អាមេរិកអាចបោះពុម្ពក្រដាសប្រាក់ ២៥០ ដុល្លារ ដាក់រូបលោក Trump
វ៉ាស៊ីនតោន៖ ក្រសួងរតនាគារអាមេរិកកំពុងរៀបចំគម្រោងបោះពុម្ពក្រដាសប្រាក់ ២៥០ ដុល្លារ ដែលមានរូបលោកប្រធានាធិបតី Donald Trump ខណៈរដ្ឋបាលលោកកំពុងត្រៀមអបអរសាទរខួបលើកទី២៥០ នៃការបង្កើតសហរដ្ឋអាមេរិក។
បច្ចុប្បន្ន ច្បាប់អាមេរិកហាមមិនឱ្យប្រធានាធិបតីដែលនៅមានជីវិត បង្ហាញរូបលើរូបិយប័ណ្ណជាតិឡើយ។ ទោះជាយ៉ាងណា រដ្ឋបាលលោក Trump កំពុងត្រៀមសម្រាប់លទ្ធភាពដែលសភាអាចអនុម័តច្បាប់ពិសេស អនុញ្ញាតឱ្យបោះពុម្ពក្រដាសប្រាក់ថ្មីនេះ។
រដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent បានថ្លែងនៅសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ថា៖ «រឿងនេះស្ថិតនៅក្នុងដៃរបស់សភា (Capitol Hill)។ យើងបានរៀបចំការងារជាមុនរួចហើយ ប៉ុន្តែយើងនឹងគោរពតាមច្បាប់»។
លោក Bessent ក៏បានបន្ថែមថា លោកមិនយល់ថា មានអ្វី “មិនសមរម្យ” នោះទេ ក្នុងការឱ្យប្រធានាធិបតីដែលកំពុងកាន់តំណែង អំឡុងពេលខួបលើកទី២៥០ របស់ប្រទេស បង្ហាញរូបលើក្រដាសប្រាក់។

កាលពីឆ្នាំមុន លោក Joe Wilson សមាជិកសភាគណបក្សសាធារណរដ្ឋ មកពីរដ្ឋ South Carolina បានស្នើសេចក្តីព្រាងច្បាប់មួយ ដែលតម្រូវឱ្យក្រសួងរតនាគារបោះពុម្ពក្រដាសប្រាក់ ២៥០ ដុល្លារ ដោយមានរូបលោក Trump ប៉ុន្តែសេចក្តីព្រាងច្បាប់នេះ មិនទាន់ត្រូវបានលើកយកមកពិភាក្សានៅឡើយទេ។
កាសែត The Washington Post បានរាយការណ៍ថា មន្ត្រីតែងតាំងផ្នែកនយោបាយពីរនាក់របស់លោក Trump បានជំរុញឱ្យមានការរៀបចំគំរូក្រដាសប្រាក់ ២៥០ ដុល្លារថ្មី រួមទាំងគំរូរូបបញ្ឈររបស់លោក Trump ផងដែរ។ ក្នុងពេលធ្វើសន្និសីទសារព័ត៌មាននៅសេតវិមាន លោក Bessent ក៏បានលើកសេចក្តីព្រាងអត្ថបទរបស់ The Washington Post បង្ហាញអ្នកសារព័ត៌មានផងដែរ។
ប្រសិនបើសភាអនុម័តការផ្លាស់ប្តូរច្បាប់ លោក Trump នឹងក្លាយជាមនុស្សរស់ដំបូងគេ ចាប់តាំងពីឆ្នាំ១៨៦៦ ដែលមានរូបបង្ហាញលើរូបិយប័ណ្ណអាមេរិក។
ជាក់ស្តែង លោក Trump បានបង្កើតប្រវត្តិសាស្ត្ររួចមកហើយ ទាក់ទងនឹងការបោះពុម្ពប្រាក់។ កាលពីដើមឆ្នាំនេះ ក្រសួងរតនាគារបានប្រកាសថា ហត្ថលេខារបស់លោក Trump នឹងត្រូវបង្ហាញលើក្រដាសប្រាក់ថ្មីទាំងអស់ ដែលជាការផ្លាស់ប្តូរពីប្រពៃណីមុន ដែលប្រើហត្ថលេខារដ្ឋមន្ត្រីរតនាគារ និងមន្ត្រីហិរញ្ញវត្ថុជាតិ។
ការផ្លាស់ប្តូរទាំងនេះ ត្រូវបានមើលឃើញថា ជាផ្នែកមួយនៃនិន្នាការធំជាងមុន ដែលលោក Trump កំពុងដាក់សញ្ញាសម្គាល់របស់ខ្លួនលើស្ថាប័ន និងគម្រោងរដ្ឋាភិបាលនានា ក្នុងការអបអរសាទរខួបលើកទី២៥០ របស់អាមេរិក។

គម្រោងដែលកំពុងត្រូវបានពិចារណា រួមមាន លិខិតឆ្លងដែនអនុស្សាវរីយ៍ដែលមានរូបលោក Trump កាក់អនុស្សាវរីយ៍ និងប័ណ្ណចូលឧទ្យានជាតិ។
នៅទីក្រុងវ៉ាស៊ីនតោន រូបលោក Trump ក៏ត្រូវបានដាក់លើផ្ទាំងបដាមួយនៅក្រសួងយុត្តិធម៌ផងដែរ។ ឈ្មោះរបស់លោកក៏ត្រូវបានភ្ជាប់ជាមួយ Kennedy Center for the Performing Arts និងវិទ្យាស្ថានសន្តិភាពអាមេរិក (U.S. Institute of Peace)។
លើសពីនេះ រដ្ឋបាលរបស់លោកក៏បានដាក់ឈ្មោះគម្រោងគោលនយោបាយមួយចំនួន ដូចជា “Trump Accounts” ផងដែរ ដែលឆ្លុះបញ្ចាំងពីការប្រើប្រាស់យីហោផ្ទាល់ខ្លួនរបស់លោក Trump ដូចដែលលោកធ្លាប់ធ្វើក្នុងអាជីវកម្មរបស់លោក៕
Treasury Department prepares $250 bill with Trump’s face on it : NPR