កសិករម្នាក់ក្នុងស្រុកសូទ្រនិគម អាចរកប្រាក់ចំណេញ ៦លានរៀល ក្នុងមួយខែពីការចិញ្ចឹមទាយកពង
សៀមរាប៖ មុខរបរចិញ្ចឹមទាយកពង កំពុងក្លាយជាប្រភពចំណូលដ៏សំខាន់សម្រាប់កសិករ នៅក្នុងឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប អាចរកប្រាក់ចំណេញរហូត ៦លានរៀល ក្នុងមួយខែ និង មានទីផ្សារល្អអាចផ្គង់ផ្គង់គ្រប់គ្រាន់ដល់អតិថិជន បើទោះបីជាក្នុងរយៈពេលប្រមាណ៦ខែនេះ តម្លៃមានការធ្លាក់ចុះបន្តិចក៏ដោយ។
កសិករប្រកបរបរចិញ្ចឹមទាយកពង រស់នៅក្នុងភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប លោក នាង និស្ស័យ បានឱ្យដឹងថា ស្របនិងបទពិសោធន៍ចិញ្ចឹមជាច្រើនឆ្នាំ លោកបានសម្រេចចិត្តចាប់យករបរចិញ្ចឹមទាប្រមាណ ៣ឆ្នាំមកហើយ ដែលបច្ចុប្បន្នលោកមានទាចំនួន ២ ៧០០ក្បាល ដោយក្នុង១ថ្ងៃ អាចប្រមូលពងទាបានប្រមាណ ២ ៤០០គ្រាប់ ខណៈពងទាក្នុង១គ្រាប់ អាចលក់បានចន្លោះពី ៣៥០ ទៅ៤០០រៀល។

លោក នាង និស្ស័យ បានបានឱ្យដឹងទៀតថា មុខរបរនេះលោកបានចំណាយដើមទុនដំបូងប្រមាណ ១ម៉ឺនដុល្លារអាមេរិក ក្នុងការសាងសង់រោង និងការទិញពូជកូនយកមកចិញ្ចឹម និងត្រូវការមើលថែទាំដិតដល់រយៈពេល៦ខែ ទើបចាប់ផ្ដើមប្រមូលផល។ លោកថា ក្នុងពេលចិញ្ចឹមនេះ លោកក៏ទទួលបានការណែនាំពីបច្ចេកទេសថែទាំ ការបាញ់ថ្នាំសម្លាប់មេរោគ និងថ្នាំបំបាត់ក្លិនពីមន្ត្រីជំនាញកសិកម្មស្រុកផងដែរ។
កសិកររូបនេះ ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋផ្សេងទៀត អាចងាកមកចាប់យកចិញ្ចឹមទាជាលក្ខណៈគ្រួសារ ដែលមិនត្រឹមកាត់បន្ថយការចំណាយលើការទិញម្ហូបពីទីផ្សារនោះទេ ក៏អាចយកទៅលក់ផងដែរ ពីព្រោះសត្វទា មិនមែនចិញ្ចឹមយកតែពងមួយមុខប៉ុណ្ណោះទេ គេក៏អាចយកលាមក និងសាច់ទៅលក់បានផងដែរ។ លោកក៏បានអំពាវនាវឱ្យមានគាំទ្រនូវផលិតផលក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូលពីបរទេស និងបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាដើម៕ អត្ថបទ៖ មន្ទីរព័ត៌មានខេត្តសៀមរាប
