Close

រដ្ឋមន្ត្រីការបរទេសនៅតំបន់មេគង្គ-គង្គាប្ដេជ្ញាចិត្តពង្រឹងការប្រើប្រាស់ និងគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានជាតិ
រដ្ឋមន្ត្រីការបរទេសនៅតំបន់មេគង្គ-គង្គាប្ដេជ្ញាចិត្តពង្រឹងការប្រើប្រាស់ និងគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព រដ្ឋមន្ត្រីការបរទេសនៅតំបន់មេគង្គ-គង្គាប្ដេជ្ញាចិត្តពង្រឹងការប្រើប្រាស់ និងគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព

ភ្នំពេញ ៖ រដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតបត្តិការមេគង្គ-គង្គា បានប្ដេជ្ញាចិត្ត ពង្រឹងកិច្ចសហប្រតិបត្តិការស្តីពីការប្រើប្រាស់ និងគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព និងបានស្វាគមន៍កិច្ចសហការជាមួយគណៈកម្មការ ទន្លេមេគង្គ ដើម្បីពង្រឹងលើកិច្ចសហប្រតិបត្តិការស្ដីពីបញ្ហានានាពាក់ព័ន្ធនឹងទឹក។ នេះបើយោងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហការប្រតបត្តិការអន្តរជាតិ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតបត្តិការមេគង្គ-គង្គាលើកទី១២ នៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ ដឹកនាំដោយសហប្រធាន ឯកឧត្តម សាឡឹមស កុម៉ាសិត (Saleumxay Kommasith) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស ឡាវ និងឯកឧត្តមបណ្ឌិត សុបប្រាម៉ានយ៉ាម ថៃសានកា (Subrahmanyam Jalshanka) រដ្ឋមន្ត្រីការបរទេសឥណ្ឌា។

កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតាមបណ្តាប្រទេសសមាជិកមេគង្គ។ ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម បានស្វាគមន៍ជំនួយរបស់ឥណ្ឌា តាមរយៈការអនុវត្តគម្រោងឆាប់ទទួលបានផលរបស់ខ្លួន ព្រមទាំងបានកត់សម្គាល់ថា មានគម្រោង ៧៨ ហើយ ដែលត្រូវបានបញ្ចប់ ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ២០១៥។

រដ្ឋមន្ត្រីទាំងអស់បានឯកភាព សម្រួលការអនុវត្តកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា តាមរយៈ ការធ្វើឱ្យប្រសើរឡើងនូវយន្តការប្រទេសដឹកនាំវិស័យនីមួយៗ នៃកិច្ចសហប្រតិបត្តិការ ក៏ដូចជាការ បង្កើតឡើងនូវក្រុមប្រឹក្សាធុរកិច្ចនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ដែលនឹងផ្តល់នូវការតម្រង់ទិស អន្តរកម្មនាពេលអនាគតលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាការពង្រីក សកម្មភាពសេដ្ឋកិច្ចតំបន់នានា។

រដ្ឋមន្ត្រីទាំងអស់ប្ដេជ្ញាចិត្ត ពង្រឹងកិច្ចសហប្រតិបត្តិការស្តីពីការប្រើប្រាស់ និងគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព និងបានស្វាគមន៍កិច្ចសហការជាមួយគណៈកម្មការ ទន្លេមេគង្គ ដើម្បីពង្រឹងលើកិច្ចសហប្រតិបត្តិការស្ដីពីបញ្ហានានាពាក់ព័ន្ធនឹងទឹក។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា បានលើកឡើងពីសារៈសំខាន់នៃផ្លូវល្បឿន លឿនត្រីភាគី ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងវប្បធម៌រវាងឥណ្ឌា និងបណ្ដាប្រទេសមេគង្គ និងបានវាយតម្លៃខ្ពស់ពីការប្តេជ្ញាចិត្ត របស់ឥណ្ឌាចំពោះការពង្រីកការតភ្ជាប់ភាគខាងកើតឆ្ពោះមកកាន់ប្រទេសកម្ពុជា ឡាវ និងវៀតណាម។

ការសាងសង់នូវផ្លូវល្បឿនលឿននេះ ក៏ជាការតភ្ជាប់ផងដែរ ទៅនឹងផែនការមេស្តីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ និងគោលនយោបាយឆ្ពោះមកទិសខាងកើតរបស់ឥណ្ឌា ដែលគោលនយោបាយទាំងពីរនេះ មានគោលបំណងធ្វើឱ្យកាន់តែប្រសើរនូវការតភ្ជាប់ក្នុងតំបន់។

ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានចង្អុលបង្ហាញទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា គួរតែផ្តោតសំខាន់លើបរិវត្តកម្ម ឌីជីថល បដិវត្តន៍បៃតង និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

កិច្ចប្រជុំបានអនុម័តលើសេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-គង្គា លើកទី១២ភ្ជាប់ជាមួយនឹងឧបសម្ព័ន្ធចំនួនពីររួមមាន ទស្សនាទានស្តីពីយន្តការប្រទេសដឹកនាំវិស័យ និងក្រុមប្រឹក្សាធុរកិច្ចនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា៕

អត្ថបទទាក់ទង