សម្តេចក្រឡាហោម ស ខេង៖ ការសាសង់អគារទីស្ដីការក្រសួងមហាផ្ទៃ មានល្បឿនលឿន និងយកចិត្តទុកដាក់លើគុណភាពបំផុត
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ការសាសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី មានល្បឿនលឿន និងមានការយកចិត្តទុកដាក់លើគុណភាពបំផុត ដោយសារអគារនេះមានទំហំធំ និងខ្ពស់។
ការលើកឡើងរបស់សម្តេចក្រឡាហោម ស ខេង ធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី និងចម្រើនព្រះបរិត្ត អគារទីស្ដីការថ្មី នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៣ ។
សម្ដេចបញ្ជាក់បន្តថា ទាំងស្ថាបត្យករ និងវិស្វករ សុទ្ធតែជាកូនខ្មែរ និងធ្វើការងារប្រកបដោយទំនួលខុសត្រូវ និងក្ដីស្រលាញ់បំផុត ធ្វើឱ្យសម្ដេចមានមោទនភាពបំផុត។
សម្ដេចបញ្ជាក់ទៀតថា ការសាងសង់អគារទីស្ដីការក្រសួងបានបែងចែកជា៣ក្រុម និង២៤ម៉ោង។
ជាមួយគ្នានោះ សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណ សម្ដេចអគ្គមហាសេនាបតីតេជោតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដែលបានផ្ដល់ការអនុញ្ញាតឱ្យក្រសួងមហាផ្ទៃសាងសង់អគារទីស្ដីការថ្មីមួយនេះ។
សម្ដេចបន្តថា អ្វីដែលកាន់តែពិសេសទៀតនោះ គឺក្នុងដំណើរការសាងសង់អគារនេះ បានរក្សាសុវត្ថិភាពយ៉ាងល្អ ពោលគឺគ្មានករណីគ្រោះថ្នាក់ណាមួយបានកើតឡើងគួរឱ្យកត់សម្គាល់នោះទេ។ ជាមួយគ្នានេះ សម្ដេចក៏បានថ្លែងអំណរគុណថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិល នគរបាលជាតិ និងមន្រ្តីពន្ធនាគារដែលបានចូលរួមសហការ និងនៅតែបន្តខិតខំបំពេញការងារបានយ៉ាងល្អប្រសើរក្នុងកាលៈទេសៈនៃការកសាងអគារថ្មីនេះ។
អគារទីស្ដីការក្រសួងមហាផ្ទៃ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។ អគារនេះមានទំហំ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ កម្ពស់៩ជាន់ ចំណាយថវិកាប្រមាណ៦០លានដុល្លារអាមេរិក។ អគារនេះ ជាស្នាដៃកូនខ្មែរសុទ្ធសាធ ទាំងស្ថាបត្យករ វិស្វិករ និងក្រុមជាង។ សម្ដេចក្រឡាហោម ចាត់ទុកអគារនេះជាផ្នែកមួយនៃមោទនភាពជាតិ៕