កុមារាអាយុ ១០ឆ្នាំម្នាក់ស្លាប់ និងឪពុកកំពុងព្យាបាល ក្នុងករណីផ្ទុះគ្រាប់បែកចង្កោមដែលបន្សល់ទុកពីជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ
ភ្នំពេញ៖ កុមារា សឿន សុវណ្ណ អាយុ១០ឆ្នាំ បានស្លាប់ និងឪពុកកំពុងទទួលការព្យាបាល ក្នុងផ្ទុះគ្រាប់បែកចង្កោមដែលបន្សល់ទុកពីជម្លោះប្រដាប់អាវុធកម្ពុជា-ថៃថ្មីៗនេះ ដែលបានកើតឡើងនៅភូមិបង្គោលលេខ៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
តាមរយៈសាររំលែកទុក្ខនៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៥ លោក ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានបង្ហាញការសោកស្ដាយយ៉ាងជ្រាលជ្រៅ ចំពោះហេតុការណ៍ផ្ទុះគ្រាប់បែកចង្កោមដែលបន្សល់ទុកពីជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ នាថ្មីៗនេះ ដែលបណ្តាលឲ្យកុមារា សឿន សុវណ្ណ អាយុ១០ឆ្នាំ បានស្លាប់ និងឪពុករបស់កុមារា សៀន ស៊ុន រងរបួសធ្ងន់ បច្ចុប្បន្នកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ ១៦ មករា ខេត្តព្រះវិហារ។

លោក ទេសរដ្ឋមន្រ្តី លី ធុជ បាន យកឱកាសនេះពាំនាំនូវសេចក្តីអាឡោះអាល័យ និងការសោកស្ដាយជាពន់ពេកពី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ចំពោះការបាត់បង់អាយុជីវិតរបស់កុមារា សឿន សុវណ្ណ និងចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះគ្រួសារ និងសាច់ញាតិជនរងគ្រោះ។
ជាមួយគ្នានេះ លោក ទេសរដ្ឋមន្រ្តី លី ធុជឲ្យវិញ្ញាណកុមារា សឿន សុវណ្ណ កាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងសូមឲ្យឪពុកជនរងគ្រោះ សៀន ស៊ុន ឆាប់ជាសះស្បើយក្នុងពេលឆាប់ៗនេះ។
ជាថ្មីម្តងទៀត លោក ទេសរដ្ឋមន្រ្តី លី ធុជ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលឃើញគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមកុំប៉ះពាល់ ដំ គប់លេង ឫកែច្នៃផ្សេងៗ វាអាចបណ្តាលអោយផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល។

ជាមួយគ្នានេះ លោក ណែនាំឲ្យប្រតិបត្តិករសកម្មភាពមីន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងភាគីពាក់ព័ន្ធទាំងអស់ បន្តធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវហានិភ័យទាំងឡាយណា ដែលអាចបង្កគ្រោះថ្នាក់ជាយកថាហេតុណាមួយដល់ប្រជាពលរដ្ឋ ជាពិសេសកុមារាកុមារី។
លើសពីនេះទៀត លោកបានអះអាងគូសបញ្ជាក់ចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងការបន្តបោសសម្អាតមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាមដទៃទៀត ទាំងចាស់ ទាំងថ្មី ឱ្យអស់ពីទឹកដីកម្ពុជា ដេីម្បីឆ្ពោះទៅកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម និងគ្មានទុកប្រជាពលរដ្ឋណាម្នាក់បន្តរងគ្រោះ ទៀតឡើយ៕
