អូស្ត្រាលីប្រគល់រូបចម្លាក់បុរាណដ៏មានតម្លៃដែលត្រូវបានគេលួចមកឱ្យកម្ពុជាវិញ
ថ្មីៗនេះ វិចិត្រសាលជាតិអូស្ត្រាលី National Gallery of Australia, Canberra បានប្រគល់រូបចម្លាក់បុរាណសំរឹទ្ធដ៏មានតម្លៃចំនួន ៣ ពីការប្រមូលរក្សាទុកវត្ថុបុរាណពីអាស៊ីរបស់ខ្លួនមកកាន់ប្រទេសកម្ពុជាវិញ ដែលនេះជាលើកទីមួយហើយដែលវិចិត្រសាលធ្វើការប្រគល់បេតិកភណ្ឌវប្បធម៌បែបនេះ។
ឯកអគ្គរដ្ឋទូត វ៉ាយអេត មានឱកាសជួបពិភាក្សាជាមួយក្រុមការងារកម្ពុជា មុនពេលពួកគាត់ធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលីដើម្បីចូលរួមពិធីប្រគល់ជាផ្លូវការនូវរូបចម្លាក់បុរាណនេះ។ ពួកគាត់ពិតជាមានទឹកចិត្តស្រលាញ់ចំពោះបេតិកភណ្ឌវប្បធម៌របស់កម្ពុជាណាស់។
អូស្ត្រាលី និងកម្ពុជាបានចែករំលែកប្រវត្តិសាស្រ្តជាមួយគ្នាជាងប្រាំពីរទសវត្សរ៍មកហើយ ការប្រគល់មកវិញនូវរូបចម្លាក់បុរាណទាំងនេះ គឺជាឧទាហរណ៍នៃកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរបស់យើង។ វាពិតជាកិត្តិយសណាស់ ដែលយើងអាចការពារបេតិកភណ្ឌវប្បធម៌របស់ប្រទេសណាមួយ ព្រោះវាជាអត្តសញ្ញាណរបស់ប្រទេសជាតិនោះ៕