Close

ការមិនយកពន្ធលើដីកសិកម្មលក្ខណៈគ្រួសារ នឹងជួយសម្រាលជីវភាពរបស់ប្រជាកសិករ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ការមិនយកពន្ធលើដីកសិកម្មលក្ខណៈគ្រួសារ នឹងជួយសម្រាលជីវភាពរបស់ប្រជាកសិករ ការមិនយកពន្ធលើដីកសិកម្មលក្ខណៈគ្រួសារ នឹងជួយសម្រាលជីវភាពរបស់ប្រជាកសិករ

គោលនយោបាយលើកកម្ពស់សេដ្ឋកិច្ចពលរដ្ឋដោយមិនយកពន្ធលើដីកសិកម្មលក្ខណៈគ្រួសារ ជាកម្មវិធីគោលនយោយថ្មីរបស់គណៈបក្សប្រជាជនកម្ពុជាសម្រាប់ឆ្នាំ ២០២៣-២០២៨ ពោលគឺសម្រាប់ការបោះឆ្នោតអាណត្តិទី៧នេះ។

នេះជាគោលនយោបាយមួយ ក្នុងចំណោមគោលនយោបាយជាច្រើនផ្សេងទៀតរបស់បក្ស ដើម្បី​ធានា​ការការពារ និងលើកស្ទួយផលប្រយោជន៍របស់ប្រជាជន តាមរយៈការជំរុញការអនុវត្ត​ប្រកប​ដោយប្រសិទ្ធភាព។

អ្នកជំនាញសេដ្ឋកិច្ច លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា គោលនយោបាយនេះនឹងរួមចំណែក ជួយដល់សេដ្ឋកិច្ចរបស់ប្រជាកសិករកម្ពុជាមួយផ្នែកធំ ថ្វីបើការធ្វើកសិកម្មជាលក្ខណៈគ្រួសារនៅកម្ពុជាមិនទាន់មានកម្រិតល្អប្រសើរនៅឡើយ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានបញ្ជាក់ថា ៖ « ទោះជាយ៉ាងណាក៏ដោយ ទឹកប្រាក់បង់ពន្ធតិចតួចក្ដីក៏បានរួមចំណែក​ដល់គ្រួសារកសិករដែរ ដោយយើងដឹងថាកសិករ ដែលធ្វើកសិកម្មជាលក្ខណៈគ្រួសារមិនមែនជា​អ្នកមានចំណូលខ្ពស់ទេ គឺសុទ្ធសឹងតែជាអ្នកដែលមានចំណូលទាប ហើយពួកគាត់ក៏ជាអ្នករងគ្រោះ​ដោយវិបត្តិទីផ្សារផងដែរ»។

ការរងគ្រោះដោយសារវិបត្តិទីផ្សារនៅទីនេះ គឺលោកបណ្ឌិតចង់សំដៅលើទីផ្សារសម្រាប់លក់កសិផល ដែលមិនមានភាពទៀងទាត់ ធ្វើឱ្យកសិករដែលជាអ្នកផលិតផ្ទាល់មិនអាចគ្រប់គ្រងទីផ្សារបាន។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេថែមទាំងរងគ្រោះដោយសារវិបត្តិផលិតកម្មផងដែរ។

លោកបណ្ឌិតបន្តថា៖ «ផលិតកម្មរបស់គាត់ពឹងផ្អែកលើអាកាសធាតុទាំងស្រុង ហើយទោះជារដ្ឋា​ភិបាល​បានធ្វើប្រព័ន្ធស្រោចស្រពក៏ដោយ ប៉ុន្តែយ៉ាងណាពួកគាត់នៅមានបច្ចេកទេសក្នុងការប្រមូល​យកទឹកមកប្រើប្រាស់នៅមានកម្រិត ដូច្នេះហើយ ផ្គួបផ្សុំជាមួយនឹងការប្រែប្រួលអាកាសធាតុនេះ​គឺបានធ្វើឱ្យផលិតកម្មមិនមានភាពទៀតទាត់»។

ជារួម លោកបណ្ឌិតយល់ថា ការមិនបន្តយកពន្ធលើកសិកម្មលក្ខណៈគ្រួសារ បានរួមចំណែកដល់​កសិករមួយកម្រិតទៀត ជាពិសេសជំរុញឱ្យផលិតកម្មកសិកម្មមានភាពល្អប្រសើរជាងមុនបន្ថែម ទៀត។

គួរបញ្ជាក់ថា នៅក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ និងរម្លឹកខួបលើកទី ៧២ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១កក្កដា ឆ្នាំ២០២៣ កន្លងទៅ សម្ដេចតេជោបានគូសបញ្ជាក់អំពីគោលនយោបាយដើម្បីលើកស្ទួយផលប្រយោជន៍​របស់ប្រជាជនយ៉ាងដូច្នេះថា «បន្តមិនយកពន្ធលើដីកសិកម្មជាលក្ខណៈគ្រួសារ ជួយកសិករក្នុងការ​ពង្រីកផលិតកម្ម និងការរកទីផ្សារលក់កសិផលដោយថ្លៃសមរម្យ បែងចែកដី និងផ្ដល់កម្មសិទ្ធិដីជូន​គ្រួសារក្រីក្រគ្មានដី​ដែលបានអនុវត្តតាមលក្ខខណ្ឌសម្បទានដីសង្គមកិច្ច ទប់ស្កាត់ការទន្ទ្រានកាន់​កាប់ដីគ្រប់​ប្រភេទ​របស់រដ្ឋដោយខុសច្បាប់ និងបន្តធ្វើប្រទានកម្មដីជូនប្រជាជនរស់នៅ និងអាស្រ័យ​ផលលើទីតាំងដីរដ្ឋ​តាម​គោល​ការណ៍​ដែលរដ្ឋបានកំណត់»៕

អត្ថបទទាក់ទង