Close

រដ្ឋមន្ត្រីកសិកម្ម ជំរុញកសិករឱ្យផលិតពូជស្រូវសុទ្ធឱ្យបានកាន់តែច្រើន ដើម្បីលក់បានតម្លៃថ្លៃក្នុងទីផ្សារ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ
រដ្ឋមន្ត្រីកសិកម្ម ជំរុញកសិករឱ្យផលិតពូជស្រូវសុទ្ធឱ្យបានកាន់តែច្រើន ដើម្បីលក់បានតម្លៃថ្លៃក្នុងទីផ្សារ រដ្ឋមន្ត្រីកសិកម្ម ជំរុញកសិករឱ្យផលិតពូជស្រូវសុទ្ធឱ្យបានកាន់តែច្រើន ដើម្បីលក់បានតម្លៃថ្លៃក្នុងទីផ្សារ

ក្នុងឱកាសចុះជួបពិភាក្សាការងារជាមួយអភិបាលខេត្តបាត់ដំបង និងម្ចាស់រោងម៉ាស៊ីនកិន​ស្រូវក្នុងខេត្តបាត់ដំបង ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យកសិករផលិតពូជស្រូវសុទ្ធ ដើម្បីបង្កើនតម្លៃស្រូវក្នុងទីផ្សារ។

យ៉ាងណាមិញ ការចុះជួបពិភាក្សាការងារនៅខេត្តបាត់ដំបងរបស់ក្រសួងកសិកម្មនាពេលកន្លងទៅ​នេះធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់ពីស្ថានភាពពិតប្រាកដនៃតម្លៃស្រូវអង្ករ។

រដ្ឋមន្រ្តីក្រសួងកសិកម្ម ឯកឧត្តម ឌិត ទីណា បានណែនាំឱ្យមានកិច្ចសហការគ្នាល្អរវាង​ភាគីពាក់ព័ន្ធ និងកសាងបណ្តាញពូជស្រូវសុទ្ធ ពិសេសពូជស្រូវសែនក្រអូប និងផ្ការំដួល ដែលមានតម្លៃថ្លៃ មានការចុះបញ្ជី មានវិញ្ញាបនបត្រត្រឹមត្រូវ និងមានខ្សែច្រវាក់ទីផ្សារល្អ។

លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រីក៏បានជំរុញឱ្យកសិករប្រើប្រាស់ពូជស្រូវសុទ្ធនេះ និងប្រមូល​ទិញមកវិញតាមតម្លៃកិច្ចសន្យា ដែលការធ្វើបែបនេះ គឺដើម្បីជួយដល់កសិករឱ្យមានទីផ្សារ ទទួលបានផលចំណេញទាំងអស់គ្នា ជាពិសេសជួយដល់សេដ្ឋកិច្ចជាតិ។

បន្ថែមពីនេះ រដ្ឋមន្រ្តីក្រសួងកសិកម្មក៏បានបន្តចុះពិនិត្យកសិដ្ឋានផលិតពូជស្រូវទួលសំរោង ស្ថិតក្នុងឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបងផងដែរ។

ក្នុងពេលចុះពិនិត្យឃ្លាំងស្តុកស្រូវ ឡសម្ងួត គ្រឿងចក្រកសិកម្ម និងសិក្សាពីដំណើរការនៃការផលិតពូជស្រូវរួចមក ឯកឧត្តម ឌិត ទីណា បានជំរុញឱ្យយកចិត្តទុកដាក់ផលិតពូជស្រូវល្អ សែនក្រអូប និងផ្ការំដួល ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងការប្រើប្រាស់ផងដែរ៕

អត្ថបទទាក់ទង