Close

លោក Netanyahu គ្រោងពិភាក្សាជម្រើសយោធាចំពោះអ៊ីរ៉ង់ជាមួយ លោក Trump

ដោយ៖ Chhan Sreyka ​​ | 13 ម៉ោងមុន ព័ត៌មានសន្តិសុខ
លោក Netanyahu គ្រោងពិភាក្សាជម្រើសយោធាចំពោះអ៊ីរ៉ង់ជាមួយ លោក Trump លោក Netanyahu គ្រោងពិភាក្សាជម្រើសយោធាចំពោះអ៊ីរ៉ង់ជាមួយ លោក Trump

វ៉ាស៊ីនតោន៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតានយ៉ាហ៊ូ គ្រោងពិភាក្សាអំពីជម្រើសប្រើយោធាដែលអាចអនុវត្តបានប្រឆាំងអ៊ីរ៉ង់ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោនសប្តាហ៍នេះ។

ការពិភាក្សានេះកើតឡើងខណៈសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុងចាប់ផ្តើមកិច្ចចរចាឡើងវិញ ហើយអ៊ីស្រាអែលកំពុងត្រៀមផែនការបម្រុង ប្រសិនបើការចរចាដួលរលំ។ នេះបើយោងតាមប្រភពមន្ត្រីអ៊ីស្រាអែលពីររូប។

ប្រភពមួយបានឱ្យដឹងថា អ៊ីស្រាអែលនៅតែមានការសង្ស័យចំពោះឱកាសជោគជ័យនៃការចរចាថ្មីៗនេះ ប៉ុន្តែចង់ធានាថា ផលប្រយោជន៍សន្តិសុខរបស់ខ្លួនត្រូវបានការពារ និងរក្សាសេរីភាពសកម្មភាពយោធា ក្នុងករណីមានកិច្ចព្រមព្រៀងណាមួយកើតឡើង។ លោក នេតានយ៉ាហ៊ូ ក៏គ្រោងបង្ហាញព័ត៌មានសម្ងាត់ថ្មីៗស្តីពីសមត្ថភាពយោធារបស់អ៊ីរ៉ង់ជូនលោក ត្រាំ ផងដែរ។

តាមការវាយតម្លៃរបស់អ៊ីស្រាអែល អ៊ីរ៉ង់កំពុងស្តារសមត្ថភាពមីស៊ីលផ្លោងរបស់ខ្លួនឡើងវិញ បន្ទាប់ពីជម្លោះរយៈពេល ១២ ថ្ងៃកន្លងមក។ ប្រសិនបើគ្មានសកម្មភាពទប់ស្កាត់ អ៊ីរ៉ង់អាចមានមីស៊ីលផ្លោងចន្លោះ ១,៨០០ ទៅ ២,០០០ គ្រាប់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ឬខែខាងមុខ។ ទោះយ៉ាងណា ការអះអាងនេះមិនទាន់អាចផ្ទៀងផ្ទាត់ដោយឯករាជ្យបានទេ ខណៈមន្ត្រីអ៊ីរ៉ង់បានបញ្ជាក់ជាបន្តបន្ទាប់ថា ប្រទេសខ្លួនមិនចង់បានសង្គ្រាម ប៉ុន្តែបានត្រៀមខ្លួនរួចរាល់ប្រសិនបើមានការវាយប្រហារ។

មុនចាកចេញទៅវ៉ាស៊ីនតោន លោក នេតានយ៉ាហ៊ូ បាននិយាយថា បញ្ហាអ៊ីរ៉ង់គឺជា “អាទិភាពទីមួយ និងសំខាន់បំផុត” ក្នុងរបៀបវារៈជំនួបជាមួយលោក ត្រាំ។ លោកបន្ថែមថា នឹងលើកយកគោលការណ៍សំខាន់ៗដែលអ៊ីស្រាអែលយល់ថា មានសារៈសំខាន់សម្រាប់សន្តិភាព និងសន្តិសុខក្នុងតំបន់មជ្ឈិមបូព៌ា។

ជំនួបនេះកើតឡើងបន្ទាប់ពីមានការទំនាក់ទំនងកម្រិតខ្ពស់ជាបន្តបន្ទាប់ រវាងមន្ត្រីសន្តិសុខនៃប្រទេសទាំងពីរ។ អ៊ីស្រាអែលកំពុងជំរុញឱ្យសហរដ្ឋអាមេរិកធានាថា កិច្ចព្រមព្រៀងណាមួយជាមួយអ៊ីរ៉ង់ ត្រូវរួមមានការបោះបង់ស្តុកអ៊ុយរ៉ាញ៉ូមដែលបានចម្រាញ់ បញ្ឈប់ការចម្រាញ់អ៊ុយរ៉ាញ៉ូមទាំងស្រុង កំណត់កម្មវិធីមីស៊ីលផ្លោង និងបញ្ចប់ការគាំទ្រក្រុមប្រូកស៊ីក្នុងតំបន់។

លោក Netanyahu គ្រោងពិភាក្សាជម្រើសយោធាចំពោះអ៊ីរ៉ង់ជាមួយ លោក Trump

ផ្ទុយទៅវិញ អ៊ីរ៉ង់បានបញ្ជាក់ថា ខ្លួនមានឆន្ទៈពិភាក្សាតែអំពីបញ្ហានុយក្លេអ៊ែរប៉ុណ្ណោះ។ លោក ត្រាំ កាលពីចុងសប្តាហ៍ បានបញ្ជាក់ថា កិច្ចព្រមព្រៀងដែលផ្តោតលើការទប់ស្កាត់អាវុធនុយក្លេអ៊ែរ អាចទទួលយកបាន បើទោះបីមិនគ្របដណ្តប់លើបញ្ហាផ្សេងទៀតក៏ដោយ ដោយលើកឡើងថា “អ្វីដែលសំខាន់គឺគ្មានអាវុធនុយក្លេអ៊ែរ”។

សម្រាប់លោក នេតានយ៉ាហ៊ូ សេណារីយ៉ូដែលគួរឱ្យព្រួយបារម្ភបំផុត គឺកិច្ចព្រមព្រៀងតូចចង្អៀត ដែលកំណត់តែការចម្រាញ់អ៊ុយរ៉ាញ៉ូម ប៉ុន្តែមិនប៉ះពាល់ដល់សមត្ថភាពយោធាផ្សេងៗរបស់អ៊ីរ៉ង់។ លោកធ្លាប់រិះគន់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ ដែលមានឈ្មោះថា Joint Comprehensive Plan of Action (JCPOA) ដែលចរចាក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី Barack Obama ដោយអះអាងថា វាបានទុកឱ្យអ៊ីរ៉ង់នៅសល់សមត្ថភាពសំខាន់ៗមួយចំនួន។

កាលពីខែមិថុនា ការវាយប្រហាររបស់អ៊ីស្រាអែលលើទីតាំងយោធា និងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ បានធ្វើឱ្យកិច្ចចរចារវាងវ៉ាស៊ីនតោន និងតេអេរ៉ង់ផ្អាកជាបណ្តោះអាសន្ន មុនពេលជម្លោះរយៈពេល ១២ ថ្ងៃត្រូវបានបញ្ចប់ដោយការអំពាវនាវឱ្យបញ្ឈប់ការវាយប្រហារបន្ថែម។

ក្រៅពីបញ្ហាអ៊ីរ៉ង់ លោក នេតានយ៉ាហ៊ូ និងលោក ត្រាំ ក៏ត្រូវពិភាក្សាអំពីស្ថានភាពនៅតំបន់ហ្គាហ្សា។ អ៊ីស្រាអែលបានបើកច្រក Rafah សម្រាប់ការឆ្លងកាត់មានកំណត់ ខណៈការចរចាបទឈប់បាញ់កំពុងបន្ត។ ទោះយ៉ាងណា លោក នេតានយ៉ាហ៊ូ នៅតែសង្កត់ធ្ងន់ថា ក្រុមហាម៉ាស់ត្រូវដកអាវុធ មុនពេលការកសាងឡើងវិញនៅតំបន់នេះអាចចាប់ផ្តើមបាន៕
https://edition.cnn.com/2026/02/10/middleeast/netanyahu-visit-washington-iran-talks-intl