Close

ក្រសួងការងារ ៖ ភាគីសហជីពស្នើប្រាក់ឈ្នួលគោល ២១៥ដុល្លារ ឯភាគីនិយោជកស្នើត្រឹម ២០១ដុល្លារ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ក្រសួងការងារ ៖ ភាគីសហជីពស្នើប្រាក់ឈ្នួលគោល ២១៥ដុល្លារ ឯភាគីនិយោជកស្នើត្រឹម ២០១ដុល្លារ ក្រសួងការងារ ៖ ភាគីសហជីពស្នើប្រាក់ឈ្នួលគោល ២១៥ដុល្លារ ឯភាគីនិយោជកស្នើត្រឹម ២០១ដុល្លារ

ភ្នំពេញ ៖ ពាក់ព័ន្ធនឹងការពិភាក្សាលើប្រាក់ឈ្នួលអប្បបរមា ភាគីសហជីពបានស្នើតួលេខ ២១៥ដុល្លារ ភាគីនិយោជកស្នើតួលេខត្រឹមតែ ២០១ដុល្លារ ខណៈភាគីរាជរដ្ឋាភិបាលមិនទាន់បង្ហាញតួលេខនៅឡើយទេ ហើយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានឹងបើកកិច្ចប្រជុំពិភាក្សាបន្តនៅលើកទី៤ខាងមុខ។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

គួរជម្រាបថា នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានបើកកិច្ចប្រជុំជាលើកទី៣ ដើម្បីពិភាក្សាអំពីការដំឡើងប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

នៅក្នុងកិច្ចប្រជុំទាំង៣លើកនេះ តំណាងភាគីរាជរដ្ឋាភិបាលក៏បានសម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែមលើចំណុចនានាដែលតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជកមានចម្ងល់ផងដែរ។ ជាលទ្ធផល តំណាងភាគីកម្មករនិយោជិតបានលើកឡើងនូវតួលេខចំនួន ២១៥ដុល្លារអាម៉េរិក និងតំណាងភាគីនិយោជកបានលើកឡើងនូវតួលេខត្រឹមចំនួន ២០១ដុល្លារអាម៉េរិក។

អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាបន្តទៀតនៅម៉ោង ៩:០០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។ ទោះជាយ៉ាងណា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងបន្តកិច្ចប្រជុំសម្រេចកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ ឱ្យបានចប់នៅមុនពិធីបុណ្យភ្ជុំបិណ្ឌ តាមការអនុសាសន៍ណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

អត្ថបទទាក់ទង