គ.ជ.ប សម្រេចលើប្រតិទិន និងផែនការមេសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បើកកិច្ចប្រជុំ ពិនិត្យ និងសម្រេចលើប្រតិទិន និងផែនការមេសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ សេចក្តីសម្រេចស្តីពីការកែសម្រួល បទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ព្រមទាំងពិនិត្យ និងសម្រេចលើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
កិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)នេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ព្រមទាំងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានសម្រេច ឯកភាពជាគោលការណ៍លើប្រតិទិន និងផែនការមេ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងឯកភាពជាគោលការណ៍លើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលចំណុច ៥.១.៥ និងកែសម្រួលខ្លឹមសារចំណុច ៥.១.១០.១ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ។
ជាមួយគ្នានេះ អង្គប្រជុំបាន ឯកភាពជាគោលការណ៍លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា (ប.ន.ព.ស) ដែលមានចំនួន ១០ជំពូក និងឧបសម្ព័ន្ធចំនួន ៨ រួមមាន៖
ជំពូកទី១ .បទប្បញ្ញត្តិទូទៅ
ជំពូកទី២. ការគ្រប់គ្រងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា
ជំពូកទី៣. ចំនួនសមាជិកព្រឹទ្ធសភា ប្រព័ន្ធបោះឆ្នោត មណ្ឌលបោះឆ្នោត និងការកំណត់ចំនួនអាសនៈ
ជំពូកទី៤. អ្នកបោះឆ្នោត អង្គបោះឆ្នោត បញ្ជីបោះឆ្នោត និងការិយាល័យបោះឆ្នោត
ជំពូកទី៥. ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន ឈរឈ្មោះ
ជំពូកទី៦. ការឃោសនាបោះឆ្នោត
ជំពូកទី៧. ភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មាន
ជំពូកទី៨. ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលនៃការបោះឆ្នោត
ជំពូកទី៩. សមត្ថកិច្ចដោះស្រាយករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នោត
ជំពូកទី១០. ការបាត់បង់អាសនៈនៃព្រឹទ្ធសភា និងការជ្រើសតាំងសមាជិកជំនួស។
ជាមួយគ្នានេះ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានណែនាំដល់ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប ឱ្យពិភាក្សាជាមួយក្រសួងមហាផ្ទៃ អំពីសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលនៃបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងរៀបចំបញ្ជូនសេចក្តីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ទៅឱ្យភាគីពាក់ព័ន្ធពិនិត្យ និងផ្តល់យោបល់ មុននឹង គ.ជ.ប ពិនិត្យ និងសម្រេចជាផ្លូវការ។
រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៨ ខែ កក្កដា ឆ្នាំ២០២៣ បានចេញសេចក្ដីសម្រេច ស្ដីពី ការប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ នៃព្រឹទ្ធសភា ដោយបាន កំណត់យកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ នៃព្រឹទ្ធសភា៕