Close

រដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យអនុវត្តសាកល្បងការផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online) នៅអង្គភាពច្រកចេញចូលតែមួយ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យអនុវត្តសាកល្បងការផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online) នៅអង្គភាពច្រកចេញចូលតែមួយ រដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យអនុវត្តសាកល្បងការផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online) នៅអង្គភាពច្រកចេញចូលតែមួយ

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ បានប្រកាសដាក់ឱ្យអនុវត្តសាកល្បងការផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online) នៅអង្គភាពច្រកចេញចូលតែមួយ ដើម្បីវិវត្តន៍ទៅតាមយុគសម័យឌីជីថល និងសម្រេចបាននូវការផ្តល់សេវាសាធារណៈឱ្យបានឆាប់រហ័ស និងសន្សំសំចៃ។

រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ដើម្បីវិវត្តន៍ទៅតាមយុគសម័យឌីជីថល និងសម្រេចបាននូវការផ្តល់សេវាសាធារណៈឱ្យបានឆាប់រហ័ស សន្សំសំចៃកម្រៃ និងពេលវេលាធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងការមកដាក់ពាក្យស្នើសុំផ្ទាល់នៅសាលារាជធានីភ្នំពេញ នោះរដ្ឋបាលរាជធានីភ្នំពេញនឹងដាក់ឱ្យអនុវត្តសាកល្បងការទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ(Online) លើវិស័យចំនួន ៤ គឺវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វិស័យវប្បធម៌ និងវិចិត្រសិល្បៈ និងវិស័យទេសចរណ៍។

ទន្ទឹមនឹងការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online) បងប្អូនប្រជាពលរដ្ឋទាំងអស់នៅតែអាចអញ្ជើញមកទំនាក់ទំនងស្នើសុំសេវាដោយផ្ទាល់នៅអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ ដែលមានទីតាំងនៅក្នុងបរិវេណសាលារាជធានីភ្នំពេញ អាសយដ្ឋានលេខ៦៩ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញដូចមុនដដែល។

សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់ដាក់ពាក្យស្នើសុំសេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ(Online) សូមចូលទៅកាន់គេហទំព័រ http://online.owso.gov.kh/ ដើម្បីបង្កើតគណនីសម្រាប់ស្នើសុំសេវារដ្ឋបាល ទាំង ៤ វិស័យខាងលើ ដោយភ្ជាប់ឯកសារពាក់ព័ន្ធតាមការណែនាំក្នុងជំហាននីមួយៗ៕

អត្ថបទទាក់ទង