កម្ពុជា-កូរ៉េ សហការគ្នាក្នុងការពង្រឹងចរាចរណ៍នៅជុំវិញសាលារៀន ដើម្បីសុវត្ថិភាពសិស្ស
នាថ្ងៃទី ២១ សីហាកន្លងទៅថ្មីៗនេះ កម្ពុជា-កូរ៉េ បានចុះអនុស្សរណៈយោគយល់គ្នាស្ដីពី “ការពង្រឹងសុវត្ថិភាពចរាចរណ៍ និងការកែលម្អបរិក្ខារសុវត្ថិភាព នៅតំបន់សាលារៀនក្នុងប្រទេសកម្ពុជា”។
ការចុះអនុស្សរណៈយោគយល់គ្នាខាងលើនេះធ្វើឡើងដោយមានការចូលរួមពី ភាគីកម្ពុជាតាមរយៈអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដឹកនាំដោយលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងភាគីកូរ៉េ តាមរយៈមជ្ឈមណ្ឌលស្រាវជ្រាវផ្នែកដឹកជញ្ជូន និងការរួមបញ្ចូលទំនាក់ទំនងព័ត៌មានវិទ្យា នៃសកលវិទ្យាល័យជាតិដឹកជញ្ជូនកូរ៉េ។
តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នាខាងលើនេះ នឹងផ្ដល់ឱកាសដល់ភាគីកូរ៉េ និងភាគីកម្ពុជា អាចមានមូលដ្ឋានគ្រឹះក្នុងការរៀបចំឯកសារសំណើគម្រោងពង្រឹងសុវត្ថិភាពចរាចរណ៍ និងការកែលម្អបរិក្ខារសុវត្ថិភាពនៅតាមតំបន់សាលារៀនក្នុងប្រទេសកម្ពុជា ដើម្បីស្នើសុំការគាំទ្រជាជំនួយពីរដ្ឋាភិបាលកូរ៉េ។
គម្រោងនេះនឹងផ្ដោតលើការបណ្ដុះបណ្ដាលកុមារ ការលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ជូនប្រជាពលរដ្ឋខ្មែរ តាមរយៈការបង្កើតឱ្យមាននូវមជ្ឈមណ្ឌលអប់រំសុវត្ថិភាពចរាចរណ៍ ការបង្កើតឱ្យមានតំបន់សាលារៀន (Safe School Zone) និងការរៀបចំឱ្យមានក្រុមការងារស្ម័គ្រចិត្តចុះជួយលើការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាដើម។
ក្រោយការចុះអនុស្សរណៈនៃការយោគយល់គ្នាលើគម្រោងខាងលើ ភាគីកូរ៉េរំពឹងថានឹងអាចចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ចំពោះកុមារក្នុងប្រទេសកម្ពុជា ដែលជាផ្នែកមួយក្នុងការលើក ស្ទួយវិស័យអប់រំ និងពង្រឹងធនធានមនុស្សផងដែរ៕