ក្រុមហ៊ុនកសាងព្រលានយន្តហោះអន្តរជាតិសៀមរាប សន្យាជំរុញការហោះហើរត្រង់កម្ពុជា-ចិនឱ្យបានច្រើន ក្រោយអាកាសយានដ្ឋាននេះសាងសង់រួចរាល់
ក្រុមហ៊ុន Yunnan Investment Holding Group ដែលជាក្រុមហ៊ុនកសាងអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានសន្យាចំពោះភាគីកម្ពុជាថានឹងជំរុញការហោះហើរត្រង់រវាងកម្ពុជា-ចិន ពិសេសពីទីក្រុង និងខេត្តសំខាន់ៗនៅប្រទេសចិនមកកាន់ខេត្តសៀមរាប ក្រោយអាកាសយានដ្ឋានអន្តរជាតិនេះសាងសង់រួចរាល់ ដើម្បីរួមចំណែកជំរុញលំហូរទេសចរអន្តរជាតិចូលមកកម្ពុជាឱ្យកាន់តែច្រើនឡើង។
ការសន្យានេះធ្វើឡើងកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយប្រតិភូក្រុមហ៊ុន Yunnan Investment Holding Group ដឹកនាំដោយលោក ឈួយ លូជុន (Qiu Lujun) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន នៅទីស្ដីការក្រសួងទេសចរណ៍។
លោក ឈួយ លូជុន បានបញ្ជាក់ថា មកដល់ពេលនេះ ដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបសម្រេចបានស្ទើរតែរួចរាល់ហើយ និងបានសាកល្បងការហោះហើរបានជោគជ័យហើយដែរ។ លោកក៏បានបញ្ជាក់បន្ថែមថា «អាកាសយានដ្ឋានអន្តរជាតិសៀមរាបនេះនឹងបើកដំណើរការនៅខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ»។
ប្រធានក្រុមប្រឹក្សាភិបាលនេះបានលើកឡើងពីការតភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុងមួយចំនួននៅខេត្តយូណាន ពិសេសគឺទីក្រុងស៉ីបសងផាន់ណា (Xishuangbanna/Sipsongpanna) មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប ខេត្តសៀមរាប និងជាឱកាសបង្កើនការទាក់ទាញភ្ញៀវទេសចរពីទីនោះមកកាន់ប្រទេសកម្ពុជា។
លោក ឈួយ លូជុន បានសន្យាថានឹងជួយផ្សព្វផ្សាយទាក់ទាញប្រជាជនចិនឱ្យមកលេងកម្ពុជា ពិសេសខេត្តសៀមរាប រាជធានីភ្នំពេញ ខេត្តព្រះសីហនុជាដើម។
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានឯកភាពទាំងស្រុងលើកិច្ចសហប្រតិបត្តិការជួយទាក់ទាញភ្ញៀវទេសចរ តាមរយៈអាកាសយានដ្ឋានអន្តរជាតិសៀមរាបនេះ និងបានចាត់មន្ត្រីជំនាញឱ្យត្រៀមជួយគាំទ្រ និងផ្ដល់កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Yunnan Investment Holding Group។
នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានស្នើក្រុមហ៊ុនឱ្យពិចារណាលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកទាក់ទាញទេសចរនៅខេត្តសៀមរាប ខណៈកម្ពុជាក៏មានផែនការមេ ស្ដីពីការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប ដោយបានកំណត់តំបន់ប៉ូលអភិវឌ្ឍន៍ធំៗចំនួន ០៦ រួមមាន តំបន់បេតិកភណ្ឌអង្គរនិងតំបន់ជុំវិញ តំបន់ទីក្រុងសៀមរាបចាស់ តំបន់ភ្នំគូលែន តំបន់បន្ទាយស្រី តំបន់ជាប់បឹងទន្លេសាប និងតំបន់ទីក្រុងសៀមរាបថ្មី។
ភាគីទាំងពីរបានឯកភាពលើការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ធំមួយ ដើម្បីជំរុញការផ្សព្វផ្សាយទៅដល់ភ្ញៀវទេសចរ ដៃគូពាក់ព័ន្ធ វិស័យឯកជន ក៏ដូចជាសាធារណជនជាតិ/អន្តរជាតិ មុនបើកដំណើរការជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីខាងមុខនោះ។
ភាគីទាំងពីក៏ចាប់អារម្មណ៍លើការទាក់ទាញភ្ញៀវទេសចរចិនតាមរយៈការធ្វើដំណើរតាមរថភ្លើងល្បឿនលឿន ដែលប្រតិបត្តិការទៅមករវាងទីក្រុងស៉ីបសងផាន់ណា និងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដោយស្នើឱ្យពិចារណាលើការតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿននេះឱ្យមកដល់កម្ពុជាតែម្ដង ព្រោះនេះក៏ជាមធ្យោបាយបង្កើនភាពទាក់ទាញភ្ញៀវទេសចររវាងប្រទេសចិន ឡាវ កម្ពុជា ថៃ និងភ្ញៀវទេសចរបរទេសផ្សេងទៀតដែរ៕