សម្ដេចតេជោ ៖ ទស្សនកិច្ចរបស់ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ នឹងជំរុញថែមទៀតនូវទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍លើកឡើងថា ទស្សនកិច្ចរបស់ទស្សនកិច្ចរបស់ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ នឹងជំរុញថែមទៀត នូវទំនាក់ទំនងមិត្តភាព ជាមិត្តចាស់ និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀតរវាងប្រទេសទាំងពីរ និងរវាងរដ្ឋសភា និងរដ្ឋាភិបាល។
សម្តេចតេជោ មានប្រសាសន៍លើកឡើងដូច្នេះ នាឱកាសអនុញ្ញាតឲ្យ ឯកឧត្ដម Kim Jin Pyo ប្រធានរដ្ឋសភា សាធារណរដ្ឋកូរ៉េចូលជួបសំដែងការគួរសម និងពិភាក្សាការងារនៅវិមាន៧មករា ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ។
សម្តេចតេជោបានថ្លែងអំណរគុណចំពោះជំនួយឧបត្ថម្ភសព្វបែបយ៉ាង ក្នុងការអភិវឌ្ឍ និងរីកចម្រើនរបស់កម្ពុជានិងអរគុណចំពោះការបញ្ជូនអ្នកសង្កេតការណ៏សម្រាប់ការបោះឆ្នោតកន្លងមក ពិសេសសម្តេចបានអរគុណចំពោះសារលិខិតជូនពរដល់សម្ដេចធិបតីនាយករដ្ឋមន្ត្រី។ សម្តេចតេជោបានអរគុណដែលពេលលំបាក នៃជម្ងឺកូវីដ១៩ សាធារណរដ្ឋកូរ៉េ មិនបានផ្អាកការហោះហើរមកកម្ពុជា ដែលជួយអោយកម្ពុជាមានច្រកចេញចូល ដែលជាកាយវិការមិនរើសអើង។
សម្តេចក៏បានអរគុណចំពោះសាធារណរដ្ឋកូរ៉េ ដែលបានគាំទ្រកម្ពុជា ក្នុងពេលកម្ពុជា ធ្វើម្ចាស់ផ្ទះរៀបចំ ASEM ២០២១ និង ASEAN-២០២២ កន្លងមក និងបានអរគុណដែលទទួលពលករកម្ពុជា និងសូមបង្កើនចំនួនថែមទៀត។ សម្តេចក៏បានអរគុណផងដែរ ដែលសាធារណរដ្ឋកូរ៉េ បានជួយកែលំអរផ្លូវជាតិលេខ៤៨ លេខ២ លេខ២១ និងលេខ២២ ហើយសូមឱ្យសភាជួយជំរុញការកសាងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលជានិមិត្តរូបដ៏អស្ចារ្យនៃមិត្តភាពរវាងប្រទេសទាំងពីរ។
ឯកឧត្ដម Kim Jin Pyo បានឆ្លើយតបដោយសម្ដែងអំណរគុណចំពោះពាក្សពេជន៏ដ៏ល្អ របស់សម្ដេចតេជោ ហើយបានកោតសសើរចំពោះការរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ និងអបអរសាទរចំពោះសម្ដេចធិបតី ដែលនឹងដឹកនាំរាជរដ្ឋាភិបាលអណត្តិថ្មី បន្តកសាងសម្មិទផលថ្មីៗបន្តែមទៀត ដើម្បីឈានទៅកាន់ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ឯកឧត្តមបានសំដែងនូវ ការរីករាយចំពោះទំនាក់ទំនងប្រកបដោយផ្លែផ្កាកន្លងមក និងបានអរគុណដែលកម្ពុជាបានឈានមុខក្នុងចំណោមប្រទេស ASEAN ដែលគាំទ្រ កូរ៉េ ជាម្ចាស់ផ្ទះរៀបចំ World Expo នៅប៊ូសាន នាពេលខាងមុខ។ ហើយសង្ឃឹមថា World Expo នឹងប្រព្រឹត្តទៅដោយជោគជ័យ។
ឯកឧត្តមសូមគាំទ្រជំនួយ ODA ហើយនឹងជំរុញការកសាងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលជាគម្រោងសំខាន់របស់រដ្ឋាភិបាលទាំងពីរ ជាមូលដ្ឋានមិត្តភាពរវាងប្រទេសទាំងពីរ។ ឯកឧត្តមមានប្រសាសន៍ជំរាបជូនសម្តេចតេជោថា ក្រុមហ៊ុនកូរ៉េបាន និងកំពុងវិនិយោគនៅកម្ពុជា បានជួយហ្វិកហ្វឺនវិស្វករ និងពលករជំនាញ ដើម្បីចូលរួមការអភិវឌ្ឍ៕