ស្ពានខ្សែកាបកោះនរា ឆ្លងពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា ត្រូវបានតភ្ជាប់រួចរាល់ហើយ
ភ្នំពេញ៖ មន្ត្រីនៃរដ្ឋបាលរាជធានីភ្នំពេញ និង ក្រុមហ៊ុន OCIC បានចាក់បេតុងតភ្ជាប់ស្ពានបេតុងខ្សែកាបកោះនរា ឆ្លងពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា ស្ថិតក្នុងខណ្ឌចំការមន និងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីជំរុញការងារបញ្ចប់សម្រាប់សម្រួលការធ្វើដំណើរបស់ប្រជាពលរដ្ឋ ។
ពិធីភ្ជាប់ស្ពានបេតុងខ្សែកាបកោះនរា ឆ្លងពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរាត្រូវបានរៀបចំធ្វើនៅរសៀលថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង អ្នកឧកញ៉ា ពុង ឃាវសែ និងជាអគ្គនាយកក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)។
លោក កេីត ឆែ អភិបាលរងរាជធានីភ្នំពេញ ធ្លាប់បានអះអាងថា តាមផែនការ ស្ពានខ្សែកាបនេះ គ្រោងនឹងបញ្ចប់នៅមុនព្រះរាជពិធីបុណ្យអុំទូក ខាងមុខនេះ។
សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០ បាន បើកការដ្ឋានសាងសង់ ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ស្ពានតភ្ជាប់ពីទីក្រុងកោះពេជ្រ ទៅកោះនរា មានប្រវែង ៨២៤ម៉ែត្រ មានទទឹង ២៤.៥០ម៉ែត្រ។ ផ្លូវនេះតាមគម្រោងសាងសង់នឹងចំណាយពេល ៣៥ខែ ដោយចំណាយថវិកា ៣៨លានដុល្លារ ក្រោមការចំណាយរបស់ក្រុមហ៊ុនOCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ ។ ដោយឡែកស្ពានភ្ជាប់ពីក្រុងរណបកោះនរា ទៅកាន់ផ្លូវជាតិលេខ១ មានប្រវែង ៦០ម៉ែត្រ ទទឹង ២១ម៉ែត្រ គ្រោងចំណាយពេលសាងសង់ ១២ខែ និងចំណាយថវិកា ១,៦០៦,៣៥៣ដុល្លាអាមេរិក។
ស្ពានបេតុងខ្សែកាប ១ខ្សែនេះ នៅពេលសាងសង់រួច នឹងចូលរួមចំណែកជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ១។ ជាពិសេសជួយកាត់បន្ថយការកកស្ទះ នៅស្ពានព្រះមុនីវង្ស។
សូមបញ្ជាក់ថា កោះនរា ស្ថិតនៅក្នងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុន OCIC ធ្វើជាទីក្រុងរណបថ្មីលើផ្ទៃដីជាង ១០០ហិកតា។ គម្រោងនេះនឹងត្រូវរៀបចំអភិវឌ្ឍន៍ ដូចទៅនឹងទីក្រុងកោះពេជ្រនាពេលបច្ចុប្បន្នផងដែរ៕