Close

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បង្ហាញពីការធ្វើទំនើបកម្មវិស័យព័ត៌មាន ដើម្បីអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយសាធារណៈ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បង្ហាញពីការធ្វើទំនើបកម្មវិស័យព័ត៌មាន ដើម្បីអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយសាធារណៈ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បង្ហាញពីការធ្វើទំនើបកម្មវិស័យព័ត៌មាន ដើម្បីអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយសាធារណៈ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្ដម នេត្រ ភក្ដ្រា នាថ្ងៃទី០៦ ខែកញ្ញានេះ បានអនុញ្ញាតឱ្យឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌ​នៃវិស័យព័ត៌មាន។

ក្នុងជំនួបនោះ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងពីទំនាក់ទំនង​ល្អរវាងជប៉ុននិងកម្ពុជា និងបានលើកបង្ហាញពីសមិទ្ធផលជាច្រើននៃទំនាក់ទំនងការទូត ដែលជប៉ុន​បានជួយដល់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាក្នុងការកសាងបន្ទប់ផ្សាយ ព្រមទាំងផ្តល់នូវសម្ភារ​ផ្សព្វផ្សាយកាលពីឆ្នាំ១៩៩៨ រួមនឹងការផ្តល់នូវកម្មវិធីទូរទស្សន៍ផ្សេងៗទៀតក្នុងក្របខណ្ឌ​នៃកិច្ច​សហប្រតិបត្តិការជាមួយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា។

ឯកឧត្តមឯកអគ្គរាជទូតក៏បានលើកឡើងពីការប្រឆាំងនឹងព័ត៌មានក្លែងក្លាយផងដែរ និងបានគូស​បញ្ជាក់ពី​កិច្ចសហប្រតិបត្តិការយូរអង្វែងទៅមុខ។

ជាការឆ្លើយតប ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជម្រាបជូនឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា អំពីការដាក់ចុះយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពមានបេសកកម្មជាប្រវត្តិសាស្ត្រចំនួន ២ គឺថែរក្សានិងថែបំប៉នសន្តិភាព និងទី២ គឺកសាងនិងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសម្ទុះ​នៃការអភិវឌ្ឍប្រទេសជាតិ។

ក្នុងក្របខណ្ឌក្រសួងព័ត៌មាន ឯកឧត្តមរដ្ឋមន្ត្រីបាន គូសបញ្ជាក់ជូនឯកឧត្តមឯកអគ្គរាជទូតជប៉ុនថា​ក្រសួងព័ត៌មាននឹងធ្វើទំនើបកម្មស្ថាប័នរបស់ខ្លួនដោយរៀបចំទីកន្លែងសម្រាប់បំពេញការងារនិងការអភិវឌ្ឍធនធានមនុស្សដើម្បីឆ្លើយតបនឹងការវិវឌ្ឍនៃបច្ចេកវិទ្យា និងបរិបទសង្គមបច្ចុប្បន្ន។

ឯកឧត្តមបានថ្លែងអំណរគុណចំពោះជប៉ុនដែលបានគាំទ្រនិងផ្តល់កម្មវិធីផ្សេងសម្រាប់បង្កើតខ្លឹមសារសម្បូណ៌បែបសម្រាប់ពលរដ្ឋខ្មែរ ហើយឯកឧត្តមបានបញ្ជាក់ពីការសន្យាបន្តទំនាក់ទំនងល្អ។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថាបច្ចុប្បន្ននេះ ថ្នាក់ដឹនាំនិងមន្ត្រីរាជការនៃក្រសួងព័ត៌មា​នបានខិត​ខំប្រឹងប្រែងរួមគ្នាដើម្បីធ្វើឱ្យក្រសួងព័ត៌មានក្លាយជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្ដល់ព័ត៌មានពិតទៅដល់ប្រជាពលរដ្ឋកម្ពុជា និងមជ្ឈដ្ឋានជាតិ និងអន្ដរជាតិ។

ទាក់ទងនឹងការប្រឆាំងព័ត៌មានក្លែងក្លាយ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថាគឺជា​បញ្ហារួមដែលបណ្តាប្រទេសទាំងអស់ត្រូវរួមគ្នាក្នុងការទប់ស្កាត់ព្រោះព័ត៌មានក្លែងក្លាយជាមានគ្រោះថ្នាក់សម្រាប់សង្គម។ ឯកឧត្តមជម្រាបជូនឯកអគ្គរាជទូតជប៉ុនថាក្រសួងព័ត៌មាន នឹងបន្តកិច្ចខិតខំ​ប្រឹង​ប្រែងដើម្បីផ្សព្វផ្សាយពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ និងវិធានការទប់ស្កាត់។

ជាងនេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រីបាន លើកឡើងថាក្រសួងនឹងរៀបចំឱ្យមានស្តង់ដារប្រតិបត្តិជាតិ​រួមមួយនៃក្រមសីលធម៌វិជ្ជាជីវៈសម្រាប់អ្នកសារព័ត៌មានអនុវត្ត។

ជាមួយនឹងការថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុនដែលបានជួយប្រទេស​កម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំភាគីជប៉ុន ជួយក្រសួងព័ត៌មានកម្ពុជាលើការធ្វើទំនើប​កម្មប្រព័ន្ធ​ផ្សព្វផ្សាយ៕

អត្ថបទទាក់ទង