Close

ក្រសួងអភិវឌ្ឍន៍ជនបទដាក់គោលដៅផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់១០០% នៅឆ្នាំ២០២៥

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ក្រសួងអភិវឌ្ឍន៍ជនបទដាក់គោលដៅផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់១០០% នៅឆ្នាំ២០២៥ ក្រសួងអភិវឌ្ឍន៍ជនបទដាក់គោលដៅផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់១០០% នៅឆ្នាំ២០២៥

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានដាក់គោលដៅក្នុងការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់នៅគ្រប់ទីកន្លែងត្រឹមឆ្នាំ២០២៥ ខណៈបច្ចុប្បន្ន ការផ្គត់ផ្គង់ទឹកសម្រេចបាន​៨០%ហើយ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឱកាសទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី ១១ខែកញ្ញាម្សិលមិញនេះ។

នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនឯកអគ្គរាជទូតជប៉ុនអំពីគោលនយោបាយ​អនុវត្តបន្តរបស់​ក្រសួង ដោយ​សំដៅ​ធ្វើយ៉ាងណាលើកស្ទួយសេដ្ឋកិច្ចជនបទ តាមរយៈការស្ថាប​នាហេដ្ឋា​រចនាសម្ព័ន្ធ​តភ្ជាប់គ្រប់ទីកន្លែង។

ក្រៅពីហេដ្ឋារចនាសម្ព័ន្ធ ក្រសួងក៏មានគោលនយោបាយក្នុងការលើកកម្ពស់សុខុមាលភាព​ប្រជាពលរដ្ឋ តាមរយៈការអប់រំប្រជាពលរដ្ឋ​ឱ្យប្រើប្រាស់ទឹកស្អាត។ ក្នុងនោះ ឯកឧត្តមបានគូស បញ្ជាក់ថា បច្ចុប្បន្ននេះក្រសួងសម្រេចបាន ៨០% នៃផែនការផ្គត់ផ្គង់ទឹកស្អាតជូន​ប្រជាជនប្រើប្រាស់ ហើយដែលនៅឆ្នាំ២០២៥ នឹងមានទឹកស្អាតប្រើប្រាស់គ្រប់ទីកន្លែង។

ជាគោលដៅមួយរបស់ក្រសួង ដែលនឹងដើរទន្ទឹមគ្នាជាមួយការគាំពារសុខមាលភាពប្រជាជនផងដែរ គឺ ក្រសួងនឹងធ្វើការពាក់ព័ន្ធលើការ​អប់រំប្រើ​ប្រាស់បង្គន់អនាម័យឱ្យបានត្រឹមត្រូវ សំដៅលុបបំបាត់​ការ​បន្ទោបង់ពាសវាលពាសកាល។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្តលើកឡើងពីកិច្ចខិតខំប្រឹងប្រែងជំរុញលើកកម្ពស់សេដ្ឋកិច្ចជនបទតាម​រយៈ​ការបណ្តុះបណ្តាលជំនាញជូនដល់ប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់អាចប្រកបមុខរបរផ្សេងទៀត​ក្រៅ​ពីមុខ​របរកសិកម្ម។ ជាមួយនេះ ក្រសួងបាន និងកំពុងខិតខំពង្រឹងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីបង្កើន​ប្រសិទ្ធភាពក្នុងការបំពេញការងារបម្រើប្រជាពលរដ្ឋ ។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការ​កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងភាពជាដៃគូនាពេលកន្លងមក​របស់ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងនីត្តិកាលទី៦ និងបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធបន្ថែម​ទៀតនៅ​ក្នុង​អាណត្តិថ្មីនេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សំដៅលើកស្ទួយវិស័យអភិវឌ្ឍន៍ជនបទនៅកម្ពុជាឱ្យមាន​ភាពកាន់តែប្រសើរឡើងបន្ថែមទៀត។

ភាគីទាំងពីរ បានប្ដេជ្ញានឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើង​រវាងប្រទេស​ទាំងពីរ ជាពិសេសដើម្បីស្វែងយល់អំពីតម្រូវការរបស់កម្ពុជាក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ លើការងារអភិវឌ្ឍន៍ជនបទ៕

អត្ថបទទាក់ទង