Close

មន្ត្រីអាជ្ញាធរជាតិអប្សរា បន្តដាំឈើចម្រុះចំនួន ១,២០០ដើម និងស្មៅចំនួន៤០០ម៉ែត្រការរ៉េ នៅបរិវេណខាងមុខប្រាសាទអង្គរ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ
មន្ត្រីអាជ្ញាធរជាតិអប្សរា បន្តដាំឈើចម្រុះចំនួន ១,២០០ដើម និងស្មៅចំនួន៤០០ម៉ែត្រការរ៉េ នៅបរិវេណខាងមុខប្រាសាទអង្គរ មន្ត្រីអាជ្ញាធរជាតិអប្សរា បន្តដាំឈើចម្រុះចំនួន ១,២០០ដើម និងស្មៅចំនួន៤០០ម៉ែត្រការរ៉េ នៅបរិវេណខាងមុខប្រាសាទអង្គរ

សៀមរាប៖ មន្ត្រី បុគ្គលិក នាយកដ្ឋានចំណុះនៃអាជ្ញាធរជាតិអប្សរា ប្រមាណ៥០០នាក់ នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៣ បានរួមគ្នាបន្តដាំកូនឈើចម្រុះចំនួន ១,២០០ដើម និងស្មៅចំនួន ៤០០ម៉ែត្រការរ៉េ នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត ក្បែស្រះទឹកត្រពាំងសេស។

ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ក្នុងឱកាសនោះថា ក្រោយការបង្កើតឱ្យមាននាយកដ្ឋានគ្រប់គ្រងទឹកនិងព្រៃឈើ នាអំឡុងឆ្នាំ២០០៤មក នាយកដ្ឋាននេះបានរៀបចំផែនការធ្វើយ៉ាងណាឱ្យតំបន់រមណីយដ្ឋានអង្គរ មានដើមឈើកាន់តែច្រើន។ ដោយក្នុងរយៈពេល១៩ឆ្នាំកន្លងមកនេះ ដើមឈើសរុបប្រមាណ២លានដើមហើយ ត្រូវបានដាំដុះនៅក្នុងតំបន់អង្គរ នេះមិនបានរាប់បញ្ជូលការចែកចាយកូនឈើ ទៅកាន់ស្ថាប័នរដ្ឋ និងឯកជនឡើយ។

ឯកឧត្តមបានបញ្ជាក់ទៀតថា នៅក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣នេះ ក្រោយការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំឡើងវិញនៅក្នុងតំបន់អង្គរ ដោះស្រាយនូវបញ្ហាផលប៉ះពាល់ទេសភាពវប្បធម៌ និងតម្លៃជាសកលរបស់អង្គរ ទើបអាជ្ញាធរជាតិអប្សរា មានឱកាស
ដើម្បីបង្កើនការថែទាំនិងលើកតម្លៃតំបន់រមណីយដ្ឋានអង្គរ។ ក្នុងនោះចាប់ពីអំឡុងចុងឆ្នាំ២០២២ មកដល់បច្ចុប្បន្ន កូនឈើចម្រុះចំនួនជាង៤៧,០០០ដើម ត្រូវបានដំាដុះយ៉ាងឆាប់រហ័ស លើផ្ទៃដីទំនេរ នៅជុំវិញតំបន់អង្គរ។

ឯកឧត្តម បានគូសបញ្ជាក់បន្ថែមអំពីអត្ថប្រយោជន៍ជាច្រើនរបស់ដើមឈើ ជាពិសេសសម្រាប់ប្រាសាទបុរាណ ក្នុងនោះធាតុបីដែលមិនអាចចែកដាច់ពីគ្នាបាន រួមមាន៖ ទឹក ព្រៃឈើ និងប្រាសាទ។ ដូចយើងដឹងហើយថា ស្ថេរភាពរបស់ប្រាសាទ ត្រូវមានទំនាក់ទំនងនឹងទឹកក្រោមដី ដូច្នេះបើសិនជាយើងដាំដើមឈើ ដើមឈើទាំងនោះនឹងជួយកាត់បន្ថយភាពរំហួតនៃទឹកនៅក្រោមដី។

ក្នុងនោះដើមឈើ ដុះនៅជិតប្រាសាទ នឹងបញ្ចេញសំណើម ធ្វើរស្មីសំយោគ ជួយកាត់បន្ថយកម្តៅនៃប្រាសាទ ជាហេតុនាំឱ្យថ្មមិនងាយនិងប្រះ ឬរលំ ឬភាពសិករិករឹលនៃប្រាសាទ។ មួយវិញទៀត ព្រៃឈើ នឹងជួយកាត់បន្ថយល្បឿនខ្យល់ ដែលអាចមានផលប៉ះពាល់ទៅដល់ប្រាសាទបុរាណផងដែរ។

ឯកឧត្តមអគ្គនាយក មានប្រសាន៍បន្ថែមទៀតថា ទីតាំងដែលបានដាំស្មៅ និងកូនឈើឡើងវិញនេះ ជាទីតាំងល្អបំផុតនៅបរិវេណខាងមុខប្រាសាទអង្គរ ព្រោះទីនេះកន្លងមកជាកន្លែងដែលអាជ្ញាធរជាតិអប្សរា រៀបចំជាសំណង់សម្រាប់ដាក់សម្ភារៈ ដើម្បីបម្រើការងារជួសជុលស្ពានហាល និងការប្រើប្រាស់ផ្សេងៗ។

អាជ្ញាធរជាតិអប្សរា មានក្តីសង្ឈឹមថា ពីមួយថ្ងៃទៅមួយថ្ងៃ តំបន់អង្គរ នឹងកាន់តែមានភាពស្រស់បំព្រង ពោពេញទៅដោយព្រៃឈើ មានលក្ខណៈលម្អដល់ប្រាសាទ និងបន្ថែមគុណភាពនៃជីវិត សម្រាប់ភ្ញៀវទេសចរដែលចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ៕

 

អត្ថបទទាក់ទង