សភាកម្ពុជា-ទីម័រឡេស្តេ ជំរុញទំនាក់ទំនងការទូត ពាណិជ្ជកម្ម និងអប់រំ
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយលោកជំទាវ ម៉ារៀ ហ្វើណាន់ដា ឡៃ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅវិមានរដ្ឋសភា។
ជំនួបនេះធ្វើឡើងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសដែលលោកជំទាវអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១៦ នៃក្រុមអ្នកនយោបាយអន្តរសភាអាស៊ាន (AIPA Caucus)។
នាឱកាសនោះសម្តេច ឃួន សុដារី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូរដ្ឋសភាទីម័រឡេស្តេ ដោយចាត់ទុកថា នេះជាការបង្ហាញយ៉ាងច្បាស់ពីស្មារតីមិត្តភាព សាមគ្គីភាព និងឆន្ទៈដ៏មោះមុតក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ជាពិសេសរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ។
សម្តេចបានសង្កត់ធ្ងន់ថា វត្តមានរបស់ទីម័រឡេស្តេ ក្នុងកិច្ចប្រជុំ AIPA Caucus បញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចដើម្បីក្លាយជាសមាជិកផ្លូវការរបស់ AIPA នាពេលខាងមុខ។ សម្តេចក៏បានបញ្ជាក់ផងដែរថា សម្តេចតេជោ ហ៊ុន សែន (បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា) បានគាំទ្រជានិច្ចឱ្យទីម័រឡេស្តេ ក្លាយជាសមាជិកទី១១ របស់អាស៊ាន និង AIPA។
ជាការឆ្លើយតប លោកជំទាវ ម៉ារៀ ហ្វើណាន់ដា ឡៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការស្វាគមន៍ និងការគាំទ្ររបស់កម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ចំពោះសមាជិកភាពរបស់ទីម័រឡេស្តេក្នុងអាស៊ាន។ លោកជំទាវជឿជាក់ថា ការគាំទ្រនេះនឹងក្លាយជាកាលានុវត្តន៍ថ្មីសម្រាប់ការចូលរួមរបស់ទីម័រឡេស្តេក្នុងការកសាងសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់។
ពាក់ព័ន្ធនឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ប្រធានរដ្ឋសភាទាំងពីរបានពិភាក្សាគ្នាលម្អិតអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសភាប្រទេសទាំងពីរ រួមមាន៖ ការជំរុញឱ្យមានការចុះ អនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋសភាទាំងពីរ។ ការពង្រីកទំនាក់ទំនងប្រជាជននិងប្រជាជន តាមរយៈការភ្ជាប់ ជើងហោះហើរត្រង់ រវាងប្រទេសទាំងពីរ។ ការជំរុញ វិស័យពាណិជ្ជកម្ម ដែលកម្ពុជាមានអង្ករ ចំណែកទីម័រឡេស្តេមានប្រេង។ និង ការលើកកម្ពស់ សមភាពយេនឌ័រ និងការចូលរួមយ៉ាងសកម្មរបស់ស្ត្រី។
ដោយឡែក បញ្ហាភាពតានតឹងព្រំដែនកម្ពុជា-ថៃ សម្តេច ឃួន សុដារី បានលើកឡើងថា កម្ពុជាតែងប្រកាន់ខ្ជាប់នូវគោលការណ៍រួមរស់ដោយសន្តិភាព និងការគោរពច្បាប់អន្តរជាតិ។ សម្តេចបានលើកពីជម្លោះព្រំដែនបច្ចុប្បន្នរវាងកម្ពុជា-ថៃ ដោយបញ្ជាក់ថា កម្ពុជាបានអនុវត្តមធ្យោបាយស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈការចរចាទ្វេភាគី និងការគោរពច្បាប់អន្តរជាតិ ដើម្បីឈានទៅរក “ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ”។
លោកជំទាវ ម៉ារៀ ហ្វើណាន់ដា ឡៃ បានស្តាប់ដោយយកចិត្តទុកដាក់ និងបានចែករំលែកបទពិសោធន៍របស់ទីម័រឡេស្តេក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង។ លោកជំទាវបានគូសបញ្ជាក់ថា បញ្ហាព្រំដែនមិនអាចដោះស្រាយដោយសង្គ្រាម ឬហិង្សានោះទេ មានតែ ការសន្ទនា ប៉ុណ្ណោះ ទើបអាចកសាងបាននូវព្រំដែនសន្តិភាព និងកិច្ចសហប្រតិបត្តិការបានយូរអង្វែង៕