ពីវិស័យទេសចរណ៍ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ជំរុញ និងបង្កើនលទ្ធភាពក្នុងការផលិត ដើម្បីផ្គត់ផ្គង់នៅក្នុងស្រុក ក៏ដូចជានាំចេញ ខណៈដែលវិស័យមួយនេះជាចលករយ៉ាងសំខាន់ក្នុងការគាំទ្រ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចយ៉ាងមានប្រសិទ្ធភាព៕