អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យអាជ្ញាធរខណ្ឌបង្ក្រាបគ្រឿងញៀន និងល្បែងស៊ីសងឱ្យបានខ្លាំងក្លាបំផុត
ភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌ បង្ក្រាបគ្រឿងញៀន ល្បែងស៊ីសង ឱ្យបានខ្លាំងក្លាបំផុត ជាមួយនឹងការចុះពិនិត្យ និងតាមដានមើល ដើម្បីបង្ការ និងងទប់ស្កាត់នូវការជួញដូរមនុស្សគ្រប់ទម្រង់។
ការជំរុញបែបនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងកិច្ចប្រជុំការពង្រឹងការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ និងការអនុវត្តសេចក្តីសម្រេចស្តីពីការផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួននៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាមួយអភិបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ការផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួននៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ របស់រាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ។ ដូច្នេះទេ សម្រាប់រដ្ឋបាលរាជធានី ខណ្ឌ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្លាំងខ្លាបំផុតក្នុងការបំរើសេវាជូនប្រជាពលរដ្ឋ ពិសេសគឺការអនុវត្ត ការផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួនសម្រាប់ប្រជាពលរដ្ឋដែលកំពុងប្រកបអាជីវកម្មខ្នាតតូច នៅក្នុងមូលដ្ឋានរបស់ខ្លួនទៅតាមប្រកាសអន្តរក្រសួងលេខ ១៤៣៤២ ប្រក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការ ផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
ឯកឧត្ដម ឃួង ស្រេង បន្តថា៖ សម្រាប់ច្រកចេញចូលតែមួយត្រូវតែបំរើសេវាជូនប្រជាពលរដ្ឋឱ្យបានលឿន ប្រកបដោយគុណភាព តម្លាភាព និងទាន់ពេលវេលា ពិសេសថែមទៀតនោះ ត្រូវតាមដានមើល ច្រកចេញចូលតែមួយនៅថ្នាក់សង្កាត់ ធ្វើយ៉ាងណាតម្រង់ទិសឱ្យមន្ត្រីរបស់យើងអនុវត្តឱ្យបានត្រឹមត្រូវទៅតាមការណែនាំរបស់ក្រសួងមហាផ្ទៃ។ បើថ្នាក់សង្កាត់អនុវត្តមិនបានត្រឹមត្រូវ ថ្នាក់ខណ្ឌនេះហើយ ជាអ្នកទទួលខុសត្រូវ ដូច្នេះត្រូវមើលការងារនេះឱ្យបានគ្រប់ជ្រុងជ្រោយ។
ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ផងដែរថា៖ បើទោះបីយើងផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួនក្តី ប៉ុន្តែអាជីវកម្មរបស់ពួកគាត់មួយចំនួននោះ ក៏ត្រូវតែក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់យើងដែរ ដោយក្នុងនាមយើងជាអាណាព្យាបាលពួកគាត់ ត្រូវតែរក្សាឱ្យបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់ជូនពួកគាត់ ។
ពាក់ព័ន្ធនឹងការងារសន្តិសុខនេះដែរ ឯកឧត្ដម ឃួង ស្រេង បានជំរុញឱ្យ អាជ្ញាធរខណ្ឌ ពិសេសខណ្ឌដូនពេញ ត្រូវបង្ក្រាបគ្រឿងញៀន ល្បែងស៊ីសង់ឱ្យបានខ្លាំងក្លាបំផុត ជាមួយនឹងការចុះពិនិត្យ និងតាមដាន ដើម្បីបង្ការនិងទប់ស្កាត់នូវការជួញដូរមនុស្សគ្រប់ទម្រង់។
គួរបញ្ជាក់ថា៖ ចំពោះការផ្អាកផ្តល់សេវារដ្ឋបាលក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធនឹងការបំពេញបែបបទ ដែលកំណត់ដោយប្រកាសអន្តរក្រសួងលេខ ១៤៣៤២ ប្រក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិរួមមាន៖
អាជីវកម្មសិល្បៈសូនរូប ទីតាំងផលិត និងលក់ចម្លាក់ ពុម្ភស៊ីម៉ងត៍ ជាងគំនូរ , អាជីវកម្មកាត់សក់ អ៊ុតសក់ លម្អក្រចក និងសម្អាងការ (ហាង) កាត់សក់បុរស (ចាប់ពី ២កៅអី ទៅ ៤កៅអី) – កាត់សក់បុរស (ចាប់ពី ៥កៅអីឡើងទៅ) – អ៊ុតសក់ កាត់សក់ លម្អក្រចក ( ចាប់ពី ២កៅអី ទៅ ៤កៅអី) – អ៊ុតសក់ កាត់សក់ លម្អក្រចក (ចាប់ពី ៥កៅអី ឡើងទៅ – សម្អាងការ តម្លៃក្រោម ៥០០ដុល្លារអាមេរិក) – សម្អាងការ ( តម្លៃចាប់ពី ៥០០ដុល្លារអាមេរិក ដល់ក្រោម ១.០០០ដុល្លារអាមេរិក) ,អាជីវកម្មលក់សម្ភារកីឡា រួមទាំងការធ្វើសុពលភាពឡើងវិញ , ភោជនីយដ្ឋាន និងអាហារដ្ឋានក្នុងស្រុក – តូបលក់អាហារ – ហាងលក់គុយទាវ កាហ្វ- ម៉ូតូឌុបទេសចរណ៍ – ម៉ូតូជួលទេសចរណ៍-រ៉ឺម៉កម៉ូតូដឹកទេសចរណ៍- ផលិតជើងតាង ពាង លូ ឥដ្ឋការ៉ូ – ធ្វើទៀន ធូប – ដំឡើងម៉ាស៊ីនអគ្គិសនី សម្រាប់ធ្វើសេវាកម្មបញ្ចូលអាគុយ ដែលមានកម្លាំងមិនលើសពី ២៥គីឡូវ៉ាត់- ជួសជុលគ្រឿងអគ្គិសនីអេឡិចត្រូនិក – លាងរថយន្ត ម៉ូតូ វិស័យពាណិជ្ជកម្ម – លិខិតអនុញ្ញាតធ្វើអាជីវកម្ម សេវាកម្មពាណិជ្ជកម្ម វិស័យកសិកម្ម – លិខិតអនុញ្ញាតធ្វើអាជីវកម្មលក់ដុំ រាយ សម្ភារកសិកម្ម៕