Close

រុស្ស៊ី នឹងផ្តល់ជំនួយជាគ្រាប់ធញ្ញជាតិច្រើនម៉ឺនតោនដល់ប្រទេសអាហ្វ្រិកក្រីក្រចំនួន៦

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
រុស្ស៊ី នឹងផ្តល់ជំនួយជាគ្រាប់ធញ្ញជាតិច្រើនម៉ឺនតោនដល់ប្រទេសអាហ្វ្រិកក្រីក្រចំនួន៦ រុស្ស៊ី នឹងផ្តល់ជំនួយជាគ្រាប់ធញ្ញជាតិច្រើនម៉ឺនតោនដល់ប្រទេសអាហ្វ្រិកក្រីក្រចំនួន៦

បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានប្រកាសក្នុងការផ្តល់ជំនួយជាគ្រាប់ធញ្ញជាតិទៅដល់ប្រទេសក្រីក្រក្នុងតំបន់អាហ្វ្រិកចំនួន៦ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្វ្រិក និងក្រោយពេលដែលរុស្ស៊ីទើបតែសម្រេចចិត្តដកខ្លួនចេញពីកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន។

កិច្ចប្រជុំកំពូលដែលមានរយៈពេល២ថ្ងៃនៅក្នុងទីក្រុង St. Petersburg និងកន្លែងកំណើតរបស់លោក Putin នោះត្រូវបានរំពឹងទុកថាជាការបង្ហាញ និងសាកល្បងនៃការគាំទ្ររបស់រុស្ស៊ីទៅឲ្យទ្វីបអាហ្រ្វិក និងការគាំទ្រត្រឡប់មកវិញដោយអាហ្វ្រិកបើទោះបីជាកន្លងមករុស្ស៊ីត្រូវបានដាក់នៅក្នុងភាពឯកោពីសំណាក់អន្តរជាតិក្តី ជាពិសេសអាមេរិក និងលោកខាងលិច ដោយសារតែប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅក្នុងអ៊ុយក្រែនតាំងតែពីឆ្នាំ២០២២។

គួរឲ្យដឹងដែរថា ប្រទេសរុស្ស៊ីកាលពីសប្តាហ៍មុនទើបតែបានសម្រេចបដិសេធមិនបន្តកិច្ចព្រមព្រៀងសម្រាប់នាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនឆ្លងកាត់តាមសមុទ្រខ្មៅទៅកាន់ទីផ្សារពិភពលោកដែលក្នុងនោះរួមមានទាំងអាហ្វ្រិកផងដែរ។ វាបានកំពុងតែបង្កទៅជាបញ្ហាវិបត្តិស្បៀងអាហារនៅទ្វីបដែលសំបូរទៅដោយពលរដ្ឋក្រីក្រមួយនេះ និងបានបង្កទៅជាបញ្ហាឡើងថ្លៃម្ហូបអាហារទៀតផង។

ថ្លែងនៅក្នុងកិច្ចប្រជុំទាំងមូល លោក Putin បានសន្យាផ្គត់ផ្គង់ដោយមិនគិតថ្លៃនូវគ្រាប់ធញ្ញជាតិទៅដល់ប្រទេសក្រីក្ររបស់អាហ្វ្រិកចំនួន៦ដោយក្នុងនោះលោកបានពោលបែបនេះថា ៖ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះពួកយើងនឹងធានាឲ្យបាននូវការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិពី ២៥,០០០តោន ទៅ ៥០,០០០តោនទៅកាន់ប្រទេស Burkina Faso, Zimbabwe, Mali, Somalia, Central Africa និង Eritrea ។

រំលឹកដែរថា កន្លងមកមួយឆ្នាំនេះកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិដែលរុស្ស៊ីធ្លាប់បានចូលរួមអាចអនុញ្ញាតិឱ្យគ្រាប់ធញ្ញជាតិប្រហែល៣៣លានតោនអាចដឹកជញ្ជូនចេញពីកំពង់ផែអ៊ុយក្រែន។ ក្នុងមួយរយៈពេលខ្លីទំហំនេះបានជួយថែរក្សាស្ថិរភាពតម្លៃស្បៀងអាហារពិភពលោក និងជៀសវាងការកង្វះខាតស្បៀងអាហារបានមួយចំនួនធំ។

គេជឿជាក់ថា មេដឹកនាំអាហ្វ្រិកតែ១៧រូបរួមទាំងប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa ប៉ុណ្ណោះដែលរំពឹងទុកថានឹងចូលរួមនៅក្នុងកិច្ចប្រជុំកំពូលរុស្ស៊ី – អាហ្វ្រិកដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍នេះ៕

អត្ថបទទាក់ទង