Close

សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនមនុស្ស ១៨នាក់ ដាក់ពន្ធនាគារ ពាក់ព័ន្ធករណី Online Scams

ដោយ៖ Chhan Sreyka ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ
សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនមនុស្ស ១៨នាក់ ដាក់ពន្ធនាគារ ពាក់ព័ន្ធករណី Online Scams សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនមនុស្ស ១៨នាក់ ដាក់ពន្ធនាគារ ពាក់ព័ន្ធករណី Online Scams

ភ្នំពេញ៖ លោក ហុក ពៅ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាចំនួន ១៨ ផ្សេងគ្នា បង្គាប់ឱ្យឃុំខ្លួនក្រុមជនត្រូវចោទចំនួន ១៨នាក់ ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រព្រឹត្តនៅរាជធានីភ្នំពេញ។ យោងតាមដីកាចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ ក្រុមជនត្រូវចោទត្រូវបានដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ ឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៨០ ចំណុច ៥ នៃក្រមព្រហ្មទណ្ឌ។ តាមបញ្ញត្តិជនត្រូវចោទអាចត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ។

ក្នុងចំណោមជនត្រូវចោទទាំង ១៨នាក់ មានជនជាតិ ចិនចំនួន ១៤នាក់ ម៉ាឡេស៊ី ០២ នាក់ មីយ៉ាន់ម៉ា ០១នាក់ និងខ្មែរ ០១នាក់ ដែលភាគច្រើនស្នាក់នៅ និងធ្វើការក្នុងសណ្ឋាគារជីនបៀនមេនឌូ ស្ថិតនៅ ផ្លូវលេខ ១០១៩ ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាទីដែលសមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក។

សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនមនុស្ស ១៨នាក់ ដាក់ពន្ធនាគារ ពាក់ព័ន្ធករណី Online Scams

ជនត្រូវចោទទាំងនោះត្រូវបានចៅក្រមស៊ើបសួរបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១ (ម១) ចំពោះជនត្រូវចោទជាបុរស និងនៅមណ្ឌលអប់រំកែប្រែទី២ (ម២) ចំពោះជនត្រូវចោទជាស្ត្រី ដើម្បីរង់ចាំការអនុវត្តនីតិវិធីតុលាការ។

សូមបញ្ជាក់ថា ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ២០២៦នេះ ពោលគឺក្នុងរយៈពេល៩ខែ ចុងក្រោយ សមត្ថកិច្ចកម្ពុជាក្នុងរាជធានី-ខេត្តបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានចំនួនជាង២៥០ ករណី និងបានកសាងសំណុំរឿង បញ្ចូនទៅតុលាការចំនួន ៨០ករណី ពាក់ព័ន្ធជនសង្ស័យប្រមាណ៧៥០នាក់ មានជនជាតិចិន ថៃ វៀតណាម ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និងខ្មែរ។

សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ។ វិធានការដែលបាន និងកំពុងអនុវត្តទាំងនេះ នឹងអាចធ្វើអាចឱ្យកម្ពុជាឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅត្រឹមខែមេសានាពេលខាងមុខនេះ៕