Close

អាមេរិកប្រកាសផ្គត់ផ្គង់មីស៊ីល២ប្រភេទឲ្យអ៊ុយក្រែនតម្លៃជាង ៤០០លានដុល្លារ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
អាមេរិកប្រកាសផ្គត់ផ្គង់មីស៊ីល២ប្រភេទឲ្យអ៊ុយក្រែនតម្លៃជាង ៤០០លានដុល្លារ អាមេរិកប្រកាសផ្គត់ផ្គង់មីស៊ីល២ប្រភេទឲ្យអ៊ុយក្រែនតម្លៃជាង ៤០០លានដុល្លារ

បរទេស ៖ កាលពីថ្ងៃពុធម្សិលមិញនេះមន្ទីរប៉ង់តាហ្គោនបានប្រកាសផ្តល់ជំនួយដើម្បីគាំទ្រដល់ផ្នែកសន្តិសុខថ្មីមួយទៀតទៅឲ្យប្រទេសអ៊ុយក្រែនដែលមានតម្លៃសរុបដល់ទៅជាង៤០០លានដុល្លារ។

ភ្លាមៗអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅប្រទេសអាមេរិក លោក Anatoly Antonov បានចេញមកប្រតិកម្មចំពោះការសម្រេចចិត្តនេះ ប៉ុន្តែបានត្រឹមហៅវាថាគឺជាសកម្មភាពដែលគ្មានសីលធម៍ និងគ្មានសុភវិនិច្ឆ័យនោះឡើយ។

សេចក្តីប្រកាសលំអិតដោយក្រសួងការពារជាតិអាមេរិកបានឲ្យដឹងទៀតថា កញ្ចប់អាវុធដែលមានតម្លៃរាប់រយលានដុល្លារទាំងនោះគឺមានដូចជាមីស៊ីលបាញ់ការពារអាកាស NASAMS និងមីស៊ីលសម្រាប់បាញ់កំទេចរថក្រោះ Javelin anti-tank ផងដែរ។​
ក្រៅពីនោះក៏មានបន្ថែមមកជាមួយនឹងគ្រាប់រំសេវជាតិផ្ទុះមួយចំនួន និងរួមទាំងរថយន្តដឹកទំនិញរបស់យោធាផង, ដ្រូនប្រយុទ្ថផង ព្រមទាំងឧបករណ៍យោធាផ្សេងទៀត។

ទោះបីជាយ៉ាងណាក្តី លោក Antonov បានរិះគន់ការសម្រេចចិត្តដោយនិយាយថា វាគឺជាសកម្មភាពរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដែលបន្តចាក់បញ្ចូលអាវុធទៅឲ្យអាយ៉ងរបស់ខ្លួនគឺអ៊ុយក្រែនដែលមានលក្ខណៈហួសពីក្រមសីលធម៌ និងសុភវិនិច្ឆ័យ។

ឯកអគ្គរដ្ឋទូតរុស្ស៊ីរូបនេះក៏បានធ្វើការចោទប្រកាន់អាមេរិកថាជាអ្នកនៅពីក្រោយផែនការភេរវកម្មរបស់ទីក្រុងគៀវរួមទាំងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅលើស្ពាន Crimean កាលពីដើមខែនេះ ដែលបានសម្លាប់ប្តីប្រពន្ធជនជាតិរុស្ស៊ី២នាក់ធ្វើឱ្យកូនស្រីរបស់ពួកគេរងរបួសទៀតផង។

គួរឲ្យដឹងដែរថា ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ សហរដ្ឋអាមេរិកគឺជាប្រទេសដែលលេចធ្លោជាងគេបំផុតក្នុងការគាំទ្រដ៏សំខាន់របស់ទីក្រុងគៀវ ហើយគិតមកទល់ពេលនេះជំនួយជាយោធាដែលបានផ្តល់ឲ្យមានទំហំដល់ទៅ៤៣ពាន់លានដុល្លារមកហើយ៕

អត្ថបទទាក់ទង