លោក Trump ច្រានចោលលក្ខខណ្ឌអ៊ីរ៉ង់ថា «មិនអាចទទួលយកបាន» ខណៈទីក្រុងតេអេរ៉ង់ព្រមានឆ្លើយតបការវាយប្រហារថ្មី
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ បានច្រានចោលលក្ខខណ្ឌរបស់អ៊ីរ៉ង់សម្រាប់បញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា ដោយហៅថា «មិនអាចទទួលយកបានទាំងស្រុង» ដែលបង្កើនក្តីបារម្ភថា ជម្លោះអាចផ្ទុះឡើងជាថ្មី បន្ទាប់ពីកិច្ចចរចាអស់រយៈពេលជាច្រើនសប្តាហ៍។
អ៊ីរ៉ង់បានឆ្លើយតបចំពោះសំណើសន្តិភាពចុងក្រោយរបស់សហរដ្ឋអាមេរិកនៅដើមថ្ងៃអាទិត្យនេះ ដោយព្រមានថា ខ្លួននឹងមិនដកថយពីការសងសឹក ប្រសិនបើមានការវាយប្រហារថ្មីពីសហរដ្ឋអាមេរិក ហើយក៏នឹងមិនអនុញ្ញាតឱ្យមាននាវាចម្បាំងបរទេសបន្ថែមចូលទៅក្នុងច្រកសមុទ្រ Hormuz ផងដែរ។
លោក Trump មិនបានបង្ហាញព័ត៌មានលម្អិតអំពីការឆ្លើយតបរបស់អ៊ីរ៉ង់នោះទេ ប៉ុន្តែក្នុងសារខ្លីមួយលើបណ្តាញសង្គម Truth Social លោកបានបញ្ជាក់យ៉ាងច្បាស់ថា លោកបដិសេធសំណើនោះ។
លោកបានសរសេរថា៖ «ខ្ញុំទើបតែបានអានការឆ្លើយតបពីអ្វីដែលគេហៅថា “អ្នកតំណាង” របស់អ៊ីរ៉ង់។ ខ្ញុំមិនចូលចិត្តវាទេ — TOTALLY UNACCEPTABLE!»។

ការប្រឈមមុខគ្នាថ្មីនេះកើតឡើង ខណៈនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដែលកងកម្លាំងរបស់លោកបានចូលរួមបើកសង្គ្រាមប្រឆាំងអ៊ីរ៉ង់ជាមួយសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៨ ខែកុម្ភៈ បានអះអាងថា ជម្លោះនេះនឹងមិនបញ្ចប់ឡើយ រហូតទាល់តែអ៊ីរ៉ង់ដកចេញស្តុកអ៊ុយរ៉ាញ៉ូមដែលបានចម្រាញ់ និងរុះរើរោងចក្រនុយក្លេអ៊ែររបស់ខ្លួន។
ទោះបីមានកិច្ចការទូតនៅពីក្រោយឆាកក៏ដោយ ទីក្រុងតេអេរ៉ង់នៅតែបន្តប្រកាន់ជំហររឹងមាំជាសាធារណៈ។
ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានបង្ហោះសារនៅលើបណ្តាញ X ថា៖ «យើងនឹងមិនឱនក្បាលចំពោះសត្រូវឡើយ។ ប្រសិនបើមានការចរចា ឬការសន្ទនា វាមិនមានន័យថា ការចុះចាញ់ ឬដកថយនោះទេ»។
យោងតាមទូរទស្សន៍រដ្ឋ IRIB ការឆ្លើយតបរបស់អ៊ីរ៉ង់ចំពោះផែនការសន្តិភាពរបស់សហរដ្ឋអាមេរិក ដែលបានផ្ញើតាមរយៈអ្នកសម្របសម្រួលប៉ាគីស្ថាន ផ្តោតលើការបញ្ចប់សង្គ្រាមនៅគ្រប់សមរភូមិ ជាពិសេសនៅលីបង់ ជាទីដែលអ៊ីស្រាអែលនៅតែបន្តប្រយុទ្ធជាមួយក្រុម Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់ ព្រមទាំងធានាសុវត្ថិភាពដល់ការដឹកជញ្ជូនតាមសមុទ្រ។

ទោះជាយ៉ាងណា សំណើនេះមិនបានបង្ហាញព័ត៌មានលម្អិតច្បាស់លាស់នោះទេ ខណៈសំណើរបស់សហរដ្ឋអាមេរិក ត្រូវបានរាយការណ៍ថា ផ្តោតលើការពង្រីកបទឈប់បាញ់នៅតំបន់ឈូងសមុទ្រ ដើម្បីបើកផ្លូវឱ្យមានការចរចាអំពីដំណោះស្រាយចុងក្រោយនៃជម្លោះ និងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
នៅក្នុងបទសម្ភាសន៍ជាមួយ CBS “60 Minutes” លោក Netanyahu បានបញ្ជាក់ថា ស្តុកអ៊ុយរ៉ាញ៉ូមដែលបានចម្រាញ់របស់អ៊ីរ៉ង់ ត្រូវតែដកចេញជាមុនសិន មុនពេលសង្គ្រាមអាចបញ្ចប់បាន។
លោកបាននិយាយថា៖ «វាមិនទាន់ចប់ទេ ព្រោះនៅមានសារធាតុអ៊ុយរ៉ាញ៉ូមដែលបានចម្រាញ់នៅក្នុងអ៊ីរ៉ង់។ កន្លែងចម្រាញ់នៅតែត្រូវរុះរើចេញ»។
លោក Netanyahu ក៏បានអះអាងថា លោក Trump មានទស្សនៈដូចគ្នា ទាក់ទងនឹងការដកស្តុកអ៊ុយរ៉ាញ៉ូមនេះដែរ។
មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា លោក Trump ត្រូវបានគេរំពឹងថា នឹងជំរុញប្រធានាធិបតីចិន លោក Xi Jinping ដែលជាអ្នកទិញប្រេងអ៊ីរ៉ង់ដ៏ធំបំផុត ឱ្យដាក់សម្ពាធលើទីក្រុងតេអេរ៉ង់ អំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងប៉េកាំងនៅសប្តាហ៍ក្រោយ។
ជាមួយគ្នានេះ កាសែត The Wall Street Journal បានរាយការណ៍ថា អ៊ីរ៉ង់បានស្នើឱ្យរក្សាទុកអ៊ុយរ៉ាញ៉ូមចម្រាញ់ខ្ពស់មួយផ្នែករបស់ខ្លួន ខណៈដែលផ្នែកដែលនៅសល់ ត្រូវផ្ទេរទៅកាន់ប្រទេសទីបី។
ប្រភពដដែលបានឱ្យដឹងថា អ៊ីរ៉ង់ក៏បានទាមទារការធានាថា អ៊ុយរ៉ាញ៉ូមដែលត្រូវផ្ទេរនោះ នឹងត្រូវប្រគល់មកវិញ ប្រសិនបើកិច្ចចរចាបរាជ័យ ឬសហរដ្ឋអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនៅពេលក្រោយ។
ទោះបីមានបទឈប់បាញ់រយៈពេលមួយខែកន្លងមកក៏ដោយ ការគំរាមកំហែងផ្នែកសន្តិសុខនៅតំបន់ឈូងសមុទ្រនៅតែបន្តកើតមាន។
កាលពីថ្ងៃអាទិត្យ ប្រទេសជាច្រើននៅតំបន់ឈូងសមុទ្រ បានរាយការណ៍ពីការរកឃើញយន្តហោះដ្រូនអរិភាព។ អេមីរ៉ាតអារ៉ាប់រួមបាននិយាយថា ប្រព័ន្ធការពារអាកាសរបស់ខ្លួនបានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកពីរគ្រឿង ដែលត្រូវបានបាញ់ចេញពីអ៊ីរ៉ង់។

ប្រទេសគុយវ៉ែតក៏បានរាយការណ៍ពីការប៉ុនប៉ងវាយប្រហារដែរ ដោយបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួនបានស្ទាក់ចាប់ «ដ្រូនអរិភាពមួយចំនួន» នៅក្នុងដែនអាកាសរបស់ខ្លួន។
ក្រសួងការពារជាតិកាតា បានឱ្យដឹងថា នាវាដឹកទំនិញមួយគ្រឿង ដែលធ្វើដំណើរពីអាប៊ុយដាប៊ី មកកាន់ដែនទឹករបស់កាតា ត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក។
មិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវភ្លាមៗនោះទេ ប៉ុន្តែទីភ្នាក់ងារព័ត៌មាន Fars របស់អ៊ីរ៉ង់ បានរាយការណ៍ថា នាវាដែលរងការវាយប្រហារនោះ កំពុងធ្វើដំណើរក្រោមទង់ជាតិអាមេរិក។
នៅក្នុងសារលើបណ្តាញសង្គម អ្នកនាំពាក្យគណៈកម្មការសន្តិសុខជាតិនៃសភាអ៊ីរ៉ង់ លោក Ebrahim Rezaei បានព្រមានថា៖ «ការអត់ធ្មត់របស់យើងបានដល់ទីបញ្ចប់ហើយ»។
លោកបានបន្ថែមថា ការវាយប្រហារលើនាវារបស់អ៊ីរ៉ង់ នឹងនាំឱ្យមានការឆ្លើយតប «រឹងមាំ និងដាច់ខាត» ប្រឆាំងនឹងនាវា និងមូលដ្ឋានរបស់សហរដ្ឋអាមេរិក។