អាជ្ញាធរខេត្តសៀមរាបជំរុញមគ្គុទ្ទេសក៍ទេសចរណ៍ គោរពនូវក្រមសីលធម៌វិជ្ជាជីវៈ
ភ្នំពេញ៖ លោកស្រី យូ សុភា សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប បានជំរុញដល់មគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ឱ្យយកចិត្តទុកដាក់ និងគោរពខ្ជាប់ខ្ជួននូវក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាការលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ និងរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព។
ការជំរុញនេះធ្វើឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងពេលោកស្រីចូលរួមក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលភាសាចិន ដើម្បីកសាងសមត្ថភាពកម្រិតខ្ពស់ សម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន នៅខេត្តសៀមរាប ក្រោមអថិបតីភាពលោកស្រី វណ្ណ សេរីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ដោយមានការអញ្ជើញចូលរួមពីលោកស្រី Zhong Jie ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងជាអគ្គទីប្រឹក្សាអមស្ថានទូតចិនប្រចាំកម្ពុជា និងប្រតិភូអមដំណើរ ព្រមទាំងក្រុមការងារជំនាញ។

លោកស្រី បានសង្កត់ធ្ងន់ថា មគ្គុទ្ទេសក៍ទេសចរណ៍ ពុំអាចខ្វះបាននូវវគ្គតម្រង់ទិស គ្រប់គ្រង ត្រួតពិនិត្យ និងការចូលរួមជំរុញឱ្យមគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់យកចិត្តទុកដាក់ គោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ ធានាបាននូវការលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ ប្រកបដោយនិរន្តរភាព និងរួមចំណែកដល់កិច្ចអភិវឌ្ឍវិស័យទេសចរណ៍។
លោកស្រីបន្ថែមថា ការគោរពនេះ នឹងធានាបាននូវការលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ ប្រកបដោយនិរន្តរភាព និងរួមចំណែកដល់កិច្ចអភិវឌ្ឍវិស័យទេសចរណ៍។
ចំណែក លោកស្រី វណ្ណ សេរីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា ការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យទេសចរណ៍ ចាំបាច់ត្រូវមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធ ទាំងផ្នែករដ្ឋ និងឯកជន ដើម្បីឆ្លើយតបបានទាំងបរិមាណ និងគុណភាព តាមតម្រូវការជាក់ស្ដែងនៃការវិវត្តវិស័យទេសចរណ៍។ វគ្គបណ្ដុះបណ្ដាលនេះ ជាយន្តការបណ្ដុះបណ្ដាលក្រោមកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការបណ្ដុះបណ្ដាលនៅនឹងកន្លែង ជូនដល់សិក្ខាកាមដែលមានជំនាញស្រាប់។

ជាមួយគ្នានេះ លោកស្រី Zhong Jie ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងជាអគ្គទីប្រឹក្សាអមស្ថានទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល ១០ថ្ងៃ ដោយមានគ្រូអ្នកជំនាញចិនដែលមានជំនាញវិជ្ជាជីវៈកម្រិតខ្ពស់ ចំនួន ៣រូប មកពីសាកលវិទ្យាល័យ និងសមាគមទេសចរណ៍ផ្សេងៗគ្នានៅក្នុងខេត្តយូណាន។
លោកស្រីបន្ថែមថា សម្រាប់ប្រធានបទសំខាន់នៃវគ្គបណ្ដុះបណ្ដាលនេះ ផ្ដោតលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព ការអភិវឌ្ឍអេកូទេសចរណ៍ សីលធម៌ និងវិជ្ជាជីវៈសេវាកម្មទេសចរណ៍ និងការប្រាស្រ័យទាក់ទងគ្នាឆ្លងវប្បធម៌។
សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងដោយវិទ្យាស្ថានវិជ្ជាជីវៈពាណិជ្ជកម្មអន្តរជាតិខេត្តយូណាន សហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងទេសចរណ៍ ដោយមានមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិនចូលរួមជាសិក្ខាកាមចំនួន ៥០នាក់៕
