Close

រដ្ឋមន្ត្រីក្រសួងកសិកម្មបន្តជួបជាមួយក្រុមហ៊ុនឯកជន សំដៅជំរុញវិស័យនេះឱ្យកាន់តែ​ប្រសើរ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងកសិកម្មបន្តជួបជាមួយក្រុមហ៊ុនឯកជន សំដៅជំរុញវិស័យនេះឱ្យកាន់តែ​ប្រសើរ រដ្ឋមន្ត្រីក្រសួងកសិកម្មបន្តជួបជាមួយក្រុមហ៊ុនឯកជន សំដៅជំរុញវិស័យនេះឱ្យកាន់តែ​ប្រសើរ

ភ្នំពេញ : រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ បានបន្តជួបសម្ដែងការគួរសម និងពិភាក្សាជាមួយក្រុមហ៊ុនឯកជនចំនួន៣ ដែលកិច្ចជំនួបទាំងនោះសុទ្ធសឹងតែជាសកម្មភាពទំនាក់ទំនង ដើម្បីជំរុញវិស័យកសិកម្មឱ្យកាន់តែរីកចម្រើន។

ជំនួបទាំងនោះរួមមាន ៖ ជំនួបជាមួយក្រុមហ៊ុន Nishida Barley Processing Co., Ltd
ដែលជាក្រុមហ៊ុនមានគោលបំណងជំរុញការដាំដុះ «ដំណាំស្គួយ-Barley» នៅកម្ពុជា និងធ្វើការកែច្នៃ​នាំចេញទៅប្រទេសជប៉ុន។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំថា អាទិភាពនៃការអភិវឌ្ឍកសិកម្មនៅកម្ពុជា គឺជំរុញកសិផលដែលមានសក្តានុពល និងមានទីផ្សារស្រាប់ដើម្បីធ្វើឱ្យកសិករមានប្រាក់ចំណូល និងមានជីវភាពល្អប្រសើរជាងមុន។

បើតាមឯកឧត្តមរដ្ឋមន្ដ្រី ចង់ជំរុញឱ្យកសិករដាំដុះដំណាំប្រភេទថ្មីចាប់យកទីផ្សារថ្មី បង្កើតច្រវាក់​ផលិតកម្មថ្មី លុះត្រាតែក្រុមហ៊ុនអាចធានាឱ្យបាននូវនិរន្តរភាពនៃទីផ្សារធំទូលំទូលាយ និងអាចផ្តល់​ប្រាក់ចំណេញយូរអង្វែង ទើបមានការចូលរួមពីកសិករ។

បន្ទាប់មកទៀតគឺជាជំនួបសម្ដែងការគួរសម និងពិភាក្សាជាមួយគណៈប្រតិភូក្រុមហ៊ុន Pricerite Group Limited មកពីទីក្រុងហុងកុង ដែលក្រុមហ៊ុនខាងលើបានបង្ហាញពីការចាប់អារម្មណ៍ និងភាពចាំបាច់ក្នុងការស្វែងរកទីផ្សារអង្ករបន្ថែមពីប្រទេសផ្សេងៗ ដោយក្នុងនោះក៏មាន​កម្ពុជា​ផងដែរ។

ក្នុងនោះ ដោយសារវត្តមានរបស់អង្ករកម្ពុជានៅក្នុងទីក្រុងហុងកុងកំពុងត្រូវបានគេទទួលស្គាល់ថា​ជាអង្ករដែលមានគុណភាពល្អ មានរសជាតិឆ្ងាញ់ ព្រមទាំងជាអង្ករដែលបានឈ្នះពានរង្វាន់ដល់ទៅ៥​ដងផងដែរ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានបញ្ជាក់ពីគោលជំហររបស់កម្ពុជា ក្នុងការនាំចេញ​អង្ករពីកម្ពុជា ដែលផ្តោតទៅលើគុណភាព និងរសជាតិ ដែលមានតម្លៃខ្ពស់ទៅកាន់ទីផ្សារ​នៃប្រទេស​ហុងកុង ផ្តល់ប្រាក់ចំណេញច្រើនដល់អ្នកនាំចូល និងមិនផ្តោតលើប្រកួតប្រជែងតែខាងផ្នែក​បរិមាណនោះទេ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យខាងក្រុមហ៊ុនជំរុញការនាំចូលអង្ករសែនក្រអូប និងផ្តារំដួល ដែលជាប្រភេទអង្ករយុទ្ធសាស្ត្ររបស់កម្ពុជា ដោយបង្កើនការផ្សព្វផ្សាយនិងភាពទាក់ទាញ ដើម្បីធ្វើទីផ្សារអង្ករកម្ពុជាមានតម្រូវការទូលំទូលាយពីអ្នកបរិភោគនៅហុងកុង ឈានទៅទទួល​បានការគាំទ្រនៅលើទីផ្សារ និងមានម៉ាកសញ្ញាដែលបង្ហាញពីអត្តសញ្ញាណនៃអង្ករកម្ពុជា​មួយពិតប្រាកដ។

ជាចុងក្រោយ គឺជាជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយធនាគារពាណិជ្ជកម្ម​ក្រៅប្រទេសនៃកម្ពុជា​ (FTB)។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្ដោតទៅលើការស្នើរឱ្យភាគី ធនាគារពិចារណាលើការផ្តល់ការគាំទ្រដល់វិស័យកសិកម្ម តាមរយៈការផ្តល់កម្ចីដល់អ្នកស្ថិតនៅក្នុង​វិស័យនេះ ឱ្យបានទូលំទូលាយ និងក្នុងអត្រាការប្រាក់ទាបសមរម្យ​​៕

អត្ថបទទាក់ទង