Close

ក្រសួងការបរទេស ច្រានចោលការផ្សាយព័ត៌មាន ដែលថាកម្ពុជាបានផ្ដល់ជំនួយយោធាទៅអ៊ុយក្រែន

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ក្រសួងការបរទេស ច្រានចោលការផ្សាយព័ត៌មាន ដែលថាកម្ពុជាបានផ្ដល់ជំនួយយោធាទៅអ៊ុយក្រែន ក្រសួងការបរទេស ច្រានចោលការផ្សាយព័ត៌មាន ដែលថាកម្ពុជាបានផ្ដល់ជំនួយយោធាទៅអ៊ុយក្រែន

តាមរយៈសេចក្តីថ្លែងការណ៍មួយជាភាសាអង់គ្លេស ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានប្រកាសបដិសេធចោលទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលថាប្រទេសកម្ពុជាបានផ្ដល់ជំនួយយោធាសម្រាប់ប្រទេសអ៊ុយក្រែន។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស ដែលត្រូវបានបកប្រែក្រៅផ្លូវការបានបញ្ជាក់ថាការសម្រេចចិត្តផ្ដល់ជំនួយផ្នែកបណ្ដុះបណ្ដាលបច្ចេកទេសដោះគ្រាប់មីន ដល់អ្នកដោះមីនមកពីប្រទេសអ៊ុយក្រែននៅប្រទេសកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការ JICA គឺធ្វើឡើងដោយផ្អែកលើគោលការណ៍មនុស្សធម៌សុទ្ធសាធ ដូចគ្នាទៅនឹងបេសកកម្មរក្សាសន្តិភាពនានារបស់កម្ពុជា នៅក្នុងតំបន់អាហ្វ្រិក និងមជ្ឈិមបូព៌ាដូច្នោះដែរ ក្រោមឆត្រអង្គការសហប្រជាជាតិ។

ជាមួយគ្នានោះ ក្រសួងការបរទេស បានជំរុញឱ្យ ChannelTelegram “Demografiya Upala” កែតម្រូវព័ត៌មានខាងលើឡើងវិញ ពីព្រោះធ្វើឱ្យប៉ះពាល់ដល់កម្ពុជា ក្នុងនាមជាប្រទេសមួយស្រឡាញ់សន្តិភាព ស្របទៅនឹងគោលនយោបាយការបរទេសអព្យាក្រឹត ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួនផងដែរ។

គួររំលឹកថា សិក្ខាកាមរបស់អ៊ុយក្រែន ទទួលបានការហ្វឹកហ្វឺនប្រកបដោយវិជ្ជាជីវៈ និងបទពិសោធន៍លើទីលានចំការមីនជាក់ស្តែង ក្រោមការសហការរវាងគ្រូជំនាញបច្ចេកទេស របស់អង្គភាពស៊ីម៉ាក់ រួមជាមួយនឹងការបង្ហាញបន្ថែម លើឧបករណ៍បច្ចេកវិទ្យាម៉ាស៊ីនរាវមីន រយៈពេលពេញ១សប្តាហ៍ ក្រោយពួកគេបានមកកម្ពុជា ដើម្បីរៀនសូត្រ និងទទួលយកបទពិសោធន៍នៃការដោះមីននៅកម្ពុជា។

ក្នុងវគ្គហ្វឹកហ្វឺននេះដែរ សិក្ខាកាមរបស់អ៊ុយក្រែន បានចាប់អារម្មណ៍យ៉ាងខ្លាំង ព្រមទាំងបានសិក្សាស្វែងយល់បន្ថែមទៀត ពីកម្លាំងជំនាញរបស់អង្គភាព CMAC ដែលកំពុងបំពេញប្រតិបត្តិការនៅចំការមីន ដែលអាចឆ្លើយតបទៅនឹងស្ថានភាព នៅប្រទេសអ៊ុយក្រែនផងដែរ ហើយក្រុមសិក្ខាកាមក៏បានចុះអនុវត្តជាក់ស្តែងនៅតាមខេត្តមួយចំនួនដូចជាខេត្តកំពង់ឆ្នាំង ខេត្តសៀមរាប និងខេត្តបាត់ដំបងជាដើម៕

អត្ថបទទាក់ទង