Close

រដ្ខមន្ត្រីការបទេសអ៊ីរ៉ងរិះគន់លោក Macron ជុំវិញជំហរចំពោះសង្គ្រាមនៅមជ្ឈិមបូព៌ា

ដោយ៖ Chhan Sreyka ​​ | 4 ម៉ោងមុន ព័ត៌មានអន្តរជាតិ
រដ្ខមន្ត្រីការបទេសអ៊ីរ៉ងរិះគន់លោក Macron ជុំវិញជំហរចំពោះសង្គ្រាមនៅមជ្ឈិមបូព៌ា រដ្ខមន្ត្រីការបទេសអ៊ីរ៉ងរិះគន់លោក Macron ជុំវិញជំហរចំពោះសង្គ្រាមនៅមជ្ឈិមបូព៌ា

តេហេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាប់បាស់ អារ៉ាកជី (Abbas Araghchi) នៅថ្ងៃព្រហស្បតិ៍នេះ បានរិះគន់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដោយចោទប្រកាន់ថា លោកបានបរាជ័យក្នុងការថ្កោលទោសអ៊ីស្រាអែល និងសង្គ្រាមរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ ខណៈដែលលោកវិញបានសម្តែងការព្រួយបារម្ភចំពោះការសងសឹករបស់ទីក្រុងតេហេរ៉ង់។

កាលពីថ្ងៃពុធ លោក Macron បានអំពាវនាវឱ្យមានការផ្អាកការវាយប្រហារ បន្ទាប់ពីអ៊ីរ៉ង់បានវាយប្រហារលើរោងចក្រ Ras Laffan ដ៏សំខាន់របស់ប្រទេសកាតា ដែលជាផ្នែកមួយនៃវាលឧស្ម័នធំបំផុតមួយរបស់ពិភពលោក។

ការវាយប្រហារនេះ បានកើតឡើងបន្ទាប់ពីការវាយប្រហារលើទីតាំងរបស់អ៊ីរ៉ង់ នៅក្នុងវាលឧស្ម័នដូចគ្នា ដែលអ៊ីរ៉ង់ចែករំលែកជាមួយប្រទេសកាតា។

លោក Macron បាននិយាយក្នុងសារបង្ហោះនៅលើបណ្តាញ X ថា វាជាផលប្រយោជន៍រួមក្នុងការអនុវត្តដោយឥតពន្យារពេលនូវការផ្អាកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។ លោកក៏បានលើកឡើងពីការទំនាក់ទំនងជាមួយព្រះមហាក្សត្រកាតា លោក Sheikh Tamim bin Hamad Al-Thani និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ផងដែរ។

ជាការឆ្លើយតប លោក Araghchi បានបង្ហោះសារមួយលើបណ្តាញ X ដោយចោទប្រកាន់ថា លោក Macron មិនអើពើចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ឡើយ។

រដ្ខមន្ត្រីការបទេសអ៊ីរ៉ងរិះគន់លោក Macron ជុំវិញជំហរចំពោះសង្គ្រាមនៅមជ្ឈិមបូព៌ា

លោកបានបញ្ជាក់ថា ប្រធានាធិបតីបារាំង មិនបាននិយាយពាក្យណាមួយក្នុងការថ្កោលទោសសង្គ្រាមអ៊ីស្រាអែល-អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ ហើយក៏មិនបានបដិសេធការវាយប្រហារលើឃ្លាំងស្តុកប្រេងឥន្ធនៈនៅទីក្រុងតេហេរ៉ង់ កាលពីថ្ងៃទី៧ ខែមីនា ផងដែរ។

លោកបាននិយាយថា ការបញ្ចេញមតិរបស់លោក Macron នាពេលបច្ចុប្បន្ន មិនបានកើតឡើងបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើទីតាំងឧស្ម័នរបស់អ៊ីរ៉ង់ទេ ប៉ុន្តែកើតឡើងបន្ទាប់ពីការសងសឹករបស់អ៊ីរ៉ង់វិញ។ «គួរឱ្យសោកស្តាយ!» លោក Araghchi បាននិយាយ។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីដាណឺម៉ាក និងអ៊ីតាលី បានអំពាវនាវឱ្យមានការត្រួតពិនិត្យព្រំដែនកាន់តែតឹងរ៉ឹង ដោយព្រមានថា សង្គ្រាមនេះអាចបង្កឱ្យមានលំហូរជនចំណាកស្រុក និងជនភៀសខ្លួនចូលទៅក្នុងសហភាពអឺរ៉ុប។

លោកស្រី Mette Frederiksen និងលោកស្រី Giorgia Meloni បានសរសេរនៅក្នុងលិខិតរួមមួយថា អឺរ៉ុប មិនអាចប្រថុយឱ្យកើតឡើងវិញនូវស្ថានការណ៍ឆ្នាំ២០១៥-២០១៦ បានទេ នៅពេលដែលមានមនុស្សរាប់សែននាក់បានចូលមក។

មេដឹកនាំទាំងពីរ ដែលបានកាត់បន្ថយយ៉ាងខ្លាំងនូវអន្តោប្រវេសន៍នៅក្នុងប្រទេសរបស់ពួកគេ បានអំពាវនាវឱ្យគណៈកម្មការអឺរ៉ុបអនុម័តកញ្ចប់ជំនួយមនុស្សធម៌ចំនួន ៤៥៨ លានអឺរ៉ូ (៥២៧ លានដុល្លារ) ដើម្បីជួយកាត់បន្ថយចលនាប្រជាជនឆ្ពោះទៅកាន់តំបន់នេះ។

ជម្លោះដែលកំពុងបន្តនៅមជ្ឈិមបូព៌ា កំពុងបង្កការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅក្នុងវិស័យជាច្រើន ហើយមានហានិភ័យនៃការរីករាលដាលទៅតំបន់ដែលមានចលនាប្រជាជនខ្លាំង នេះបើយោងតាមខ្លឹមសារលិខិតដែលបានផ្ញើទៅមេដឹកនាំសហភាពអឺរ៉ុប៕