Close

វិស័យរដ្ឋ និងឯកជនសហការគ្នាជំរុញការលក់ផលិតផលខ្មែរឲ្យកាន់តែមានភាពទូលំទូលាយ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី៨ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានជាតិ
វិស័យរដ្ឋ និងឯកជនសហការគ្នាជំរុញការលក់ផលិតផលខ្មែរឲ្យកាន់តែមានភាពទូលំទូលាយ វិស័យរដ្ឋ និងឯកជនសហការគ្នាជំរុញការលក់ផលិតផលខ្មែរឲ្យកាន់តែមានភាពទូលំទូលាយ

ភ្នំពេញ ៖  ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម (តំណាងវិស័យរដ្ឋ) បានសហការជាមួយក្រុមហ៊ុន ភីធីធី (ខេមបូឌា) (តំណាងវិស័យឯកជន) អនុវត្ដគម្រោងជំរុញការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត។

ការសហការគ្នានេះត្រូវបានធ្វើឡើង ក្នុងគោលបំណងជួយជ្រោមជ្រែងលើកកម្ពស់ផលិតផលខ្មែរដែលជាផលិតផលលក្ខណៈគ្រួសារតូចៗ លើទីផ្សារក្នុងស្រុក ការអភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជា នៅលើមូលដ្ឋាននៃតម្លាភាព និងផលប្រយោជន៍សហគមន៍។

គម្រោងនេះបានអនុវត្ដដោយជោគជ័យក្នុងឆ្នាំ២០២២ និងដំណាក់កាលទី២ ត្រីមាសទី១ ឆ្នាំ២០២៣ រួចមកហើយ នៅរាជធានី-ខេត្ដចំនួន ១៦ តាមបណ្ដាស្ថានីយប្រេងឥន្ធនៈភីធីធីចំនួន ១៩។

ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ភីធីធី (ខេមបូឌា) នឹងសហការអនុវត្ដគម្រោងដដែលនៅរៀងរាល់ថ្ងៃសុក្រថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ ចាប់ពីម៉ោង ៨៖០០ព្រឹក ដល់ម៉ោង ១៧៖០០រសៀល នៅក្នុងរាជធានី-ខេត្ដ ចំនួន ១៣ តាមបណ្ដាស្ថានីយប្រេងឥន្ធនៈភីធីធីចំនួន ១៤ បន្តទៀត។

ស្ថានីយទាំង ១៤ នេះ គឺស្ថិតនៅស្ថានីយប្រេងឥន្ធនៈភីធីធីព្រៃកី រាជធានីភ្នំពេញ ស្ថានីយប្រេងឥន្ធនៈភីធីធីអូរចារខេត្ដបាត់ដំបង ស្ថានីយប្រេងឥន្ធនៈភីធីធីតាខ្មៅ ផ្លូវជាតិលេខ២១ ខេត្ដកណ្ដាល ស្ថានីយប្រេងឥន្ធនៈភីធីធីផ្ដៅជុំ២ (ស្គន់) ខេត្ដកំពង់ចាម ស្ថានីយប្រេងឥន្ធនៈភីធីធីក្រុងពោធិ៍សាត់ ខេត្ដពោធិ៍សាត់ ស្ថានីយប្រេងឥន្ធនៈភីធីធីឧដ្ដុង្គ និងក្រុងកំពង់ឆ្នាំង ខេត្ដកំពង់ឆ្នាំង ស្ថានីយប្រេងឥន្ធនៈភីធីធីបន្ទាយមានជ័យ ខេត្ដបន្ទាយមានជ័យ ស្ថានីយប្រេងឥន្ធនៈភីធីធីអង្គតាសោម ខេត្ដតាកែវ ស្ថានីយប្រេងឥន្ធនៈភីធីធីក្រុងស្វាយរៀង ខេត្ដស្វាយរៀង ស្ថានីយប្រេងឥន្ធនៈភីធីធីស្វាយអន្ទរ ខេត្ដព្រៃវែង ស្ថានីយប្រេងឥន្ធនៈភីធីធីក្រចេះក្រុង ខេត្ដក្រចេះ ស្ថានីយប្រេងឥន្ធនៈភីធីធីឃ្លាំងលើ ខេត្ដព្រះសីហនុ និងនៅស្ថានីយប្រេងឥន្ធនៈភីធីធីក្រុងស្ទឹងត្រែង ជិតរង្វង់មូលថ្មី ខេត្ដស្ទឹងត្រែង ដោយដាក់តាំងលក់ផលិតផលដូចជា៖ អាហារសម្រន់ បង្អែម ផ្លែឈើតាមរដូវកាលវត្ថុអនុស្សាវរីយ៍ សម្ភារៈធ្វើដោយដៃ និងបន្លែ ត្រី សាច់ជាដើម។

យោងតាមសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានកិត្ដិយសគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ “គាំទ្រផលិតផលខ្មែរ គឺថែរក្សាសេដ្ឋកិច្ចជាតិ” ដាក់ឱ្យប្រើពាក្យស្លោក “ប្រជាជនម្នាក់ទិញផលិតផលខ្មែរយ៉ាងតិចមួយមុខ”៕

អត្ថបទទាក់ទង