Close

មន្ត្រីគ.ជ.ប អំពាវនាវដល់ពលរដ្ឋដែលមិនបានចុះឈ្មោះបោះឆ្នោត សុំទៅចុះឈ្មោះចាប់ពីថ្ងៃទី ១ដល់ថ្ងៃទី ១៩ ខែតុលា ខែក្រោយនេះ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ
មន្ត្រីគ.ជ.ប អំពាវនាវដល់ពលរដ្ឋដែលមិនបានចុះឈ្មោះបោះឆ្នោត សុំទៅចុះឈ្មោះចាប់ពីថ្ងៃទី ១ដល់ថ្ងៃទី ១៩ ខែតុលា ខែក្រោយនេះ មន្ត្រីគ.ជ.ប អំពាវនាវដល់ពលរដ្ឋដែលមិនបានចុះឈ្មោះបោះឆ្នោត សុំទៅចុះឈ្មោះចាប់ពីថ្ងៃទី ១ដល់ថ្ងៃទី ១៩ ខែតុលា ខែក្រោយនេះ

ភ្នំពេញ៖ ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតទាំងអស់ សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត ក្នុងឃុំ សង្កាត់ដែលបងប្អូនត្រូវចុះឈ្មោះបោះឆ្នោត ឬត្រូវបោះឆ្នោត។

ឯកឧត្តម ឌឹម សុវណ្ណារុំ អំពាវនាវខាងលើនេះ ធ្វើឡើង នៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីការងារសន្ដិសុខសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត , ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ និងការផ្សព្វផ្សាយស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៣ ។

ឯកឧត្តម ឌឹម សុវណ្ណារុំ បញ្ជាក់ថា ចំនួនប្រជាពលរដ្ឋប៉ាន់ស្មាន ដែលអាចមកចុះឈ្មោះបោះឆ្នោតមានចំនួន ២៨០.៥៩៣ នាក់ ខណៈ ចំនួនអ្នកដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោតមានចំនួន ៩៦.៧១០ នាក់។ ជាមួយគ្នានេះ ប្រជាពលរដ្ឋមានអាយុចាប់ពី ១៨ឆ្នាំឡើង មានចំនួន  ១០.៩៧៨.២៥៨ នាក់ ក្នុងនោះស្រី ចំនួន ៥.៦៦០.៧៣៧ នាក់ ខណៈប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០២២ មានចំនួន៩.៧១០.៦៥៥ នាក់។

បើតាម គ.ជ.ប  ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ មានគោលដៅធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាពប្រកបដោយសុវត្ថិភាព តាមរយៈ ការស្រង់ និងលុបឈ្មោះអ្នកបោះឆ្នោត  ដែលបានទទួលមរណភាព, ត្រូវបានដកហូតសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន  និង ដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេង ដោយមានឯកសារជាសំអាងត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីលុបចេញពីបញ្ជីបោះឆ្នោត ។ ដោយឡែក ការកែតម្រូវឈ្មោះ ឬទិន្នន័យអ្នកបោះឆ្នោត តាមសំណើរបស់សាមីខ្លួនដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវ ។

ចំពោះ ការចុះឈ្មោះបោះឆ្នោត សំដៅលើ  ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក , ប្រជាពលរដ្ឋខ្មែរដែលមានអាយុ ១៨ឆ្នាំឡើង (កើតមុន ឬកើតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៦) និងប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី ត្រូវទៅចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ដែលសាមីខ្លួនកំពុងរស់នៅ ឬស្នាក់អាស្រ័យនៅ ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សង្ឃឹមថា ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលមានលក្ខខណ្ឌ និងឯកសារគ្រប់គ្រាន់នឹងបានយល់ពីសារៈសំខាន់នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ហើយសូមអញ្ជើញទៅពិនិត្យមើលបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលាកុំបីអាក់ខាន ៕

អត្ថបទទាក់ទង