Close

អ៊ីរ៉ង់ បង្ហាញភាពត្រៀមខ្លួនសម្រាប់ការទូត ខណៈពិចារណាចរចាជាមួយសហរដ្ឋអាមេរិក

ដោយ៖ Chhan Sreyka ​​ | 3 ម៉ោងមុន ព័ត៌មានអន្តរជាតិ
អ៊ីរ៉ង់ បង្ហាញភាពត្រៀមខ្លួនសម្រាប់ការទូត ខណៈពិចារណាចរចាជាមួយសហរដ្ឋអាមេរិក អ៊ីរ៉ង់ បង្ហាញភាពត្រៀមខ្លួនសម្រាប់ការទូត ខណៈពិចារណាចរចាជាមួយសហរដ្ឋអាមេរិក

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានថ្លែងកាលពីថ្ងៃចន្ទថា ទីក្រុងតេអេរ៉ង់បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការទូត និងបានបង្ហាញសេចក្តីសង្ឃឹមថា នឹងអាចឃើញលទ្ធផលជាក់ស្តែងមួយក្នុងពេលឆាប់ៗនេះ ខណៈអ៊ីរ៉ង់កំពុងពិចារណាលើលទ្ធភាពនៃការចរចាជាមួយសហរដ្ឋអាមេរិក។

លោក Araghchi បានបញ្ជាក់ថា អ៊ីរ៉ង់មិនដែលបោះបង់ចោលការទូត ដែលផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួមនោះទេ។ លោកក៏បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់រំពឹងឲ្យភាគីផ្សេងៗនិយាយជាមួយខ្លួនដោយការគោរព ហើយអ៊ីរ៉ង់នឹងឆ្លើយតបដោយការគោរពចំពោះអ្នកណាដែលប្រតិបត្តិតាមគោលការណ៍នេះ។

អ៊ីរ៉ង់ បង្ហាញភាពត្រៀមខ្លួនសម្រាប់ការទូត ខណៈពិចារណាចរចាជាមួយសហរដ្ឋអាមេរិក

ដោយឡែក ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ត្រូវបានរាយការណ៍ថា បានបញ្ជាឱ្យចាប់ផ្តើមការចរចាជាមួយសហរដ្ឋអាមេរិក។ ទីភ្នាក់ងារសារព័ត៌មាន Fars បានដកស្រង់ប្រភពមួយនៅក្នុងរដ្ឋបាល ដោយបញ្ជាក់ថា ការចរចានឹងធ្វើឡើងក្នុងក្របខ័ណ្ឌនៃបញ្ហានុយក្លេអ៊ែរ។

ទោះជាយ៉ាងណា បន្ទាប់មកក ទីភ្នាក់ងារសារព័ត៌មាន Fars បានកែប្រែខ្លឹមសាររបាយការណ៍ និងបានបញ្ជាក់ថា មិនទាន់មានការសម្រេចចុងក្រោយណាមួយ អំពីស្ថានភាពនៃការចរចានោះនៅឡើយទេ។

របាយការណ៍នេះស្របពេលជាមួយការលើកឡើងនៅព្រឹកថ្ងៃដដែល ដោយអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei ដែលបាននិយាយថា កិច្ចពិភាក្សារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក អាចនឹងធ្វើឡើងនៅប្រទេសតួកគី ក្នុងប៉ុន្មានថ្ងៃខាងមុខ។

អ៊ីរ៉ង់ បង្ហាញភាពត្រៀមខ្លួនសម្រាប់ការទូត ខណៈពិចារណាចរចាជាមួយសហរដ្ឋអាមេរិក

ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ លោក Baghaei បានបញ្ជាក់ថា ការចរចាណាមួយរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន នឹងធ្វើឡើងជាជំហានៗ។ លោកបានបន្ថែមថា ទន្ទឹមនឹងបញ្ហាគំរាមកំហែងផ្សេងៗ អាទិភាពសំខាន់បំផុតសម្រាប់សាធារណរដ្ឋអ៊ីស្លាម គឺការបន្ធូរបន្ថយទណ្ឌកម្ម ដែលលោកបានពិពណ៌នាថា ជាអាទិភាពមូលដ្ឋាន និងមិនអាចចរចាបាន។
លោក Baghaei ក៏បានថ្លែងអំណរគុណដល់ប្រទេសតួកគី ចំពោះតួនាទីរបស់ខ្លួនក្នុងការជួយកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់ផងដែរ។

ជាមួយគ្នានេះ ទីភ្នាក់ងារសារព័ត៌មាន Tasnim ដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានបញ្ជាក់ពីលទ្ធភាពនៃការចរចា ប៉ុន្តែបានបញ្ជាក់ថា ពេលវេលា និងទីកន្លែងមិនទាន់ត្រូវបានកំណត់ច្បាស់លាស់នៅឡើយទេ។ Tasnim បានរាយការណ៍ថា កិច្ចពិភាក្សាអាចនឹងធ្វើឡើងរវាងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi និងលោក Steve Witkoff បេសកជនពិសេសរបស់សហរដ្ឋអាមេរិក។
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និងអ្នកការទូតលោកខាងលិច បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃចន្ទថា លោក Witkoff និងលោក Araghchi អាចនឹងជួបគ្នានៅប្រទេសតួកគី ក្នុងប៉ុន្មានថ្ងៃខាងមុខ។

មន្ត្រីមួយរូបមកពីគណបក្សកាន់អំណាចរបស់តួកគី បានប្រាប់ Reuters ថា ទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បានព្រមព្រៀងគ្នាថា កិច្ចពិភាក្សានឹងផ្តោតលើវិស័យការទូត ដែលត្រូវបានគេមើលឃើញថា ជាជម្រើសជំនួសការប្រើកម្លាំងយោធារបស់សហរដ្ឋអាមេរិកដែលអាចកើតមាន។

ទន្ទឹមនឹងនេះ ទីភ្នាក់ងារសារព័ត៌មាន ISNA របស់អ៊ីរ៉ង់ បានរាយការណ៍ថា ប្រទេសកាតា និងប្រទេសអេហ្ស៊ីប ក៏ត្រូវបានចាត់ទុកថា ជាជម្រើសម្ចាស់ផ្ទះដែលអាចធ្វើទៅបាន សម្រាប់កិច្ចពិភាក្សានេះផងដែរ៕