ថៃ គ្រោងចាយលុយជិត ៩ ពាន់លានដុល្លារកសាងអាកាសយានដ្ឋានខ្នាតយក្សមួយទៀតឆ្នាំនេះ
បាងកក ៖ កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះប្រទេសរដ្ឋាភិបាលថៃបានប្រកាសអំពីការសម្រេចចិត្តក្នុងការបញ្ចេញប្រាក់វិនិយោគប្រមាណជា ២៩០ ពាន់លានបាត ឬត្រូវជា ៨.៨២ ពាន់លានដុល្លារដើម្បីយកទៅសាងសង់អាកាសយានដ្ឋានអន្តរជាតិដ៏ធំមួយទៀតនៅក្នុងឆ្នាំនេះ។
តាមផែនការគម្រោងវិនិយោគនេះ ថៃបានជ្រើសយកទីតាំងអាកាសយានដ្ឋានដ៏ចំណាស់មួយដែលប្រើប្រាស់នៅក្នុងសម័យសង្គ្រាមវៀតណាម U-Tapao ដើម្បីអភិវឌ្ឍទៅជាអាកាសយានដ្ឋានអន្តរជាតិដ៏ធំមួយដោយអាចបង្កើតការងារបានទៅដល់ ១៥,៦០០ កន្លែងត្រឹមរយៈពេល ៥ ឆ្នាំដំបូងនិងជួយពង្រឹងដល់ឧស្សាហកម្មហោះហើររបស់ថៃបានយ៉ាងខ្លាំងក្លាថែមទៀត។
អ្នកនាំពាក្យរបស់រដ្ឋាភិបាលលោក Tipanan Sirichana បានបញ្ជាក់ដែរថាគម្រោងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិដែលស្ថិតនៅភាគខាងកើតប្រទេសនេះនឹងលាតសន្ធឹងលើផ្ទៃក្រឡាសរុប ១,០៤០ ហិកតា និងត្រូវបានដាក់ឈ្មោះថ្មីទៅជា Eastern Aviation City។
ក្រៅពពីអាចផ្តល់ការងារជូនពលរដ្ឋក្នុងស្រុករាប់ពាន់កន្លែងនោះទេថៃសង្ឃឹមថាគម្រោងអាកាសយានដ្ឋានថ្មីនឹងអាចជួយដល់ការទាក់ទាញភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើននិងមិនត្រឹមតែប៉ុណ្ណោះវាក៏ក៏ត្រូវបានប្រើប្រាស់ក្នុងការចរចរណ៍យន្តហោះដឹកទំនិញសំខាន់របស់ពិភពលោកព្រមទាំងជាទីតាំងសម្រាប់ធ្វើការហ្វឹកហាត់ការហោះហើរ និងសម្រាប់ជួសជុលយន្តហោះរបស់ប្រទេសថៃផងដែរ។
គួរឲ្យដឹងដែរថា U-Tapao ឬ Eastern Aviation City នឹងក្លាយទៅជាអាកាសយាដ្ឋានអន្តរជាតិមួយទៀតជាមួយនឹងអាកាសយានដ្ឋាន Don Muang airport និងអាកាសយានដ្ឋានធំជាងគេបំផុតរបស់ថៃ Suvarnabhumi airport ដែលសុទ្ធតែស្ថិតនៅក្រោមគម្រោងផែនការថវិកាបែបឯកជន -សាធារណៈឬ private-public planរបស់ប្រទេស៕