Close

អាជ្ញាធរខេត្តត្បូងឃ្មុំ រៀបចំតំបន់រមណីយដ្ឋានហ្លួងព្រះស្តេចកន ឱ្យក្លាយជារមណីយដ្ឋានបែបវប្បធម៌ និងប្រវត្តសាស្រ្ត

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ
អាជ្ញាធរខេត្តត្បូងឃ្មុំ រៀបចំតំបន់រមណីយដ្ឋានហ្លួងព្រះស្តេចកន ឱ្យក្លាយជារមណីយដ្ឋានបែបវប្បធម៌ និងប្រវត្តសាស្រ្ត អាជ្ញាធរខេត្តត្បូងឃ្មុំ រៀបចំតំបន់រមណីយដ្ឋានហ្លួងព្រះស្តេចកន ឱ្យក្លាយជារមណីយដ្ឋានបែបវប្បធម៌ និងប្រវត្តសាស្រ្ត

ត្បូងឃ្មុំ៖ ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ និងមន្ត្រីរាជការពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បានរៀបចំតំបន់រមណីយដ្ឋានហ្លួងព្រះស្តេចកនឱ្យក្លាយជារមណីយដ្ឋានបែបវប្បធម៌ និងប្រវត្តសាស្រ្ត នៅតាមទីតាំងកសិ្សណទឹក ដែលមានទេសភាពធម្មជាតិដ៏អស្ចារ្យ យ៉ាងស្រស់បំព្រង ដើម្បីទាក់ទាញប្រជាពលរដ្ឋ មកលេងកម្សាន្តឱ្យបានច្រើនកុះករ ក្នុងកំឡុងពេលបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

លោក អឿន រិទ្ធ ប្រធានមន្ទីរទសចរណ៍ខេត្ត បានគូសបញ្ជាក់ថា  រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តហ្លួងព្រះសេ្តចកន មានទីតាំងស្ថិតនៅភូមិនគរក្នុង ឃុំដូងតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានចម្ងាយ ១៦,៥គីឡូម៉ែត្រពីទីរួមខេត្តត្បូងឃ្មុំ តាមផ្លូវជាតិលេខ៧។

លោកបន្តថា រមណីយដ្ឋាននេះគឺជាអតីតរាជធានី នៃអំឡុងពេលមុនអង្គរ រមណីយដ្ឋាននេះត្រូវបានគេជ្រើសរើសជារាជធានីឡើងវិញនៅសតវត្សរ៍ទី១៦ ក្នុងអំឡុងរជ្ជកាល នៃហ្លួងព្រះសេ្តចកន (ស្តេចដែលមានឈ្មោះថា ព្រះបាទស្រីជេដ្ឋា)ផងដែរ។ បន្ទាប់មកវាត្រូវបានគេហៅថា ក្រុងស្រឡប់ពិជ័យបន្ទាយព្រៃនគរ ហើយក្រោយមកក្នុងរយៈពេលខ្លី “បន្ទាយព្រៃនគរ” រហូតមកបច្ចុប្បន្ន។

បើតាម លោក អឿន រិទ្ធ  រមណីយដ្ឋានហ្លួងព្រះសេ្តចកន មានកំពែងព័ន្ធជុំវិញរាងការេប្រវែង ២៥០០ម៉ែត្រ ក្នុងមួយជ្រុងៗ នៅសតវត្សរ៍ទី១៦ ហ្លួងព្រះស្តេចកន បានកសាងកំពែងព្រះវិហារវត្តអារាមមួយក្នុងបន្ទាយ និងកសាងវត្តមួយ ហើយយកមាសខ្មៅសាងព្រះពុទ្ធរូបមួយអង្គមានព្រះភ្នែន ១២ធ្នាប់ កម្ពស់២០ធ្នាប់តម្កល់ក្នុងព្រះប្រាសាទនោះ។

ជាមួយគ្នានោះដែរ ដែរលោកប្រធានមន្ទីរទសចរណ៍ខេត្តត្បូងឃ្មុំរូបនេះ ក៏បាន អំពាវនាវដល់ សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជាទូទាំងប្រទេសកម្ពុជា ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ អញ្ជើញមកលេងកម្សាន្តនៅតំបន់រមណីយដ្ឋានហ្លួងព្រះស្តេចកនឱ្យបានច្រើនកុះករផងដែរ៕

អត្ថបទទាក់ទង