ជប៉ុន ចាប់ផ្តើមបញ្ចេញស្តុកប្រេងបម្រុង ខណៈសង្គ្រាមអ៊ីរ៉ង់បង្កវិបត្តិថាមពល
តូក្យូ៖ ប្រទេសជប៉ុនបានចាប់ផ្តើមបញ្ចេញប្រេងពីស្តុកបម្រុងបន្ទាន់របស់ខ្លួន ចំពេលមានវិបត្តិថាមពលពិភពលោក ដែលបង្កឡើងពីការបិទច្រកសមុទ្រ Hormuz ដោយអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
ការបញ្ចេញប្រេងនេះត្រូវបានប្រកាសនៅថ្ងៃចន្ទនេះ តាមរយៈសេចក្តីជូនដំណឹងមួយ ដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តីផ្លូវការរបស់រដ្ឋាភិបាលជប៉ុន។
នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi កាលពីសប្តាហ៍មុន បានប្រកាសផែនការបញ្ចេញប្រេងចំនួន ៨០លានបារ៉ែល ពីស្តុកបម្រុងរបស់ប្រទេស ដោយសារការព្រួយបារម្ភអំពីការផ្គត់ផ្គង់ប្រេង បន្ទាប់ពីអ៊ីរ៉ង់បានគំរាមកំហែងដល់ការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz។
លោក Takaichi បានប្រកាសវិធានការនេះភ្លាមៗ មុនពេល ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ប្រកាសថា ខ្លួននឹងសម្របសម្រួលការបញ្ចេញប្រេងបម្រុងរហូតដល់ ៤០០លានបារ៉ែល ពីប្រទេសសមាជិក ដើម្បីជួយរក្សាស្ថិរភាពទីផ្សារថាមពល ខណៈសង្គ្រាមរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់កំពុងបង្កភាពតានតឹង។

ទោះបីជាមានការប្រកាសរបស់ IEA ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសក៏ដោយ តម្លៃប្រេងនៅតែបន្តកើនឡើងលើសពី ១០០ដុល្លារ ក្នុងមួយបារ៉ែល ជាច្រើនដងក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ខណៈពាណិជ្ជករកំពុងវាយតម្លៃហានិភ័យនៃការរាំងខ្ទប់ផ្លូវដឹកជញ្ជូនថាមពលដ៏សំខាន់នេះ។
ក្រុមអ្នកវិភាគបានបញ្ជាក់ថា តម្លៃប្រេងអាចនឹងបន្តកើនឡើង ប្រសិនបើការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកប្រេងប្រហែល មួយភាគប្រាំនៃការផ្គត់ផ្គង់ប្រេងពិភពលោក នៅតែត្រូវបានរាំងខ្ទប់។
ទីក្រុងតូក្យូក៏បាននិយាយកាលពីថ្ងៃចន្ទផងដែរថា ជប៉ុនមិនមានគម្រោងបញ្ជូនកងទ័ពជើងទឹកទៅកាន់ច្រកសមុទ្រនេះទេ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានអំពាវនាវឱ្យប្រទេសសម្ព័ន្ធមិត្តចូលរួមការពារផ្លូវទឹកនេះ។
ចំពោះទីផ្សារប្រេងសកល ប្រេងឆៅប្រភេទ Brent ដែលជាស្តង់ដារតម្លៃសំខាន់សម្រាប់ទីផ្សារពិភពលោក បានកើនឡើងប្រហែល ៣ភាគរយ កាលពីថ្ងៃអាទិត្យ មុននឹងធ្លាក់ចុះបន្តិចនៅថ្ងៃចន្ទ។
គិតត្រឹមម៉ោង ០៥:៤៥ នាទី ម៉ោងសកល (GMT) តម្លៃប្រេង Brent មានតម្លៃ ១០៤,៨៥ ដុល្លារ ក្នុងមួយបារ៉ែល ដែលកើនឡើងជាង ៤០ភាគរយ ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមនៅថ្ងៃទី ២៨ ខែកុម្ភៈ។
ជប៉ុនគឺជាប្រទេសនាំចូលប្រេងដ៏ធំបំផុតមួយនៅលើពិភពលោក ដោយពឹងផ្អែកលើឥន្ធនៈហ្វូស៊ីលពីបរទេសប្រហែល ៨០ភាគរយ នៃតម្រូវការថាមពលរបស់ខ្លួន។
ប្រទេសអាស៊ីបូព៌ានេះក៏មានស្តុកប្រេងបម្រុងធំមួយផងដែរ ដែលអាចផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុកបានរយៈពេលប្រហែល ២៥៤ថ្ងៃ៕
