គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន មកពិនិត្យសិក្សា
ភ្នំពេញ ៖ បន្ទាប់ពីបានអញ្ជើញដឹកនាំសម័យប្រជុំពេញអង្គរដ្ឋសភារួចមក នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ដដែលនេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា។
ជាលទ្ធផល កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានអនុម័ត ទទួលយកសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច និងសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលជាសំណើរបស់រាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភា ដើម្បីពិនិត្យសិក្សា។
នៅពេលបានពិនិត្យសិក្សាចប់សព្វគ្រប់ គណៈកម្មការជំនាញរដ្ឋសភា ត្រូវធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីចាត់ចែងបន្តនីតិវិធីទៀត៕