មនុស្ស ៩៣៥នាក់ បានស្លាប់ក្នុងប្រទេសអ៊ីរ៉ង់ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល
DUBAI៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuter កាលពីថ្ងៃចន្ទ ឱ្យដឹងថា អ្នកនាំពាក្យតុលាការអ៊ីរ៉ង់បាននិយាយថា មនុស្សប្រហែល ៩៣៥នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ ក្នុងអំឡុងពេលសង្គ្រាមតាមផ្លូវអាកាសរយៈពេល ១២ថ្ងៃជាមួយអ៊ីស្រាអែល ដោយផ្អែកលើទិន្នន័យកោសល្យវិច្ច័យចុងក្រោយ។
អ្នកនាំពាក្យលោក Asghar Jahangir បាននិយាយថា ក្នុងចំណោមអ្នកស្លាប់ទាំងនោះមានកុមារ ៣៨នាក់ និងស្ត្រី ១៣២នាក់។
ចំនួនអ្នកស្លាប់បានកើនឡើងយ៉ាងខ្លាំង ដោយក្រសួងសុខាភិបាលអ៊ីរ៉ង់ធ្លាប់បានបញ្ចេញតួលេខសរុបចំនួន ៦១០នាក់ មុនពេលបទឈប់បាញ់ចូលជាធរមាននៅថ្ងៃអង្គារសប្តាហ៍មុន។
លោក Jahangir ក៏បានកែប្រែចំនួនមនុស្សស្លាប់ក្នុងពន្ធនាគារ Evin របស់ក្រុងតេអេរ៉ង់ដែលកើនពី ៧១នាក់ ដល់ ៧៩នាក់។
អ៊ីស្រាអែលបានចាប់ផ្តើមសង្រ្គាមផ្លូវអាកាសកាលពីថ្ងៃទី១៣ ខែមិថុនា ដោយវាយលុកទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ និងបានសម្លាប់មេបញ្ជាការយោធាកំពូល ក៏ដូចជាជនស៊ីវិលនៅក្នុងការវាយប្រហារដ៏សាហាវបំផុតចំពោះសាធារណរដ្ឋអ៊ីស្លាម ចាប់តាំងពីសង្រ្គាមឆ្នាំ១៩៨០ជាមួយអ៊ីរ៉ាក់៕