Close

ការអនុវត្តគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី៣ សម្រេចបានប្រមាណ ៦០% ហើយ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ការអនុវត្តគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី៣ សម្រេចបានប្រមាណ ៦០% ហើយ ការអនុវត្តគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី៣ សម្រេចបានប្រមាណ ៦០% ហើយ

ភ្នំបេញ ៖ គម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី៣ គិតមកដល់ពេលនេះ ការអនុវត្តគម្រោងសម្រេចបានប្រមាណ ៦០% ខណៈគម្រោងនេះមានវិសាលភាពគ្របដណ្ដប់លើការចេញអាជ្ញាប័ណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងឯកសារផ្សេងៗ (LPCO) ក្នុងទម្រង់អេឡិកត្រូនិក របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន ១១។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីម្សិលមិញ បានរៀបចំកិច្ចប្រជុំលើកទី១ ក្រុមអនុវត្តគម្រោងបញ្ជរតែមួយជាតិ ដំណាក់កាលទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងជាប្រធានក្រុមអនុវត្តគម្រោងបញ្ជរតែមួយជាតិ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាសមាសភាពក្រុមអនុវត្ដគម្រោងបញ្ជរតែមួយជាតិ ក្រុមផ្តល់ប្រឹក្សាផ្នែកច្បាប់និងគោលនយោបាយគម្រោងបញ្ជរតែមួយជាតិ លេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ (ល.គ.ប.ជ) និងតំណាងក្រុមហ៊ុន GUUD International Pte Ltd – GUUD (អតីតក្រុមហ៊ុន vCargo Cloud Pte Ltd – VCC) ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីគយនិងរដ្ឋាករ សរុបប្រមាណ ១១០ រូប ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី៣។

គម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី៣ មានរយៈពេលអនុវត្ដ ១២ ខែ ចាប់ផ្ដើមពីខែមករា ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ២០២៤ ដែលគិតមកដល់ពេលនេះ ការអនុវត្តគម្រោងសម្រេចបានប្រមាណ ៦០%។ គម្រោងនេះ មានវិសាលភាពគ្របដណ្ដប់លើការចេញអាជ្ញាប័ណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងឯកសារផ្សេងៗ (LPCO) ក្នុងទម្រង់អេឡិកត្រូនិក របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន ១១ ដែលក្នុងនោះរួមមាន ក្រសួងបរិសា្ថន ក្រសួងរ៉ែនិងថាមពល ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ធនាគារជាតិនៃកម្ពុជា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អគ្គនាយកដា្ឋនសហប្រតិបតិ្តការអន្តរជាតិ និងគ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណ:កម្មាធិការគ្រប់គ្រងលែ្បងពាណិជ្ជកម្មកម្ពុជា។

បន្ថែមពីលើមុខងារចេញ LPCO គម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី៣ ក៏មានមុខងារមួយចំនួន រួមមាន មុខងារគ្រប់គ្រងហានិភ័យ (Risk Management), មុខងារគ្រប់គ្រងគណនីប្រើប្រាស់តែមួយ (Single Sign-On), មុខងារនិហិតដ្ឋានឯកសារពាណិជ្ជកម្ម (Trade Document Repository), និងមុខងារគ្រប់គ្រងប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត (Authorized Economic Operator)។

អង្គប្រជុំបានវាយតម្លៃខ្ពស់លើវឌ្ឍនភាពនៃការអនុវត្តគម្រោង ព្រមទាំងបានដាក់ទិសដៅអនុវត្តបន្ត ដូចខាងក្រោម៖
១. ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានឯកភាពលើសេចក្តីព្រាងរំហូរនីតិវិធីនៃការចេញ LPCO សូមបន្ដសហការជាមួយ ល.គ.ប.ជ និងក្រុមហ៊ុន GUUD ដើម្បីចូលរួមអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិដំណាក់កាលទី៣ ឱ្យបានមុនការគ្រោងទុក។

២. ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលពុំទាន់បានបញ្ចប់សេចក្តីព្រាងរំហូរនីតិវិធីនៃការចេញ LPCO សូមបន្តសហការជាមួយ ល.គ.ប.ជ និងក្រុមហ៊ុន GUUD ដើម្បីជំរុញដោះស្រាយបញ្ហាដែលនៅសេសសល់ឱ្យបានទាន់ពេលវេលា។

៣. ក្រុមផ្តល់ប្រឹក្សាផ្នែកច្បាប់និងគោលនយោបាយគម្រោងបញ្ជរតែមួយជាតិ ត្រូវពិនិត្យទិដ្ឋភាពច្បាប់និងលិខិតបទដ្ឋានគតិយុត្តដើម្បីគាំទ្រការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិដំណាក់កាលទី៣។

មុននឹងបញ្ចប់ ឯកឧត្តមបណ្ឌិត គុណ ញឹម បានស្នើដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ បន្តកិច្ចសហការពេញលេញជាមួយ ល.គ.ប.ជ និងក្រុមហ៊ុន GUUD ដើម្បីជំរុញការអនុវត្ដគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី៣ ឱ្យសម្រេចតាមពេលវេលាដែលបានគ្រោងទុក៕

អត្ថបទទាក់ទង