Close

បាត់ដំបង កំពុងរៀបចំឯកសារដាក់បញ្ចូលជាបណ្ដាញក្រុងមានភាពច្នៃប្រឌិតរបស់អង្គការយូនីស្កូ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានជាតិ
បាត់ដំបង កំពុងរៀបចំឯកសារដាក់បញ្ចូលជាបណ្ដាញក្រុងមានភាពច្នៃប្រឌិតរបស់អង្គការយូនីស្កូ បាត់ដំបង កំពុងរៀបចំឯកសារដាក់បញ្ចូលជាបណ្ដាញក្រុងមានភាពច្នៃប្រឌិតរបស់អង្គការយូនីស្កូ

ក្រសួងទេសចរណ៍ សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការយូណេស្កូប្រចាំកម្ពុជា រៀបចំសិក្ខាសាលាស្តីពី ការរៀបចំឯកសារដាក់បញ្ចូលទីក្រុងបាត់ដំបងជាសមាជិក “បណ្ដាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ”

នាថ្ងៃទី២៣-២៤ ខែឧសភា ឆ្នាំ២០២៣ ក្រសួងទេសចរណ៍ សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការយូណេស្កូប្រចាំកម្ពុជា រៀបចំសិក្ខាសាលាស្តីពី ការរៀបចំឯកសារដាក់បញ្ចូលទីក្រុងបាត់ដំបងជាសមាជិក “បណ្ដាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UNESCO Creative Cities Network-UCCN)” ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារប្រេស៊ីដង់ ខេត្តបាត់ដំបង។

សិក្ខាសាលាដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការអន្ដរជាតិនៃក្រសួងទេសចរណ៍ ឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកបច្ចេកទេសវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម ឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបង និងលោកបណ្ឌិត ម៉ាសាណូរី ណាហ្គាអូកា (Masanori Nagaoka) តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា និងមានការចូលរួមពីរដ្ឋបាលក្រុងបាត់ដំបង រដ្ឋបាលខេត្តបាត់ដំបង តំណាងរដ្ឋបាលខេត្តសៀមរាប តំណាងរដ្ឋបាលខេត្តកំពត តំណាងរដ្ឋបាលខេត្តក្រចេះ តំណាងវិស័យឯកជន សង្គមស៊ីវិល និងផ្នែកពាក់ព័ន្ធនានាក្នុងខេត្តបាត់ដំបង។

គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធទាំងអស់ក្នុងខត្តបាត់ដំបងដើម្បីស្វែងរកធាតុចូលបន្ថែមក្នុងការបំពេញសំណុំឯកសារចុងក្រោយក្នុងដាក់បញ្ចូលទីក្រុងបាត់ដំបង ជាសមាជិក “បណ្ដាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ” ព្រមជាមួយការផ្សព្វផ្សាយបណ្តាញ UCCN នេះ ទៅកាន់ទីក្រុងសក្តានុពលផ្សេងៗទៀតក្នុងប្រទេសកម្ពុជា ពិសេសក្រុងសៀមរាប ក្រុងក្រចេះ និងក្រុងកំពត ដែលអាចជាបេក្ខភាពបន្ទាប់ពីក្រុងបាត់ដំបង។

តាមការគ្រោងទុក កម្ពុជាគ្រោងនឹងបញ្ជូនឯកសារសម្រាប់ដាក់បញ្ចូលក្រុងបាត់ដំបងជាសមាជិក UCCN ឲ្យបានមុនបំណាច់ខែមិថុនា ឆ្នាំ២០២៣ ដែលជាឱសានវាទក្នុងការបញ្ជូនឯកសារសម្រាប់ឆ្នាំ២០២៣នេះ។

គួរបញ្ជាក់ថា បណ្ដាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ ឬហៅជាអង់គ្លេសថា UNESCO Creative Cities Network (UCCN) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៤ ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយ ឬក្នុងចំណោមទីក្រុងដែលបានកំណត់យកការច្នៃប្រឌិតជាកត្តាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាពលើវិស័យសេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន៕

អត្ថបទទាក់ទង