ADB អនុម័តប្រាក់កម្ចីចំនួន ៤០ លានដុល្លារ ដើម្បីគាំទ្រដល់កម្ពុជា ក្នុងការពង្រឹងបន្ថែមការផ្តល់សេវាសាធារណៈ
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន អនុម័តប្រាក់កម្ចីផ្អែកលើគោលនយោបាយចំនួន ៤០ លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងបន្ថែម ការផ្តល់សេវាសាធារណៈដោយរដ្ឋបាលមូលដ្ឋាន តាមរយៈកំណែទម្រង់ជាបន្តបន្ទាប់ក្នុងវិស័យហិរញ្ញវត្ថុសាធារណៈ និង វិមជ្ឈការ។
កម្ចីកម្មវិធីរងទី២ និងចុងក្រោយ ក្រោមកម្មវិធីអភិវឌ្ឍន៍វិស័យសេវាសាធារណៈ និងការគ្រប់គ្រងហិរញ្ញវត្ថុដែលបានធ្វើវិមជ្ឈការលើកទី២នេះ នឹងបញ្ចប់កំណែទម្រង់ជាបន្តបន្ទាប់ ដើម្បីពង្រឹងតួនាទី និងសមត្ថភាពរបស់រដ្ឋបាលមូលដ្ឋាន ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព។ កំណែទម្រង់ក្រោមកម្មវិធីរងទីពីរនេះ ត្រូវបានរៀបចំឡើងដើម្បីពង្រឹងការធ្វើផែនការនិងរៀបចំថវិកា ការគ្រប់គ្រងចំណូលនិងចំណាយ និងសមត្ថភាពបុគ្គលិកនៅកម្រិតរដ្ឋបាលមូលដ្ឋានដើម្បីផ្តល់សេវាកម្មប្រសើរឡើង, លើកកម្ពស់ការធ្វើផែនការរដ្ឋាភិបាលមូលដ្ឋាន, និង កែលម្អលទ្ធភាពទទួលបានសេវាសាធារណៈរបស់ ប្រជាពលរដ្ឋ។
នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា លោកស្រី Jyotsana Varma មានប្រសាសន៍ថា «កំណែទម្រង់ និងដំណោះស្រាយឌីជីថល ដែលត្រូវបានអនុវត្តក្នុងកម្មវិធីនេះនឹងជួយតម្រង់ផែនការកម្រិតមូលដ្ឋាន ជាមួយនឹងថវិកាជាតិ និងខេត្ត សម្រាប់ការផ្តល់សេវាសាធារណៈនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាពនិងសមធម៌ ដូចជាការទទួលបានទឹកស្អាត អនាម័យ និងការអប់រំជាដើម។ វិធានការដែលអនុវត្តក្នុងកម្មវិធីនេះក៏នឹងជំរុញការចូលរួមរបស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេចចិត្ត ក្នុងកម្រិតមូលដ្ឋានផងដែរ»។